Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ​៖ ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០,​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​ការដាក់ចេញ​វិធានការ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា ក្នុងការ​អបអរសាទ​រ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ទៅតាម​ខែ​នីមួយៗ​ក្នុង​ឆ្នាំ​២០២០ រួមមាន ១/- ខែមករា​៖ កសិកម្ម ២/- ខែកុម្ភៈ​៖ យុវជន ការអប់រំ និង​បច្ចេកវិទ្យា ៣/- ខែមីនា​៖ ស្ត្រី និង​សមភាព​យេនឌ័រ ៤/- ខែមេសា​៖ បរិស្ថាន ៥/- ខែឧសភា​៖ សុខភាព​សាធារណៈ ៦/- ខែមិថុនា​៖ ទំនាក់ទំនង​រវាង​ប្រជាជន ៧/- ខែកក្កដា​៖ ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ៨/- ខែសីហា​៖ ជំនួយ​មនុស្សធម៌ ៩/- ខែកញ្ញា​៖ ពាណិជ្ជកម្ម​និង​ការវិនិយោគ ១០/- ខែតុលា​៖ ការពង្រឹង​ច្បាប់ ១១/- ខែវិច្ឆិកា​៖ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​/​អាស៊ាន និង​១២/- ខែធ្នូ​៖ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។

​ក្នុងនោះដែរ ឯកឧត្តម ទេសាភិបាល បាន​សម្តែង​ការស្វាគមន៍​ចំពោះ ឯកឧត្តម W. Patrick Murphy ដែល​បាន​ឆ្លៀតឱកាស​អញ្ជើញ​មក​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ជម្រាបជូន​អំពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​។ ឯកឧត្តម​ថា ផលប៉ះពាល់​ដោយសារ​ឥទ្ធិពល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​ថមថយ ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​។ ទោះយ៉ាងណា វិស័យ​កសិកម្ម​និង​វិស័យ​ធនាគារ​ក៏​នៅតែ​បន្ត​កើនឡើង​។ ប៉ុន្តែ​ក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សាច់ប្រាក់​ក្នុង​ដៃ​គ្រប់គ្រាន់ និង​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​ជួយ​សម្រាល​ការលំបាក របស់​អតិថិជន ដែល​រង​ឥទ្ធិពល​នៃ​វិបត្តិ​សុខភាព​ពិភពលោក ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម ទេសាភិបាល ក៏បាន​ជម្រាបជូន​អំពី ការពង្រឹង​មូលដ្ឋាន​គតិយុត្តិ កាតព្វកិច្ច​របស់​បុគ្គ​ល​រាយការណ៍ និង​ចំណេះដឹង​របស់​វិស័យ​សាធារណៈ​និង​ឯកជន លើ​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម (AML-CFT) ហើយ​នាពេល​ថ្មីៗ​នេះ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត​នាពេល​ឆាប់ៗ​នេះ​។

​ឯកឧត្តម ទេសាភិបាល ក៏បាន​លើកឡើង​អំពី​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ការស្តារ និង​ពង្រឹង​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ ក៏ដូចជា​ការពង្រឹង​គោលនយោបាយ លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ទេសាភិបាល បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​អាមេរិក ដែល​បាន​គាំទ្រ​និង​ផ្តល់ជំនួយ​បច្ចេកទេស ដល់​កម្ពុជា ហើយដោយ​ឡែក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ជំនួយ​បច្ចេកទេស ពី​រដ្ឋាភិបាល​អាមេរិក បានរួម​ចំណែក​ក្នុងការ​ពង្រឹង​ការត្រួតពិនិត្យ ការវិភាគ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រព័ន្ធ​រាយការណ៍ តាម​អេឡិចត្រូនិក របស់​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (FIU)៕

​ដោយ​៖CEN​

spot_img
×