Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​ទឹកប្រាក់​ពី​រដ្ឋាភិបាល​ចិន​ជាង​២០​លាន​ដុល្លារ តាមរយៈ​មូលនិធិ​ពិសេស ក្នុង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

spot_img

​ភ្នំពេញ​៖​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា លោក វ៉ាង វិ​ន​ធាន ( Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា គិត​មកដល់ពេលនេះ​ប្រទេស​កម្ពុជា​ទទួលបាន​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​លើ​គម្រោង​សរុប​ចំនួន​៥៥​ពី​មូលនិធិ​ពិសេស ក្នុង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។​

​ការ​ថ្លែង​បញ្ជាក់​បែបនេះ របស់លោក​ឯកអគ្គរ​ដ្ឋ​ទូត​ចិន បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ។ ពោល​បន្ទាប់ពី​លោក និង​លោក ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​មូលនិធិ​ពិសេស សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០ ។​

តាមរយៈ​សុន្ទរកថា​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​បង្ហាញ​ឲ្យ​ឃើញថា កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ជា​យន្តការ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ​ក្នុងការ​ពិភាក្សា​រួម កសាង​រួម ចែករំលែក​រួម​សម្រាប់​ប្រទេស​ដែលមាន​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ហូរ​កាត់​។ ចាប់តាំងពី​បាន​បង្កើត​មក កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​បានបង្ហាញ​ពី​លក្ខណៈពិសេស​នៃ​ភាពដូចគ្នា​ទីតាំង​ភូមិសាស្ត្រ ភាពស្និទ្ធស្នាល​មនុស្សសាស្ត្រ និង​ទំនាក់ទំនង​អក្សរសាស្ត្រ​ដែលមាន​ក្នុងប្រទេស​ឡាន​ឆាង​-​មេគង្គ​ហូរ​កាត់ បាន​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អត្ថប្រយោជន៍​រួមគ្នា​យ៉ាង​ទូលំទូលាយ​លើ​វិស័យ និង​បាន​ជំរុញ​ជា​ដំណាក់កាល​យ៉ាង​ស៊ីជម្រៅ​សម្រាប់​ប្រទេស​ទាំង​៦​។ ស្ថិតក្រោម​ការចូលរួម​យ៉ាងសកម្ម​ពី​ប្រទេស​ទាំង​៦ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​បាន​បន្តដំណើរ​ពី​ដំណាក់កាល​ពង្រីកពង្រឹង​យ៉ាង​ឆាប់រហ័ស​ឈានដល់​ដំណាក់កាល​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ ជួយ​ជំរុញ​អនុវត្ត​គម្រោង​អត្ថប្រយោជន៍​ជាក់ស្តែង​ជាច្រើន​សម្រាប់​ប្រជារាស្ត្រ ដើម្បី​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ទទួលបាន​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​។ ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មើភាព ជួយ​គ្នា​ទៅវិញទៅមក​ដោយស្មោះ និង​ភាពស្និទ្ធស្នាល​ប្រៀប​ដូច​គ្រួសារ​តែមួយ ដែល​ទាំងនេះ​ជា​វប្បធម៌​នៃ​ឡាន​ឆាង​-​មេគង្គ​ត្រូវបាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​បន្តទៀតថា ភាគី​កម្ពុជា​ទទួលបាន​គម្រោង​មូលនិធិ​ពិសេស កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា ដែលមាន​ចំនួន​៥៥​គម្រោង និង​មាន​ទឹកប្រាក់​សរុប​លើសពី ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​មិន​ត្រឹមតែ​បានបង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់ និង​លក្ខណៈពិសេស​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​នុះ​ទេ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ប្រទេស​ទាំងពីរ​ស្ថិតក្រោម​ស្មារតី​ឡាន​ឆាង​-​មេគង្គ​។ ជឿជាក់ថា ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​ទាំងនេះ​នឹងចូលរួម​ជា​កម្លាំង​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​ប្រជារាស្ត្រ ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា គម្រោង​ជាច្រើន​ត្រូវបាន​អនុវត្ត ក្រោយពី​យន្តការ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ត្រូវបាន​ស្ថាបនា​មក បាន​ជួយ​ជំរុញ​រក្សា​ការអភិវឌ្ឍន៍ រក្សា​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក និង​រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៃ​មនុស្សសាស្ត្រ​ក្នុង​តំបន់​ឡាន​ឆាង​-​មេគង្គ​។ ជាពិសេស​នោះ​គឺ​គម្រោង​ភាគី​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៩​ទទួលបាន​វិវឌ្ឍន​ភាព​យ៉ាងសកម្ម បានផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ជូន​ដល់​ប្រជាជន​កម្ពុជា​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​មូលនិធិ​ពិសេស សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ដែល​បាន​គាំទ្រ​ដល់​គម្រោង​ចំនួន​២០​ដែល​បានស្នើ​ដោយ​ភាគី​កម្ពុជា ជឿជាក់ថា គម្រោង​ដែល​បានលើកឡើង​ខាងលើនេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា​ដែល​រួមមាន វិស័យ​ធនធានទឹក កសិកម្ម វប្បធម៌​ជាដើម​។ ភាគី​កម្ពុជា​រីករាយ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ភាគី​ចិន​ក៏ដូចជា​បណ្ដា​ប្រទេស​ដែលជា​សមាជិក រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ឲ្យ​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​កាន់តែច្រើន​។​

​ដោយឡែក​​ឯកឧត្តម​ប្រាក់ សុខុន បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​ចិន សម្រាប់​ការគាំទ្រ​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​គម្រោង​ថ្មី​ចំនួន​២០​បន្ថែមទៀត​។ គឺ​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០ មាន​ថវិកា​សរុប​ចំនួន​ប្រមាណ​៧​លាន​ដុល្លារ​អាមេរិក​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រមុខ​ការទូត​កម្ពុជា បាន​ចាត់ទុកថា ពិធី​ចុះហត្ថលេខា​របស់​យើង​នា​ថ្ងៃនេះ គឺ​ទាន់ពេលវេលា​និង​មាន​សារៈសំខាន់​បំផុត​។ ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់​យើង ព្រមទាំង​អះអាង​ជាថ្មី​នូវ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។
​ចាប់តាំងពី​ការចាប់ផ្តើម​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង កាលពី​ឆ្នាំ​២០១៦ គម្រោង​ទាំងនេះ​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង តាមរយៈ​ការ​បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍន៍ ការពង្រឹង​ទំនុកចិត្ត​និង​ការយោគយល់​គ្នា​ទៅវិញទៅមក សម្រាប់​ពង្រឹងសមត្ថភាព​របស់​យើង​ក្នុងការ​ឆ្លើយតប​ឲ្យ​កាន់តែ​ប្រសើរ ទៅនឹង​តម្រូវការ​របស់​ប្រជាជន​របស់​យើង​។​

​សូមបញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០​នេះ គម្រោង​កម្ពុជា​ចំនួន​២០ ត្រូវបាន​គាំទ្រ និង​ផ្តល់​មូលនិធិ ដែលមាន​ទឹកប្រាក់​ចំនួន ៧.២២៥.៤០០​ដុល្លារ​អាមេរិក ភាគច្រើន​គ្រប ដណ្តប់​ទៅលើ​សកម្មភាព​នានា ពាក់ព័ន្ធ​នឹង​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​-​សង្គម អភិវឌ្ឍ​ធនធានមនុស្ស សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត ការកសាង​សមត្ថភាព​ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការពារ​សម្បត្តិ​វប្បធម៌​ជាដើម ៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×