Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជា​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ជា​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​បណ្ណសម​ធម៌​ទូទាំងប្រទេស ដែល​ក្នុងនោះ​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ចំពោះ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង​អ្នកមាន​ផ្ទុកមេរោគ​អេដស៍ នៅក្នុង​គ្រួសារ​ក្រីក្រ​ទាំងនោះ​។ កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​បញ្ហា​ប្រឈម​នៅពេលដែល​ប្រទេស​យើង​កើតមាន​ជំងឺ​កូ​វីដ​១៩ ។ រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូរ​ជាប់​ជានិច្ច​ពី​សុខទុក្ខ​របស់​ពលរដ្ឋ បើទោះបី​ប្រទេស​យើង​ជា​ប្រទេស​ក្រីក្រ​មួយ​ក៏ដោយ គឺ​យើង​នៅមាន​លទ្ធភាព​គ្រប់គ្រាន់​អាច​ធ្វើបាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនអោយ​អត់​អាហារ​ទទួលទាន​ឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​ក្រសួងផែនការ សហការ​ធ្វើការ​ជាមួយ​អាជ្ញាធ​ខេត្ត​នីមួយៗ ដើម្បី​ប្រ​ញ៉ាប់​បញ្ជូន​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​អំពី​ជនក្រីក្រ​ពិតប្រាកដ​មកកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់​ថែមទៀត​។ តាមរយៈ​កម្មវិធី​នេះ រាជរដ្ឋាភិបាល​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​គ្រួសារ​ក្រីក្រ​។ ការរៀបចំ​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​ឱ្យស្រប​តាម​គោលការណ៍​សមធម៌ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពខុសគ្នា​នៃ​ថ្លៃទំនិញ​រវាង​តំបន់​នីមួយៗ​ផងដែរ ។ ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បាន​បើក​ផ្តល់​នៅក្នុង​សប្តាហ៍​ទី ៤ នៃ​ខែ​នីមួយៗ តាមរយៈ​ធនាគារ​ឯកទេស​វី​ង (Wind) ដែលមាន​បណ្តាញ​ភ្នាក់ងារ​នៅ​ទូទាំងប្រទេស ។​

​បច្ចុប្បន្ន គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌ (​ទាំង​ក្រ​-១ និង​ក្រ​-២) មាន​ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០០ ប៊ី​លាន​រៀល (​ឬ​ប្រមាណ ២៥ លាន​ដុល្លារ​) ក្នុង​មួយខែៗ​សម្រាប់​បើក​ផ្តល់ជូន ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រុមការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​វិធីសាស្ត្រ និង​គោលការណ៍ ដែល​ត្រូវ​បានដាក់​ចេញមក​ដើម្បី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុង​គោលដៅ​ធានា​ឱ្យ​ពួកគាត់​ទទួលបាន​ស្របតាម​លក្ខខណ្ឌ​វិនិច្ឆ័យ​ជាធរ​មាននូវ​ជំនួយ​សង្គម​នាពេលនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានអោយ​អាជ្ញាធរ​អនុវត្ត​រាល់​កម្មវិធី​គាំពារ​សង្គម​ទាំងអស់​ដែលមាន​ស្រាប់ ឱ្យបាន​រលូន និង​មិន​យឺតយ៉ាវ ដែល​ក្នុងនោះ​រួមមាន របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន និង​ការឧបត្ថម្ភ​ជនពិការ​ក្រីក្រ​តាម​សហគមន៍ មូលនិធិ​សមធម៌​សុខាភិបាល និង​របប​ថែទាំ​សុខភាព សម្រាប់​មន្ត្រី​សាធារណៈ របប​ថែទាំ​សុខភាព និង​របប​ហានិភ័យ​ការងារ​សម្រាប់​កម្មករ​និយោជិត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ និង​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដែល​ត្រូវបាន​បង្វែរ​ពី​ការ​ចម្អិនម្ហូប​អាហារ​ជូន​សិស្សានុសិស្ស មកជា​ការ​ចែកជា​អង្ករ​ជូន​គ្រួសារ​ក្រីក្រ​នៅក្នុង​សហគមន៍​របស់​សាលារៀន​ទាំងនោះ​វិញ​។​

​ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ ដោយ​គោរព​និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​៕
​ដោយ​៖​កូ​ឡាប​

spot_img
×