Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​មូលនិធិ​សកល សម្រាប់​ធម្មជាតិ​ក្រើន​រំលឹកថា ជំងឺឆ្លង​រាលដាល​នឹង​ផ្ទុះឡើង​ទៀត

spot_img

​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF) អំពាវនាវ​ឱ្យមាន​វិធានការ​សកល​ជាបន្ទាន់ ដើម្បី​ប្រយុទ្ធ​នឹង​កត្តា​ចម្បងៗ ដែល​អង្គការ​នេះ បាន​រកឃើញថា​ជាដើម​ចម នឹង​នាំឱ្យមាន​ការផ្ទុះ​ថ្មីៗ​ទៀត នៃ​ជំងឺឆ្លង​រវាង​សត្វ​និង​មនុស្ស នាពេល​អនាគត​។​

​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ក្រោម​ចំណងជើង «​កូ​វីដ​១៩៖ សេចក្តីអំពាវនាវ​បន្ទាន់​ដើម្បី​ការពារ​ប្រជាជន និង​ធម្មជាតិ​» អង្គការ WWF និយាយថា កត្តាបរិស្ថាន​នានា ដែល​បណ្តាលឱ្យ​មានការ​លេចឡើង​នូវ​ជំងឺឆ្លង​រវាង​សត្វ​និង​មនុស្ស រួមមាន​៖ ការជួញដូរ​និង​ការទទួល​ទាន​សាច់សត្វ​ព្រៃ ដែលមាន​ហានិភ័យ​ខ្ពស់ ការផ្លាស់ប្តូរ​បែបផែន​នៃ​ការប្រើប្រាស់​ដីធ្លី ដែល​នាំ​ដល់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បំប្លែង​ដីព្រៃ ព្រមទាំង​ការរីក​សាយ​ការធ្វើ​ប្រពលវប្បកម្ម​កសិកម្ម​គ្មាន​ចីរភាព និង​ផលិតកម្ម​បសុសត្វ​។

​អ្នកវិទ្យាសាស្ត្រ និង​អ្នកដឹកនាំ​ធំៗ​ផ្នែក​គំនិត មានដូចជា​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ជាដើម កន្លងមក​ធ្លាប់បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា​រហើយ អំពី​ហានិភ័យ​ថា​នឹង​អាចមាន​ផ្ទុះ​ជំងឺឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។ កាលពី​ជាង​មួយ​ទសវត្សរ៍​កន្លងទៅ វេទិកា​សេដ្ឋកិច្ចពិភពលោក បានដាក់​ចំណាត់ថ្នាក់​ការ​រាលដាល​ជំងឺ និង​ការឆ្លង​មេរោគ នៅក្នុង​ចំណោម​ហានិភ័យ​កំពូល​លំដាប់​សកល ដែល «​បង្ក​ការគំរាមកំហែង​ស្រួចស្រាល់​ដល់​ជីវិត​មនុស្ស​»​។

​លោក ម៉ារ​កូ លាំ​ប៊ឺ​ទី​នី អគ្គនាយក​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​អន្តរជាតិ មានប្រសាសន៍ថា​៖ «​យើង​ត្រូវតែទទួលស្គាល់​ភ្លាមៗ នូវ​ចំណងទាក់ទង​គ្នា រវាង​ការបំផ្លិចបំផ្លាញ​ធម្មជាតិ​និង​សុខភាព​មនុស្សជាតិ បើ​ពុំ​ដូច្នោះ​ទេ​យើង​នឹង​ឃើញ​ការ​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​ដែល​រាលដាល​ជា​សកល​លើក​ក្រោយ​ទៀត​ជាមិនខាន​។ យើង​ត្រូវតែ​នាំគ្នា​ទប់ស្កាត់​ការជួញដូរ​និង​ការបរិភោគ​សត្វព្រៃ ដែលមាន​ហានិភ័យ​ខ្ពស់ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការ​បំប្លែង​ដីព្រៃ ព្រមទាំង​ធានា​ការគ្រប់គ្រង​ផលិតកម្ម​ស្បៀងអាហារ​ឱ្យមាន​ចីរភាព​។

