Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​អនុវត្ត​ច្បាប់ កម្ពុជា​-​ចិន បន្ត​លើកកម្ពស់ ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​

spot_img

​សម្ដេច​ក្រឡាហោម បានប្រកាស​នឹង​បន្ត​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រទេស​កម្ពុជា​និង​ចិន និង​បន្ត​លើកកម្ពស់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ទោះបី​ស្ថានភាព​នេះ យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ​ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ប្រគល់ជូន​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រដ្ឋាភិបាល​ចិន ដែល​តែងតែ​ជួយ​គាំទ្រ និង​បាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា និង​ក្រសួងមហាផ្ទៃ​កម្ពុជា​តាម​គ្រប់​លទ្ធភាព​។​
​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា សម្ភារៈ​ដែល​មិត្ត​ចិន​បាន​ប្រគល់ជូន​ពេលនេះ ពិតជា​បញ្ជាក់​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់ និង​គិតគូរ​មកដល់​ប្រទេស​កម្ពុជា​ដែលជា​មិត្ត ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តែងតែ​បន្ត​យកចិត្តទុកដាក់​ជួយ​ជ្រោមជ្រែង​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ជាមួយនិង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាពិសេស​នៅលើ​វិស័យ​សន្តិសុខ​។​

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម​បានបង្ហាញ​សេចក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈ​ស្មារតី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​នេះ នឹង​រួមចំណែក​ធ្វើឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ ក៏ដូចជា​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ហើយ​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ផ្ដល់​កិច្ចសហការ​ជាមួយ​ភាគី​ចិន និង​ស្ថានទូត​ចិន ក្នុងការ​គាំទ្រ​លើ​កិច្ចការ​ផ្សេងៗ​ដែល​នៅក្រោម​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ផ្ទាល់​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែម​ដែរ​ថា សម្ដេច​នឹង​បន្ត​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រទេស​ទាំងពីរ និង​បន្ត​លើកកម្ពស់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ទោះបី​ស្ថានភាព​នេះ យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ជូន​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី និង​បាន​នាំមក​នូវ​សារ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ចិន ព្រមទាំង​ឯកឧត្តម ចាវ ឃឺ​ជឺ ដែលជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជា​មា​ច​និ​ត​ចិន ជូន​ចំពោះ​សម្ដេច​ក្រឡាហោម​ផងដែរ​។​

​ឯកឧត្តម​បន្តថា ទោះបីជា​ចិន កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក៏​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅតែ​បន្ត​ដំណើរការ​ជា​ប្រក្រតី និង​បន្ត​មាន​វឌ្ឍនភាព​ល្អប្រសើរ ពិសេស​ឆ្លុះបញ្ចាំង​តាមរយៈ​ការរួមចំណែក​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ជួយឧបត្ថម្ភ​នូវ​ធនធាន រួមចំណែក​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​មួយ​នេះ នៅពេល​ជំងឺ​នេះ​បានចាប់ផ្ដើម​កើតមាន​ជា​លើកដំបូង​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា​សម្ភារ​ប្រគល់ជូន​ក្រសួងមហាផ្ទៃ​នៅពេលនេះ ថ្វីដ្បិតតែ​មាន​ចំនួន​មិន​ច្រើន ប៉ុន្តែ ឯកឧត្តម​សូម​ឯកភាព​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្ដេច ដោយបាន​លើកឡើងថា​ជំនួយសម្ភារៈ​ទាំងនេះ បាន​ស្ដែង​ពី​ទឹកចិត្ត​របស់​ប្រជាជន​ចិន និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ប្រជាជន និង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម បាន​រំលឹកថា ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ពិតជា​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ទោះបីជា​ប្រទេស​ទាំងពីរ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​យ៉ាងណា ក៏ដោយ ហើយ​ថា​ការសម្រេចបាន​លទ្ធផល​ល្អប្រសើរ​នេះ ឯកឧត្តម​សូម​ថ្លែងអំណរគុណ ចំពោះ​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម​ក្នុង​កិច្ចការ​នេះ​។​

​ឯកឧត្តម សង្ឃឹម​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ នឹង​បំរើ​ដល់​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​ប្រទេស​ទាំងពីរ លើ​វិស័យ​ថែរក្សា​សន្តិសុខ​ទៅ​អនាគត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×