Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី វេ​ង សាខុន​៖ កម្ពុជា​-​ជប៉ុន​ពិភាក្សា​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ និង​បច្ចេកទេស​ចាប់ពី​ការដាំដុះ កែច្នៃ វេច​ខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំ​ដោយ Dr. Nabeshima Katsuhito (​ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​) ដើម្បី​ពិភាក្សា​ការងារ​អំពី​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​អនុស្សារណ​:​យោគយល់​គ្នា​ស្តីពី “​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​អភិវឌ្ឍ​លើ​អនុវិស័យ​ដំណាំ​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ដោយ​ចាប់ពី​ការដាំដុះ កែច្នៃ វេច​ខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ និង​បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល​ពី​ប្រទេស​ជប៉ុន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​គាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​មកដល់ ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ និង​គ្រប់​កាលៈទេសៈ ធ្វើ​ឲ្យ​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ ហើយ​ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​មួយ​ផងដែរ​។

​ជាក់ស្តែង ជំនួយឥតសំណង​នៃ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​ដែល​ត្រូវដាក់​សម្ពោធ​ឲ្យ​ប្រើ ប្រាស់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តកណ្តាល គឺជា​សក្ខីភាព​មួយទៀត​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​នូវ សណ្តាន​ចិត្ត​ដ៏​ឧត្តុង្គឧត្តម​របស់​រាជ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ចំពោះ​កម្ពុជា​ដែល​កំពុង​អនុវត្ត​នូវ​កម្មវិធី​កំណែទម្រង់​លើ​គ្រប់​វិស័យ ក្នុង​គោលដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម និង​ការអភិវឌ្ឍ​ប្រទេស ជាតិ ដើម្បី​ផលប្រយោជន៍​ប្រជាជន​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​ក្នុង​ការកសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​២០៣០ និង​២០៥០​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមទៀតថា ក្នុង​បរិបទ​កំណើនសេដ្ឋកិច្ច​នេះ និង​ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ឱកាស​មាស​ដ​ល់​ប្រជាកសិករ​យើង ដើម្បី​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដីត្រូវការ​របស់ខ្លួន មកជា​ការផលិត​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​បំពេញតម្រូវការ​នៃ​ទីផ្សារ​ពោលគឺ​ពី “​កសិករ ទៅជា​ក​សិ​-​ពាណិជ្ជករ​”​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា គម្រោង​វិនិយោគ​លើ​ផលិតកម្ម​បន្លែ​នេះ គឺ​ស្រប​ពេលដែល​អ្នក​បរិភោគ កំពុង​ផ្លាស់ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណីអាហារ​ដែលមាន​ស្តង់ដារ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។ ដូច្នេះ ដើម្បី​ឆ្លើយតប និង​បំពេញតម្រូវការ​នៃ​បរិបទ​ថ្មី​នេះ តម្រូវ​ឲ្យ​មាន​កិច្ច​សហការគ្នា​យ៉ាង​ជិតស្និត​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​”​។​

Dr. Nabeshima បាន​ជ្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កសិកម្ម​កម្ពុជា​មា​នស​ក្តា​នុព​ល​យ៉ាង​ធំធេង ជាពិសេស​ផលិតកម្ម​បន្លែ ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ប្រើប្រាស់​សក្តានុពល និង​ធនធាន​ដែលមាន​ស្រាប់​ឱ្យអស់​លទ្ធភាព​នៅឡើយ​តាំងពី​ចំណុច​ចាប់ផ្តើម (​ដាំ​ដុះ ថែរក្សា ការពារ ប្រមូល​ផល លៀង​សំអាត វេច​ខ្ចប់ រក្សាទុក និង​ដឹកជញ្ជូន​) និយាយ​រួម​គឺ​ការអនុវត្ត​បច្ចេកវិទ្យា​ចុងក្រោយ​ទាំង​អំឡុងពេល​ដាំ​ដុះ និង​ប្រមូល​ផល រហូតដល់​លើ​តុ​សម្រាប់​អ្នក​បរិភោគ​។

