Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​កូរ៉េខាងជើង​ម្នាក់​ជួយ​ឪពុក​ខ្លួន​ផ្គត់ផ្គង់​ទំនិញប្រណិត​តម្លៃ​ជិត ៣០០.០០០​ដុល្លារ ពី​សិង្ហ​បុរី​ទៅ​កូរ៉េខាងជើង

spot_img

​បុរស​កូរ៉េខាងជើង​ម្នាក់ ដែល​បាន​សិក្សា​នៅក្នុង​ប្រ​ទេ​សិង្ហ​បុរី បាន​ជួយ​ឪពុក​របស់គាត់ និង​ផ្សំគំនិត​ជាមួយ​អ្នក​ផ្សេងទៀត ផ្គត់​ផ្គង​ទំនិញប្រណិត​តម្លៃ​ជិត ២៩០.០០០​ដុល្លារ​អា​មេ​រិច​ពី​ប្រទេស​សិង្ហ​បុរី ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដែល​សកម្មភាព​របស់គាត់​នេះ ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​អង្គការសហប្រជាជាតិ​។​

​លោក Li Hyon អាយុ ៣២​ឆ្នាំ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៤​សប្តាហ៍​កាលពី​ថ្ងៃ​អង្គារ​នេះ ក្រោយពេល​សារភាព​ទទួលយក​ការចោទប្រកាន់​បួន ពីបទ​ផ្គត់​ផ្គង​ទំនិញ​ហាមឃាត់​ទៅ​ឲ្យ​កូរ៉េខាងជើង​ក្រោម​ច្បាប់​អង្គការសហប្រជាជាតិ​។ ការចោទប្រកាន់ ១០​ករណី​ទៀត​កំពុង​ត្រូវបាន​យកមក​ពិចារណា​។​

​តុលាការ​បានប្រកាសថា លោក Li Hyon បាន​សិក្សា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​មុន​ឆ្នាំ ២០១៤ ក្រោយមក​គាត់​បាន​ជួយ​ឪពុក​គាត់​ឈ្មោះ Li Ik ធ្វើ​ជំនួយ​លក់ទំនិញ​ប្រណិត​។ លោក​បាន​ជួយ​រក​ប្រភព​ទំនិញ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដើម្បី​ផ្គត់​ផ្គង​ទៅ​ឲ្យ​ហាង​ឈ្មោះ Korean Bugsae Shop ក្នុងប្រទេស​កូរ៉េខាងជើង​។​

​លោក Li Ik បានធ្វើ​ដំណើរ​ជា​ញឹកញាប់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ពី​ចុងឆ្នាំ ២០១៤ ដល់​ដើមឆ្នាំ ២០១៧ ហើយ​ការទាក់ទង​គាត់​មិនសូវមាន​ភាពងាយស្រួល​ទេ ដោយសារតែ​ការ​រឹតត្បិត​ការធ្វើទំនាក់ទំនង​គ្រប់គ្រង​ដោយ​កូរ៉េខាងជើង​។​

​លោក​បានដឹងថា ការផ្គត់ផ្គង់​ផលិតផល​ទំនើប​ពី​ប្រ​ទេ​សិង្ហ​បុរី​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​គឺ​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់ ប៉ុន្តែ​គាត់​នៅតែ​បន្តធ្វើ​រឿង​នោះ ដោយបាន​យួរ​ផលិតផល​ប្រណិត​ជាច្រើន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ចំនួន ៣​លើក​។​

​ក្នុង​ឆ្នាំ ២០១៥ Li Hyon បាន​ជួយ​ប្រធាន​ក្រុមហ៊ុន SCN ផ្គត់​ផ្គង​ទឹកអប់ គ្រឿងក្រអូប និង​នាឡិកាដៃ​តម្លៃ​សរុប​ជាង ២៣.០០០​ដុល្លារ​ទៅ​ឲ្យ​ហាង​ឪពុក​របស់លោក​។​

​ចន្លោះ​ខែមករា ឆ្នាំ ២០១៦ និង​ខែមករា ឆ្នាំ ២០១៧ លោក​បាន​ជួយ​លោក NG Kheng Wah ប្រធាន​ក្រុមហ៊ុន T Specialist ផ្គត់​ផ្គង​ស្រា​តម្លៃ​ជាង ១៧.០០០​ដុល្លារ​ទៅ​ហាង​របស់​ឪពុក​លោក​ដែរ​។​

​សរុបមក បុរស​រូបនោះ​បាន​ជួយ​ក្រុមហ៊ុន និង​ប្រធាន​ក្នុងការ​ចូលរួម​ផ្គត់​ផ្គង​ទំនិញប្រណិត​តម្លៃ​ជាង ២៩០.០០០​ដុល្លារ​ទៅ​ឲ្យ​កូរ៉េខាងជើង​។​

​ក្រុមហ៊ុន T Specialist ត្រូវបាន​ផាកពិន័យ​ចំនួន ៨៨០.០០០​ដុល្លារ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន ចំណែក​ប្រធាន​ក្រុមហ៊ុន ឈ្មោះ NG Kheng Wah ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ២​ឆ្នាំ និង ១០​ខែ​ដោយសារ​បទល្មើស​ជាច្រើន​។​

​ចំពោះ​ការប្រកាន់​នីមួយៗ​ក្រោយ​ច្បាប់​របស់​អង្គការសហប្រជាជាតិ លោក Li Hyon អាច​ជាប់ទោស​រយៈពេល​រហូតដល់ ១០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

spot_img
×