Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើន​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សាច់ប្រាក់​ពលកម្ម​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានសម្រេច​ប្រកាស​ឱ្យ​អនុវត្ត​វិធានការ​ជុំ​ទី ៤ ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ ក្នុងការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុង​វិធានការ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​បង្កើន​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សាច់ប្រាក់​ពលកម្ម ក្នុង​ឆ្នាំ ២០២០ ពី​១៥០ ពាន់​លាន​រៀល ដល់ ៤១០ ពាន់​លាន​រៀល​។

​តាម​ផែនការ​ថ្មី​នេះ ក្នុង​ឆ្នាំ​២០២០ គម្រោង​នេះ មាន​សមត្ថភាព​ស្រូប យក​ពលកម្ម ដែល​បាត់បង់​រយៈ ពេល​ខ្លី​បាន​ចំនួន ៨៩០ ០០០ នាក់ កសាង​ផ្លូវលំ បាន​ចំនួន ២ ២៥៥ គីឡូម៉ែត្រ ប្រឡាយ​ជើង​ក្អែប​បាន​ចំនួន ២ ៣៨៤ គីឡូម៉ែត្រ និង​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​ស្ថានីយ​បូមទឹក​កសិកម្ម​បាន​ចំនួន ៤៥ ។ ប្រជាពលរដ្ឋ ដែល​ទទួលផល​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ មាន​ចំនួន ៩៥៧ ០០០ គ្រួសារ ។​

​ក្នុងឱកាស​ជួប​ជាមួយ​ប្រជា​ពលករ កសិករ និង​ប្រជាជន​ជា​អ្នកទទួលផល​ពី​គម្រោង​សាច់ប្រាក់​ពលកម្ម ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជោគជ័យ ក្នុង​ជំហាន​ទី ១ កាលពីដើម​ខែមីនា ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ឱ្យអនុវត្ត “​គម្រោង​សាច់ប្រាក់​ពលកម្ម ជំហាន ២ សម្រាប់​ឆ្នាំ ២០២០ ដល់ ២០២២” ដោយ​បន្ថែម​ការងារ​ស្តារ និង​អភិរក្ស​ធនធានធម្មជាតិ រួមមាន បឹងបួរ អាង​ស្តុក​ទឹក និង​ស្រះ​ស្រោចស្រព​ដំណាំ​កសិកម្ម ព្រមទាំង​ពង្រីក​វិសាលភាព​គ្រប់​ដណ្តប់​លើ​ខេត្ត​សរុប​ចំនួន​១៨​។​

​បើតាម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ខេត្ត​ជា​គោលដៅ​នៃ​គម្រោង​ជំហាន​ទី ១ គឺ​ទាំង​១២ ខេត្ត និង​ពង្រីក​បន្ថែម​ខេត្ត​ថ្មី​ចំនួន ៦ ទៀត ព្រមទាំង​បានគ្រោង​ថវិកា​សរុប​ចំនួន ៤៥១ ពាន់​លាន​រៀល សម្រាប់​រយៈពេល ៣ ឆ្នាំ ក្នុងនោះ ឆ្នាំ ២០២០ គ្រោង ថវិកា ចំនួន ១៥០ ពាន់​លាន​រៀល​។

​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ មាន​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​អ្នក​ជនបទ និង​ប្រជាកសិករ​ក្រីក្រ តាមរយៈ ការបង្កើត​ឱកាស​ការងារ​រយៈពេល​ខ្លី​តាម​កម្មវិធី​សាច់ប្រាក់​ពលកម្ម បង្កើតជា​ទុន​បន្ត​លើ​របរ​កសិកម្ម ឬ ផ្សេងទៀត និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ជនបទ មាន ផ្លូវលំ ប្រឡាយ​ជើង​ក្អែប សម្រាប់​បង្ហូរទឹក​ចូល​ស្រែ និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​តម្លៃ​ទាប​ឲ្យ​ដល់​ស្ថានីយ​បូមទឹក​កសិកម្ម​។​

​សូមបញ្ជាក់ថា គម្រោង​កម្មវិធី​សាច់ប្រាក់​ពលកម្ម​ដែល​ត្រូវបាន និង​កំពុង​អនុវត្ត ក្រោម​ការគិតគូរ និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិត​ជាមាន​សារសំខាន់ ណាស់​សម្រាប់​សេដ្ឋកិច្ច​-​សង្គម​បច្ចុប្បន្ន​របស់​កម្ពុជា ជាពិសេស ក្នុង​បរិ​កាស​ដែល​ពិភពលោក​ទាំងមូល កំពុងស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។

​គម្រោង​នេះ មិន​ត្រឹមតែ​ជា​ជំនួយ​អន្តរាគមន៍​សង្គម ដែល​នឹង​ជួយ​បង្កើត​ការងារ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ទេ តែ​ថែមទាំង​សម្រាប់​ប្រជាជន​ក្រីក្រ​តាម​មូលដ្ឋាន​ស្រូបយក​ពលកម្ម ដែល​បាត់បង់​ការងារ​ពី​រោងចក្រ​-​សហគ្រាស និង​ដែល​បាន​វិលត្រឡប់​ពី​បរទេស​មក​ស្រុកកំណើត​វិញ ក៏ដូចជា ជួយ​បង្កើត​សមិទ្ធផល​សេដ្ឋកិច្ច​-​សង្គម ជា​ហេ​ដ្ឋា​រចនា​- សម្ព័ន្ធ ផ្លូវលំ ប្រឡាយ​ធារាសាស្ត្រ​នៅតាម​មូលដ្ឋាន​សម្រាប់​ទ្រទ្រង់ និង​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​ផ្ទាល់​តែម្តង​៕
​ដោយ​៖CEN


spot_img
×