​ហេតុផល​ទាំងអស់នេះ គឺជា​ដើមចម​ធ្វើឱ្យ​ផលិតផល​បន្លែ​កម្ពុជា​មិនអាច​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ ឬ​ផ្គត់ផ្គង់​បាន​ទៅតាម​រដូវ​លើសពី​តម្រូវ​ការធ្លាក់​ថ្លៃ និង​គ្មាន​ឱកាស​ធ្វើការ​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​បាន​។
​ឃើញច្បាស់​អំពី​ចំ​ណុ​ខ្វះខាត​ទាំងអស់នេះ ក្រុមហ៊ុន​ជប៉ុន​ចំនួន ១០ ប៉ុន្តែ​ថ្ងៃនេះ​មាន​វត្ត​មានតែ ៥ គឺ​តំ​ណា​ក្រុមហ៊ុន IT លើ​វិស័យ​ផលិតកម្ម​បន្លែ ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងយន្ត ឧបករណ៍ និង​សម្ភារ​បម្រើឱ្យ​វិស័យ​ផលិតកម្ម​បន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុន​ផលិត​ជី និង​ក្រុមហ៊ុន​គ្រាប់ពូជ និង​ចែកចាយ បាន​អញ្ជើញ​មកជួប​ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលនេះ​
​។ តាមរយៈ​តំណាង​ក្រុមហ៊ុន​នីមួយៗ បាន​សម្តែង​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ​ថា​នឹងចូលរួម​ចែករំលែក បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​ដើម្បី​រួមគ្នា​ដោះស្រាយ នូវ​រាល់​ចំណុច​ខ្វះខាត​ដែល​កសិករ​កម្ពុជា កំពុង​ជួបប្រទះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុងទិសដៅ​រួមគ្នា​មួយ​គឺ​ផលិត​បន្លែ​មានគុណ​ភាព សុវត្ថិភាព ផ្គត់ផ្គង់​បាន​គ្រប់ គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ពេញ​មួយឆ្នាំ មាន​សមត្ថភាព​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ និង​ចុងក្រោយ​ចង់​នាំចេញ​ផលិតផល​បន្លែ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្រោម​ស្លាក​សញ្ញា Made in Cambodia or Product of Cambodia​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​សោមនស្ស​រីករាយ​ជា​ពន់ពេក និង​គាំទ្រ​នូវ​រាល់​ចំណុច​សំខាន់ៗ​ដែល​ក្រុមហ៊ុន​បានលើកឡើង ដោយបាន​បញ្ជាក់ជូន​ភ្ញៀវ​ថា នេះ​ជា​ចំណុច​ចាប់ផ្តើម​ប្រកបដោយ មោទន​:​ភាព​សម្រាប់​ក្រសួង ដ៏​ដូចជា​រាជរដ្ឋាភិបាល ជាពិសេស​កសិករ​ផលិត​បន្លែ​ផ្ទាល់​តែម្តង​តាមរយៈ​ផ្ញើ​ក្តី​សង្ឃឹមថា នឹង​ទទួលបាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ នៅ​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី ហើយ​លោក​សង្ឃឹម និង​ជឿជាក់ថា គម្រោង​ដ៏​មាន​អត្ថប្រយោជន៍​មួយ​នេះ វា​នឹង​ទទួលបាន​ជោគជ័យ​នាពេល​អនាគត ដូចដែល​ក្តី​ស្រមៃ​របស់​រាជ​រដ្ឋា​ពិ​បាល ក៏ដូចជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងន័យ​ទទួលបាន​ភាពជា​ម្ចាស់​ក្នុង​ការផលិត ផ្គត់ផ្គង់ និង​ឈានទៅ​ធ្វើការ​នាំចេញ​បន្លែ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្រោម​ស្លាក ” ផលិតផល​កម្ពុជា​”​។

​ដើម្បីឱ្យ​ទាន់សភាពការណ៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​បង្កើត​ក្រុមការងារ​រៀបចំ​ឯកសារ MOU ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ផ្តល់​កិច្ចសហការ​ឱ្យបាន​ពេញ លេញ​ជាមួយ​ក្រុមហ៊ុន​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​៕
​ដោយ​៖CEN


spot_img
×