Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងរក​ដំណោះស្រាយ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​រថយន្ត​ធំៗ​ដឹកទំនិញ និង​រថយន្ត​ដឹក​ដី នៅ​ផ្លូវ 60 ម៉ែត្រ​

spot_img

​ភ្នំពេញ​៖ ការអភិវឌ្ឍន៍​នៅតែ​បន្ត ចរាចរណ៍​លើ​ដងផ្លូវ​ត្រូវតែមាន​សុវត្ថិភាព​។ អភិបាល​រាជធានី​ភ្នំពេញ​កំពុង ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ ដែល​បង្កដោយ​រថយន្ត​ធំៗ​ដឹកទំនិញ និង​រថយន្ត​ដឹក​ដី​។ សូមបញ្ជាក់ថា​នៅតាម​បណ្ដោយ​ផ្លូវ 60 ម៉ែត្រ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់ ដឹកដី​និង​ដឹកទំនិញ​ធុន​ធំ​តូច​ក្នុងនោះ​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​និង​របួស​ជាច្រើន​នាក់​ដែល​ជាក់ស្ដែង​ក្នុងពេល​ថ្មីៗ​នេះ​រថយន្ត​ដឹក​ខ្សាច់​បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​ពេល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ហើយ​រថយន្ត​ដឹក​ខ្សាច់​បាន​បើក​រត់គេច​បាត់​។​

​នា​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ស្ថានភាព​នៃ​ចរាចរ​រថយន្ត​ដឹក​ដី​តាម​បណ្ដោយ​មហាវិថី សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ ដែល​បង្កដោយ​រថយន្ត​ធំៗ​ដឹកទំនិញ និង​រថយន្ត​ដឹក​ដី ក្នុង​ការចាក់​បំពេញ​តំបន់​អភិវឌ្ឍន៍​មួយចំនួន​ក្នុង​តំបន់​នោះ​។ ដើម្បី​កុំឱ្យ​មានការ​រាំងស្ទះ​នឹង​ការអភិវឌ្ឍ ត្រូវ​ប្ដូរ​ពី​ការដឹក​ដី​តាម​រថយន្ត មក​ជីក​កប់​បំពង់​ទុយោ​ក្រោម​ដី​មកចាក់​បំពេញ​វិញ ហើយ​ចំពោះ​រថយន្ត​ដឹកទំនិញ​ត្រូវ​អនុវត្តតាម​សារាចរ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកទំនិញ​ចូល​រាជធានី​ភ្នំពេញ​។​

ឯកឧត្ដម​ឃួ​ង ស្រេង បាន​អះអាងថា អាជ្ញាធរ​មិន​ហាមឃាត់​ការចាក់ដី ចាក់​ខ្សាច់ នៅ​តំបន់​អភិវឌ្ឍន៍​ជើងឯក​នោះទេ ប៉ុន្ដែ​គ្រាន់តែ​បង្វែរ​ទិស​ចរាចរណ៍ សម្រាប់​រថយន្ដ​ដឹក​ដី ដឹក​ខ្សាច់​កុំ​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ជា​បណ្ដោះអាសន្ន​សិន​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការដាក់ចេញ​វិធានការ​នេះ គឺ​ដោយសារតែ​កន្លងមក​ស​ង្កេ​ត​ឃើញថា ការដឹក​ដី ដឹក​ខ្សាច់ កាត់​ផ្លូវ​នេះ​បាន​បង្ក​ឲ្យ​ប្រឡាក់ នៅលើ​ទ្រូងផ្លូវ កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ផងដែរ​ដូច្នេះ អាជ្ញាធរ​ត្រូវតែមាន​វិធានការ​ដើម្បី​រក្សា​ផ្លូវ​នេះ ឲ្យ​នៅតែ​ល្អ​ស្អាត​ជានិច្ច ខណៈដែល​កំណាត់​ផ្លូវ​នេះ កន្លងមក​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវ​នេះ​ជា​ផ្លូវ​ដែល​អាច​ឲ្យ​យន្តហោះ​ចុះចត​បាន​។​

​ពាក់ព័ន្ធ​នឹង​វិធានការ​ខាងលើនេះ ឯកឧត្ដម ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀតថា មុន​នឹងមាន​វិធានការណ៍​បិទ​ការធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ នៅលើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​នេះ អាជ្ញាធរ​ត្រូវ​កោះប្រជុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដើម្បី​ណែនាំ​ឲ្យ​ពួកគាត់​បានដឹង និង​ត្រៀម​បង្វែរ​ពី​ការចាក់ដី ទៅជា​ការជីក​ដាក់​បំព​ង់​ទុយោ ដើម្បី​បូម​ខ្សាច​ដាក់ចូល​តំបន់​ខាងលើនេះ​វិញ ដោយ​នឹង​ទុក​រយៈពេល​ឲ្យ​ពួកគាត់​ពី​១​ខែ ទៅ​២​ខែ ដើម្បី​ជីក​ដាក់​បំពង់​ទុយោ​នេះ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​នេះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ប្រជាពលរដ្ឋ ៥​នាក់ របួសធ្ងន់​៧​នាក់ និង​ស្រាល​២​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×