Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​នឹង​ចំណាយ​ថវិការដ្ឋ​ចំនួន ២៥​លាន​ដុល្លារ ក្នុង​មួយខែៗ ដើម្បី​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជាង ៦០​ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា រដ្ឋាភិបាល​នឹង​ចំណាយ​ថវិការដ្ឋ​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ ដើម្បី​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជាង ៦០​ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​។​

​ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​សម្តេច​តេ​ជោ​អញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា ២០២០​។​

​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នៅ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​រដ្ឋាភិបាល​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ​នោះឡើយ​។ សម្តេច​ក៏បាន​ផ្តាំ​ទៅ​មតិ​រិះគន់ថា មិនត្រូវ​មើលស្រាល​សមត្ថភាព​រដ្ឋា​ភិ​បាល ពិសេស​មិនត្រូវ​មើលស្រាល​សមត្ថភាព​រប​ស់ស​ម្តេច ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជាស​កល​នេះឡើយ ត្បិត​រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៥​លាន​ដុល្លារ ជា​រៀងរាល់ខែ ជួយ​ដល់​ពលរដ្ឋ​ជាង ៦០​ម៉ឺន​គ្រួសារ ដែលជា​ថវិកា​នោះ បានមកពី​ចំណូល​ចរន្ត​របស់​រដ្ឋ​ប្រចាំខែ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ “​ក្នុង​មួយខែ​យើង​ត្រូវ​ចំណាយ​ប្រមាណ​ជា ២៥​លាន​ដុល្លារ សម្រាប់​សង្គ្រោះ​ជួយ​ទំនុកបម្រុង​ទៅដល់​ជាង ៦០​ម៉ឺន​គ្រួសារ​។ ពេលនោះ យើង​មានលទ្ធភាព យើង​ប្រើប្រាស់​នូវ​ថវិកា​ចរន្ត ដែលជា​ចំណូល​ធម្មតា ដែល​ក្នុង​មួយខែៗ​យើង​រកបាន​ក្នុង​រង្វង់​អា​ពេល​ក្នុង​កូ​វីដ​នេះ​។ បើ​វា​មិនបាន​លើស​ដល់ ៥០០​លាន​ដុល្លារ ក៏​វា​បាន​ត្រឹម ៤០០​លាន​ដុល្លារ​ដែរ ហើយ​ចាយ​ចំណូល​បៀវត្សរ៍​ត្រឹមតែ​ជាង ២០០​លាន​ដុល្លារ​ទេ​”​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ក្រសួងផែនការ បានធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ រកឃើញ​គ្រួសារ​ក្រីក្រ​ទូទាំងប្រទេស សរុប​ចំនួន ៥៦៧.៥០៥ គ្រួសារ ដែលមាន​ប្រជាជន​ក្រីក្រ​សរុប​ចំនួន​ប្រមាណ ២,៣​លាន​នាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ អនុវត្តន៍​កម្មវិធី​ប្រគល់​សាច់ប្រាក់​នេះ​នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​អនុក្រឹត្យ​នេះ​មាន​គោលបំណង​ផ្តល់នូវ​កិច្ច​គាំពារ ដើម្បី​រក្សា​លំនឹង​ជីវភាព​រស់នៅ សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​វិធាន នីតិវិធី និង​យន្តការ​គ្រប់គ្រង ព្រមទាំង​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖

– មានប​ណ្ឌ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ​៖ ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​
– បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​

​អនុក្រឹត្យ​បានបញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​នឹងត្រូវ​ទទួលបាន​ផងដែរ​។ ចំនួន​ទឹកប្រាក់​ត្រូវ​ផ្តល់ជូន​ក្នុង​មួយខែ​ចន្លោះ​ពី​១៦.០០០​រៀល ទៅដល់ ១២០.០០០​រៀល​។ កម្រិត​សាច់ប្រាក់​ដែល​ត្រូវ​ឧបត្ថម្ភ​នេះ ធ្វើឡើង​តាម​ប្រភេទ​ជនក្រីក្រ​ក្នុង​កម្រិត​១ ឬ​កម្រិត​២ ហើយក៏​បែងចែក​ទៅតាម​អ្នក​នៅក្នុង​រាជធានី និង​ជនបទ​ផងដែរ​។​

​ក្រសួងផែនការ បានធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ រកឃើញ​គ្រួសារ​ក្រីក្រ​ទូទាំងប្រទេស សរុប​ចំនួន ៥៦៧.៥០៥ គ្រួសារ ដែលមាន​ប្រជាជន​ក្រីក្រ​សរុប​ចំនួន​ប្រមាណ ២,៣​លាន​នាក់ (​គិត​ត្រឹម​ថ្ងៃ​បញ្ចប់​ការអនុវត្ត​និតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទីជនបទ )​។​

​ក្រសួង​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​កម្ពុជា​ទាំងអស់ ដែល​អវត្តមាន​ក្នុងអំឡុងពេល​សម្ភាសន៍ នៃ​យុទ្ធនាការ​នេះ ឬ​មិនទាន់​បានដាក់​ពាក្យស្នើសុំ​សម្ភាសន៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​បងប្អូន​កំពុងស្នាក់នៅ សូមមេត្តា​រួសរាន់ ផ្តល់​ការ​ណាត់ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សាឃុំ​/​សង្កាត់ មុនពេល​ការអនុវត្ត​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​កូ​វីដ​១៩ នៅ​ទីប្រជុំជន បញ្ចប់​នា​ចុងខែ​មិថុនា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ទទួលបាន​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ដែល​នឹងត្រូវ​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សូម​ទស្សនា​ការពន្យល់ និង​បកស្រាយ​អំពី​ការអនុវត្ត​និតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​ផែនការ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×