Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន សរសើរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​(H.E, MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​យោងតាម​ប្រសាសន៍ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា សម្តេច​ក្រឡាហោម ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (H.E, MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម នៅក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម តាមរយៈ​ការនាំយក​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដែលជា​ការរួមចំណែក​របស់​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ជូន​មកដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ។ ទោះបីជា​ប្រទេស​ជប៉ុន​កំពុងតែ​ជួប​បញ្ហា​ដូចគ្នានេះ​យ៉ាងណាក្តី ក៏​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​កាយវិការ និង​ទឹកចិត្ត​ដ៏​ល្អ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​មិត្ត​ជប៉ុន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ្នកនាំពាក្យ​រង​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដើរ​ទន្ទឹមនឹង​ការគិតគូរ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ តាមរយៈ​ការដាក់​វិធានការ​ជា​បន្តបន្ទាប់ ជាកស្តែង នា​ព្រឹក​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ពី​ការអនុវត្ត​នូវ​គោលនយោបាយ លើ​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។​

សម្តេច​ក្រឡាហោម ក៏បាន​ជម្រាបជូន​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​រង់ចាំ​ដល់​ជំងឺ​នេះ​ចប់​ទើប​គិតគូរ​ស្តារ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​យើង​ក៏​គិតគូរ​ដល់​ការស្តារ​សេដ្ឋកិច្ច​ក្នុងពេល​ដំណាលគ្នា​តែម្តង ។ ជាក់ស្តែង​មានការ​ងារ និង​គម្រោង​ធំៗ​ជាច្រើន​ដែល​កំពុង​អនុវត្ត​ជាប់​ជាប្រចាំ ដូចជា​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាដើម​ដែល​កំពុងតែ​ដំណើរការ ដោយ​មិនមាន​ការផ្អាក​នោះទេ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ្នកនាំពាក្យ​រង​បាន​បន្ថែម​ដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការងារ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម បាន​ណែនាំ ដល់​អង្គភាព​នានា​ឱ្យ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សម្រួល​ដ​ល់​ការធ្វើដំណើរ របស់​មន្ត្រី​ស្ថានទូត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​មកដល់ ឬក៏​ដំណើរ​ត្រឡប់​ទៅវិញ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ្នកនាំពាក្យ​រង បាន​មានប្រសាសន៍​ដែរ​ថា ជប៉ុន​បាន​មាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ នាពេល​កន្លងមក ហើយ​ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​ថ្លែងអំណរគុណ​ក្រសួងមហាផ្ទៃ ជាពិសេស​សម្តេច​ក្រឡាហោម ដែល​តែងតែ​ជួយ​សម្រួល​លើ​បញ្ហា និង​សំណូមពរ​ផ្សេងៗ​របស់​ស្ថានទូត ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ ដូចជា​បញ្ហា​ទិដ្ឋាការ​របស់​ពលរដ្ឋ​ជប៉ុន ដែល​កំពុងតែ​រស់នៅ​ប្រទេស​កម្ពុជា ជាដើម ដែល​នេះ​ជាការ​រួមចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​ជប៉ុន​នៅ​កម្ពុជា ហើយក៏​ជាការ​បញ្ជាក់​ឱ្យឃើញ ពី​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×