​ចំណាត់ការ​ទាំងនេះ​នឹង​ជួយ​បង្ការ​ការចម្លង​ភ្នាក់ងារ​បង្ក​ជំងឺ​ទៅដល់​មនុស្ស ហើយ​ជាមួយគ្នា​នោះ​នឹង​ជួយ​ឆ្លើយតប​ទៅនឹង​ហានិភ័យ សកល​ផ្សេងៗ​ទៀត​ដល់​សង្គម​របស់​យើង មានដូចជា ការបាត់បង់​ជីវៈចម្រុះ និង​ការប្រែប្រួល​អាកាសធាតុ ជាដើម​។ មិនចាំបាច់​មានការ​ជជែក​វែកញែក​អ្វី​ទេ ហើយ​វិទ្យាសាស្ត្រ​ក៏បាន​បង្ហាញ​ច្បាស់ក្រឡែត​ហើយ​ដែរ​ថា យើង​ត្រូវតែ​សហការ​ជាមួយ​ធម្មជាតិ មិនមែន​ប្រឆាំងនឹង​វា​ទេ​។ ការធ្វើ​អាជីវកម្ម​លើ​ធម្មជាតិ ដោយ​មិន​ឆ្អែតឆ្អន់​បាន​នាំមក​នូវ​ហានិភ័យ​ធំធេង ដល់​យើងទាំងអស់គ្នា​។​»

​សំណួរ​នៅ​បន្ត​ចោទឡើង​ថា​តើ​កូ​វីដ​១៩​មាន​ប្រភពដើម​ពិតប្រាកដ​មកពីណា ប៉ុន្តែ​ភ័ស្តុតាង​ដែលមាន​ស្រាប់​បាន​ចង្អុល​ឆ្ពោះទៅ មេរោគ​ឆ្លង​រវាង​សត្វ​និង​មនុស្ស មានន័យថា ជាការ​ចម្លង​ពីស​ត្វ​ទៅ​មនុស្ស​។ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាល​ចិន​បានប្រកាស​ដាក់ចេញ​បម្រាម​ធំ​មួយ​ទៅលើ​ការបរិភោគ​សាច់សត្វ​ព្រៃ ជា​ទង្វើ​ដែល​អង្គការ WWF សូម​គាំទ្រ​។ ជាងនេះទៀត បច្ចុប្បន្ន សន្និបាតជាតិ​ប្រជាជន​ចិន កំពុង​គាំទ្រ​ឱ្យមាន​ការសើរើ​ឡើងវិញ នូវ​ច្បាប់​ការពារ​សត្វព្រៃ​ដែលមាន​ជា​ធរមាន ដែល​អាច​នឹង​ធ្វើឱ្យ​ច្បាប់​ការពារ​សត្វព្រៃ​របស់​ចិន ស្ថិតក្នុង​ចំណោម​ច្បាប់​ដែលមាន​ភាពស្វាហាប់​និង​ម៉ឺងម៉ាត់​នៅលើ​ពិភពលោក ប្រសិនបើ​ច្បាប់​នោះ​ត្រូវបាន​យកទៅអនុវត្ត​ឱ្យ​ពេញទំហឹង​។ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ដទៃ​ផ្សេងៗ​ទៀត ក៏ត្រូវ​ចាត់វិធានការ​ដូចនេះ​ដែ​រ ដើម្បី​ឈានទៅ​បិទ​ផ្សារ​លក់​សត្វព្រៃ​ដែលមាន​ហានិភ័យ​ខ្ពស់ និង​បញ្ចប់​ការជួញដូរ​។

