Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ គ្រោង​យកបុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ ចុងឆ្នាំ​នេះ ជាការ​ពង្រឹងគុណភាព​សេវាកម្ម និង​ធានា​សុវត្ថិភាព​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ នាពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្រសួង គ្រោង​នឹង​យកបុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ ចុងឆ្នាំ​២០២០​នេះ ជាការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធានា​សុវត្ថិភាព​ទេសចរណ៍​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា «​ក្នុងករណី​ដែល​សភាពការណ៍​កូ​វីដ​បាន​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​អនុញ្ញាត ក្រសួងទេសចរណ៍​គ្រោង​កំណត់​យក​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ នា​ចុងឆ្នាំ​២០២០​នេះ ជា​យុទ្ធនាការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធានាបាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​មាន​គុណភាព​សេវាកម្ម​ទេសចរណ៍​ល្អប្រសើ​ជាង​មុន​»​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ការរៀបចំ​ទីក្រុង​ទំនើប​នៅ​ក្រុងព្រះសីហនុ បាននិងកំពុង​ធ្វើ​ប្រកបដោយ​ភាព​ទាក់ទាញ រីឯ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ជិត​បង្ហើយ​ការរៀបចំ​ដែរ ប៉ុន្តែ​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ការរៀបចំ​កែលម្អ​រមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវ​បន្ត​ការរៀបចំ​ឱ្យ​ល្អប្រសើរ​ផងដែរ ដើម្បី​ត្រៀម​ឱ្យបាន​រួចស្រេច​នៅពេល​កំណើន​ភ្ញៀវ​ទេសចរណ៍​ងើបឡើង​វិញ ពិសេស​នៅពេល​ភ្ញៀវទេសចរ​ក្នុងស្រុក​កំពុងមាន​សកម្មភាព​ងើបឡើង​វិញ បូករួម​នឹង​ការដាក់ឱ្យ​អនុវត្ត​ក្រម​ប្រតិបត្តិ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ថ្មី (New Normal) ដែលមាន​នៅក្នុង​សេវាកម្ម​ទេសចរណ៍​នានា​។

​លោក បាន​បន្ត​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​រៀបចំ​កែលម្អ​ឡើងវិញ​នូវ​បញ្ជរ​ព័ត៌មាន​ទេសចរណ៍ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួយ​ដល់​ទេសចរ ក្នុងការ​ទទួលបាន​ព័ត៌មាន​ទេសចរណ៍​នៅក្នុង​ខេត្ត ឬ​នៅតាម​គោលដៅ​ទេសចរណ៍​នានា ពិសេស​ត្រូវ​រៀបចំ​ឱ្យមាន​សៀវភៅ​បង្ហាញផ្លូវ​ទេសចរណ៍ (Book Guide) និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​។​

​ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ដាក់​ផែនការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នា​ចុងឆ្នាំ​២០២០​។ លោក​អភិបាលខេត្ត បាន​ណែនាំ​ទៅកាន់​មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​កិច្ចការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ខាងមុខនេះ​ឱ្យបាន​សស្រាក់សស្រាំ ពិសេស​មន្ទីរ​រ៉ែ និង​ថាមពល​ត្រូវ​ព​ន្លឿ​ន​លើ​ការងារ​ត​បណ្ដាញ​អគ្គិសនី​នៅតាម​ផ្លូវ​ថ្មីៗ​។ ចំណែក​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវ​ព​ន្លឿ​ន​កា​រត​បណ្ដាញ​ទឹកស្អាត​នៅតាម​តំបន់​ផ្សេងទៀត​ផងដែរ ពិសេស​គឺ​ទៅដល់​ទីតាំង​ដែល​ត្រៀម​ប្រារព្ធ​ពិធី​ឱ្យបាន​កាន់តែ​ឆាប់​៕
​ដោយ​៖CEN

spot_img
×