Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសភាព​ទឹកធ្លាក់​ព្រះ​និម្មិត នៅ​ប៉ែក​ឦសាន ប្រទេស​កម្ពុជា​

spot_img

ស្ទឹងត្រែង​៖ តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​ឡាវ នៅតែ​បង្ហាញ​សម្រស់​ទាក់ទាញ ដល់​អ្នកទេសចរ ក្នុង​ដំណើរ​កម្សាន្ត​។​

​បើ​បាន​ទៅដល់​ទីនោះ តែងតែ​លាន់មាត់​ថា គឺជា​ឋានសួគ៌​មួយ នៅ​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា​។​
អ្នកលក់ដូរ​នៅ​ទីនោះ បាន​ប្រាប់​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​តែងតែ​ទៅ​កម្សាន្ត នៅ​ទឹកធ្លាក់​ព្រះ​និមិត​ជា​រៀងរាល់ថ្ងៃ​។ តែបើ​ថ្ងៃ​បុណ្យជាតិ​ឈប់សម្រាក ភ្ញៀវទេសចរ​សម្រុក​ទៅ​កាន់តែច្រើន​។​

ទឹកធ្លាក់​ព្រះ​និមិត ស្ថិតក្នុង​ឃុំ​កំពង់​ស្រឡៅ ២ ស្រុក​ឆែប ខេត្តព្រះវិហារ​។ ដោយ​ម្ខាង​ទៀត គឺជា​ទឹកដី​ព្រំដែន​ប្រទេស​ឡាវ​។ ណាមួយ​ទៀត ជាប់ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ របស់​ខេត្តស្ទឹងត្រែង​។​

អ្នកទេសចរ​តែង​យល់ច្រឡំ​ថា ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ស្ថិតនៅ​ខេត្តស្ទឹងត្រែង​។ តាមពិត​គ្រាន់តែ​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​តែប៉ុណ្ណោះ​។ តំបន់​ទឹកធ្លាក់​មួយ​នេះ នៅ​កៀក​នឹង​ព្រំដែន​កម្ពុជា​ឡាវ ខណ្ឌ​ចែក​ដោយ​ទន្លេ និង​ជា​តំបន់​មួយ ដែល​ឆ្ងាយ​ពី​ទី​រួម​ខេត្តព្រះវិហារ​។​

​បើ​យើង​ធ្វើដំណើរ​ពី​ក្រុង​ស្ទឹងត្រែង ឆ្លងកាត់​ស្ពាន​មេគង្គ ឆ្ពោះទៅ​តាមផ្លូវ​ជាតិ​លេខ ៩ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ រួច​បន្ត​តាម​ផ្លូវបត់​ស្ដាំ ក្រាល​គ្រួស​ក្រហម ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឆ្ពោះទៅ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ នោះ​នឹង​បន្ត​តាមផ្លូវ​កៅស៊ូ នឹង​ទៅដល់​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ជាមួយ​សម្រស់​ធម្មជាតិ តាម​ដងផ្លូវ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ស្រុកស្រែ​ចំការ​។ តំបន់​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ខេត្តស្ទឹងត្រែង​ឡើយ​។​

ហេតុនេះហើយ បានជា​អ្នកទេសចរ តែងតែ​យល់ច្រឡំ​ថា តំបន់​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ស្ថិតនៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​។ យើង​គ្រាន់តែ​ធ្វើដំណើរ​ពី​ខេត្តស្ទឹងត្រែង ប្រមាណ​ជិត ១០០ គីឡូម៉ែត្រ នឹង​ទៅដល់​តំបន់​ទឹកធ្លាក់​។ ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត គឺជា​ទឹកជ្រោះ​ធម្មជាតិ​ពូ​ធ្លាក់ ឮ​ទាំង​ថ្ម​ចូល​ជ្រោះ​យ៉ាងជ្រៅ ជម្រៅ​ជាង ១០ ម៉ែត្រ​ដ៏​ស្រស់ស្អាត​ទាក់ទាញ សម្រាប់​អ្នក​ថតរូប​ទុកជា​អនុស្សាវរីយ៍​។​

​នៅ​ទីនោះ យើង​អាច​ភ្លក្ស​ម្ហូបអាហារ ដែល​ប្រជាពលរដ្ឋ​លក់​តាមបែប​ខ្មែរ​ឡាវ និង​ស្ដាប់​ការនិយាយ​ភាសា​រដឺន​បែប​ខ្មែរ​កាត់​ឡាវ​។​

ដោយសារ​មានការ​អភិវឌ្ឍ ផ្លូវ​ទៅកាន់​តំបន់​នោះ ទើប​អ្នកទេសចរ​ស្គាល់​កាន់តែ​ច្រើនឡើង ហើយ​មាន​អ្នកលក់ដូរ​ព្រោងព្រាត នឹងមាន​ក្រុមហ៊ុន​ឯកជន កំពុងតែ​សាងសង់​រៀបចំ​តំបន់​ទាក់ទាញ​នៅ​ទីនោះ​។​

សូមបញ្ជាក់ថា ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​យើង​អាច​ទស្សនា​បាន​ភាពស្រស់ស្អាត តែ​រដូវប្រាំង​ប៉ុណ្ណោះ​។ ពេល​រដូវវស្សា​ទឹកទន្លេ​ជាន់ឡើង ទឹក​ប្រែ​ពណ៌​ទៅជា​ល្អក់​បាត់បង់​ភាពស្រស់ស្អាត​។ ប៉ុន្តែ​ក៏​អាច​ឈរ​ថតរូប​ស្ដាប់​សំឡេង​ទឹក​ហូរ ធ្លាក់​រាល់​ឮ​យ៉ាងខ្លាំង​៕

​ដោយ​៖​សុខុម​


spot_img
×