Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ ម៉ែន សំអន ប្រគេន​ទៀនវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​ចំនួន ១៦​វត្ត ស្ថិត​ក្នុងស្រុក​ស្វាយជ្រំ

spot_img

ស្វាយរៀង​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ប្រតិភូ​អមដំណើរ​បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​ចំនួន ១៦​វត្ត បន្ថែមទៀត ស្ថិត​ក្នុងស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ស្ថិតក្នុង​វត្ត​ស្វាយ​ព្រហូត នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​នោះដែរ លោកជំទាវ​ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់​តែមាន​ភាពរុងរឿង​ថ្កុំ​ថ្កើ​ន ឈានទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញា​ត្តិ​។​

​លោកជំទាវ​ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រទេស កម្ពុជា​នៅមាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ តែ​៣​នាក់​ទេ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​នោះបាន​ជាសះស្បើយ​១២៦​នាក់​។ ហេតុនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់លោក គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺឆ្លង​កូ​វិដ​១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅ ឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​អាចធ្វើ​មនុស្ស​បាត់បង់​ជីវិត ភ្លាមៗ​ផងដែរ (​យើង​ភ្លេច​កូ​វីដ​១៩ ប៉ុន្តែ កូ​វីដ​១៩​មិន​ភ្លេច​យើង​នោះទេ​) ។ លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​លោកជំទាវ​ក៏បាន​រំលឹក​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ គឺជា​រយៈពេល​គម្រប់​៤៣​ឆ្នាំ​ហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែល​យុទ្ធជន ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេង បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧ​ត្ត​ម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់​ឆ្លងកាត់​ព្រំដែន ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុងការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត​។​

​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​ថវិការ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ក្រុមការងារ បាន​ប្រគេន​១៦​វត្ត រួមមាន ៖ ប្រេង ៣០​លីត្រ អង្ករ ១០០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ ១​កេស ស្ករ ស ១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មីសួរ ១​គីឡូក្រាម ខ្ទឹម ស ២​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប អំបិល ២​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ៣០​កំប៉ុង ចង្ហាន់ ១​ស្រាក់ ថវិកា​មួយចំនួន និង​ម៉ាស់​២០.០០០​ម៉ាស់ សម្រាប់​ព្រះសង្ឃ និង​អាជ្ញាធរ​ប្រើប្រាស់​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំង្ងឺ​កូ​វីដ​១៩​ផងដែរ ៕​ ដោយ ៖ វ៉ៃកូ

spot_img
×