Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​មន្ត្រី​រូប​ណា​ខ្លះ ជួយ​រត់​ការតែងតាំង​មន្ត្រី​អសកម្ម​ការងារ​ឈ្មោះ លោក លិ គឹម​ហ៊ួ​រ ឲ្យក្លាយ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ទាំង​បុគ្គល​រូបនេះ ACU កំពុង​តាមដាន​?

spot_img

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន ជា​ពិសេស​មន្ត្រី​កំពុង​បំរើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ បង្ហាញ​ការមិន​ពេញចិត្ត នៅ​គ្រា​មាន​ព័ត៌មាន​មក​ថា មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រសួង​ស្ថាប័ន​មួយចំនួន​កំពុង​ជួយ​រត់​ការឲ្យ លោក លិ គឹម​ហ៊ួ​រ មាន​តួនាទី​បច្ចុប្បន្ន​ជា​គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ទៅ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ ទាំង​បុគ្គល​រូបនេះ អសកម្ម​ក្នុង​ការងារ និង​កំពុង​ជាប់​ការស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​នោះ​។

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីរាជការ​មួយចំនួន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ និង​ស្នើ​ដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជាពិសេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យជួយ​អង្កេត​តាមដាន សកម្មភាព​រត់​ការជួយ​ឲ្យ លោក លិ គឹម​ហ៊ួ​រ ធ្វើ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ជា​ថ្មី​ឡើងវិញ​។

​ករណី​លោក លិ គឹម​ហ៊ួ​រ នេះ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ខែ​តុលា ឆ្នាំ​២០១៧​កន្លងទៅ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក៏​បាន​កំណត់​កាលបរិច្ឆេទ​ត្រៀម​បើក​កិច្ចប្រជុំ ដើម្បី​ស្នើសុំ​មតិ​គាំទ្រ តែងតាំង លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ មាន​តួនាទី​បច្ចុប្បន្ន​ជា​គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទៅជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​នេះដែរ ប៉ុន្តែ​ត្រូវ​ប្រកាស​លើក​ពេល​។​
​មន្ត្រី​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ដោយ​អះអាង​ថា ជា​បន្តបន្ទាប់​មក​នេះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ធ្លាប់​ត្រូវ​គេ​រិះគន់ ជា​មន្ត្រី​ម្នាក់ អសកម្ម​ក្នុង​ការងារ​បំពេញ​តួនាទី​ប្រចាំថ្ងៃ ដោយ​បុគ្គល​រូបនេះ មិន​បាន​ទៅ​ធ្វើ​ការងារ​ឲ្យបាន​ពេញ​តាម​ម៉ោង​រដ្ឋបាល ដែល​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប្រគល់ជូន​នោះ​ទេ​។ ប៉ុន្តែ​ពួកគេ​មាន​ចម្ងល់​ថា បែរ​ជា​ពេល​នេះ មាន​ព័ត៌មាន​មក​ថា មន្ត្រី​អសកម្ម​រូបនេះ ត្រូវ​មន្ត្រី​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ជួយ​រត់​ការ​ជ្រោមជ្រែង តែងតាំង​ឲ្យក្លាយ​ទៅ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ទៅវិញ​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​មតិ​រិះគន់ និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ទេ នៅ​គ្រា​មាន​ព័ត៌មាន​មក​ថា មាន​មន្ត្រី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន រាប់ទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផង កំពុង​ជួយ​អន្តរាគមន៍ ទៅ​ក្រសួង​សុខាភិបាល តម្លើ​ង​តួនាទី និង​ត្រៀម​ប្រកាស​តែងតាំង លោក លិ គឹម​ហ៊ួ​រ ពី​គ្រូពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ទៅ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​

​មន្ត្រីរាជការ​មួយចំនួន​បង្ហាញ​ការហួសចិត្ត ហើយ​ពួកគេ​បាន​រិះគន់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចំពោះ​សកម្មភាព​ជួយ​ជ្រោមជ្រែង​ជួយ​ឲ្យ លោក លិ គឹម​ហ៊ួ​រ ដែល​ជា​មន្ត្រី​អសកម្ម​ក្នុង​ការងារ​កន្លងមក បែរជា​ត្រូវ​លើកទឹកចិត្ត​តម្លើង​ឋានៈ​បុណ្យស័ក្តិ​ជា​បន្តបន្ទាប់ ចំណែក​មន្ត្រី​រាជការ ដែល​ខិតខំ​បំពេញការងារ​បាន​ត្រឹមត្រូវ បែរជា​មិន​ត្រូវបាន​យកចិត្តទុកដាក់ ឬ​ជួយ​អន្តរាគមន៍​តម្លើង​តួនាទី​ទៅ​វិញ​។​