​សត្វព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់ ក្នុងនោះ​រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផង កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ពី​អ្នក​បរបាញ់​ខុសច្បាប់​ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស ខណៈពេល​មានការ​ដាក់​បម្រាម​រឹត​ត្បិត​លើ​ការ​ដើរហើរ និង​ការ​កំហិត​ឱ្យ​មនុស្ស​នៅ​ដាច់ដោយឡែក​ដើម្បី​បញ្ចៀស​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្រុម​ឧ​ទ្យា​នុ​រក្ស​កម្ពុជា​នៅ​តំបន់​ការពារ​ដែលមាន​ការគាំទ្រ​ពី​សំណាក់​អង្គការ WWF ឃើញ​សកម្មភាព​ខុសច្បាប់​ជាច្រើន​កំពុង​បង្កើន​សម្ពាធ​ទៅលើ​ព្រៃឈើ ក្នុងនោះ​មាន​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើក​ម្មសិ​ទិ្ធ សកម្មភាព​ប្រមូល​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់ហាមឃាត់ និង​សកម្មភាព​បរបាញ់​សត្វព្រៃ​ដោយ​ប្រើ​កាំភ្លើង​ច្នៃ និង​អន្ទាក់​។
​គ្រាន់តែ​ក្នុង​រដូវប្រាំង​ពី​ខែធ្នូ ឆ្នាំ​២០១៩ មកដល់​ខែឧសភា ឆ្នាំ​២០២០ នេះ ក្រុម​ឧ​ទ្យា​នុ​រក្ស​បាន​ដោះ​អន្ទាក់​ចេញពី​ក្នុងព្រៃ​សរុប​ចំនួន ៣៦៥៨​អន្ទាក់​។ តួលេខ​នេះ​បានបង្ហាញ​ឱ្យឃើញ​ការកើនឡើង​ចំនួន ១៥​ភាគរយ ប្រៀបធៀប​ទៅនឹង​ចំនួន ២៤៥១​អន្ទាក់ ដែល​ប្រមូលបាន​ក្នុង​រយៈកាល​ដូចគ្នា​កាល​ពីមួយ​ឆ្នាំមុន​។ ស្របពេល​គ្នា​នេះដែរ សកម្មភាព​កាប់ឆ្ការ​យក​ដី​ខុសច្បាប់​បាន​កើនឡើង ៣៦​ភាគរយ ដោយ​ក្នុងនោះ​មាន​ករណី​កើតឡើង​ចំនួន ២៩​លើក ដែល​ត្រូវបាន​កត់ត្រា​ក្នុងកំឡុងពេល​ពី​ខែធ្នូ ឆ្នាំ​២០១៩ មកដល់​ខែឧសភា ឆ្នាំ​២០២០ ប្រៀប​ទៅនឹង​កំឡុងពេល​ពី​ខែធ្នូ ឆ្នាំ​២០១៨ មកដល់​ខែឧសភា ឆ្នាំ​២០១៩ ដែល​មានតែ ១២​ករណី ប៉ុណ្ណោះ​។

​លោក សេង ទៀក នាយក​អង្គការ WWF នៅ​កម្ពុជា មានប្រសាសន៍ថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា កិច្ចខិតខំ ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន បង្ហាញឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់​ពិត​ប្រាកដ​មួយ ហើយ​ទន្ទឹមនឹង​នេះដែរ សេចក្តីណែនាំ លេខ ៥ ដាក់ចេញ ក្នុង​ឆ្នាំ ២០១៩ របស់​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ចូលរួម​កាត់បន្ថយ​វត្ត​មាននៃ​ផលិតផល​សត្វព្រៃ និង​សាច់​សត្វព្រៃ នៅលើ​ទីផ្សារ ក៏ដូចជា​នៅតាម​បណ្តា​តំបន់​រម្យ​នី​យ​ដ្ឋា​ន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​»​។

​លោក​បាន​ពោល​បន្ថែមទៀតថា​៖ «​គេ​ចាំបាច់​ត្រូវ​ដាក់ចេញ​វិធានការ​បន្ទាន់ និង​សមស្រប​ក្នុងការ​បញ្ឈប់​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ពិសេស​ពពួក​ថនិកសត្វ បក្សី និង សត្វ​ល្មូ​ន ដែលជា​ពពួកសត្វ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង​មេរោគ​ទៅ​មនុស្ស ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ល្អ​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏ដូចជា​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ផ្ទុះឡើង​នូវ​វីរុស​ឆ្លង​ចេញពី​ប្រទេស​យើង​»​។​

​វិបត្តិ​បង្កដោយ​កូ​វីដ​១៩ បង្ហាញឱ្យឃើញថា ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ជា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​ដោះស្រាយ​កត្តា​ចលករ ដែលនាំឱ្យ​មានការ​រាលដាល​ជំងឺ​ជាស​កល​។ អង្គការ WWF កំពុង​អំពាវនាវ​ឱ្យមាន​ការប្រើ​អភិក្រម​សុខភាព​តែមួយ ‘One Health’ ដោយ​ផ្សារភ្ជាប់​សុខភាព​របស់​មនុស្ស សត្វ និង​បរិស្ថាន ដែល​យើង​ពឹង​អាស្រ័យ​រួមគ្នា ហើយ​ទទូច​សុំឱ្យ​អភិក្រម​នេះ ត្រូវបាន​គេ​ច្របាច់​ចូលទៅក្នុង​ការធ្វើ​សេចក្តីសម្រេច​ស្តីពី​សត្វព្រៃ និង​ការប្រើប្រាស់​ដីធ្លី​។ អភិក្រម​នេះ​ក៏​គួរ​ត្រូវបាន​គេ​ច្របាច់​ចូលទៅក្នុង​សេចក្តីសម្រេច​នានា​ផ្នែក​ធុរកិច្ច​និង​ហិរញ្ញវត្ថុ​ផងដែរ ជាពិសេស​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​សុខភាព​ពិភពលោក​៕
​ដោយ​៖CEN


spot_img
×