​ប្រភព​ដដែល បានបង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​គម្រោង​តែងតាំង លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ដែល​ជា​មន្ត្រី​អសកម្ម​ការងារ ព្រោះ​បុគ្គល​រូបនេះ មិន​បាន​មក​បំពេញ​ការងា​រ​ឲ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ការងារ​រដ្ឋ​ផ្តល់​ជូន​សោះ ប៉ុន្តែ​បែរជា មាន​ឱកាស​ត្រូវ​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ទំនុកបម្រុង​តម្លើង​តួនាទី ឬ​ឋានៈ​បុណ្យស័ក្តិ​ដោយ​រលូន​បែបនេះ​នោះ​ទេ​។

​ចំពោះ​គម្រោង​តែងតាំង លោក លិ គឹម​ហ៊ួ​រ ពី​គ្រូពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ទៅ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​កំពុង​បំរើ​ការងារ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ភាគច្រើន បង្ហាញ​ការមិន​ពេញចិត្ត និង​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា​ជា​ថ្មី​ឡើងវិញ​។

​ករណី លោក លិ គឹម​ហ៊ួ​រ នេះដែរ មន្ត្រី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កន្លងមក​ក្រសួង​សុខាភិបាល ក៏​ធ្លាប់​បាន​ចេញ​លិខិត​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ចាត់វិធានកា​រណ៍វិន័យ ដល់​បុគ្គល​រូប​នេះ​ដែរ ប៉ុន្តែ​ជាក់ស្តែង រដ្ឋបាល​ខេត្ត​នេះ​មិន​បាន​ដាក់វិន័យ​ទៅលើ លោក លិ គឹម​ហ៊ួ​រ ទេ ប៉ុន្តែ​បែរជា​មាន​អ្នក​ជួយ​រត់​ការតែងតាំង ឲ្យក្លាយ​ទៅ​ជា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ទាំង​បុគ្គល​រូបនេះ មាន​លិខិត​ព្រមាន​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចំនួន​ពីរ​ដង​។ ក្នុងនោះ លោក លិ គឹម​ហ៊ួ​រ ក៏​ធ្លាប់​ត្រូវបាន មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​សំណើរ​ស្នើសុំ ទៅ​ក្រសួង​សុខាភិបាល ស្នើ​ផ្ទេរ​បុគ្គល​រូបនេះ ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​ដែរ​នា​ពេល​កន្លង​ទៅ​។

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ស្នើ​សុំ​បញ្ជាក់​បញ្ហា​ខាងលើ​នេះ​ពី លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ បច្ចុប្បន្ន​ជា​គ្រូពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សេតេ ឬ​មន្ទីរពេទ្យ​ឯកជន ឈ្មោះ «​សេតេ ,CT» ដើម្បី​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែ​មករា ឆ្នាំ​២០១៨​។​

​ចំពោះ​ករណី លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ នេះដែរ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ផ្ញើលិខិត​មួយច្បាប់​ជូន ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ក្នុង​កម្មវត្ថុ នៃ​លិខិត​នោះ បាន​ស្នើ​ឲ្យ​ចាត់វិធានកា​រខាង​វិន័យ​ចំពោះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ មន្ត្រីរាជការ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។

​លិខិត របស់ ក្រសួង​សុខាភិបាល ដែល​យោង​តាម​អនុក្រឹត្យ​លេខ ៤៩៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្តីពី​ការធ្វើ​ប្រភូ​កម្ម​អំណាច​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការតែងតាំង​ការផ្លាស់ប្តូរ និង​ការបញ្ចប់​ភារកិច្ច​ន្ត្រី​រាជការ​ស៊ីវិល ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​។

​សេចក្តីណែនាំ លេខ​. ២២០២ ម​ស​.​ស​ណន ចុះ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៤ របស់​ក្រសួង​មុខងារសាធារណៈ ស្តីពី​នីតិវិធី នៃ​ការតែងតាំង ការផ្លាស់ប្តូរ និង​ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ នៅ​ថ្នាក់ក្រោម​ជាតិ​។

​លិខិត​លេខ​៦២១​ម​ស​.​ខ​ពស​ន ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ស្តី​ពី​របាយការណ៍​ករណី លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ​។

​លិខិត​លេខ​៨២០​ម​ស​.​ខ​ពស​ន ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ស្តីពី​សំណើរ​សុំ​ផ្ទេ​ឈ្មោះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ចេញ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។

​សេចក្តី​មានចែង​នៅ​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ជំរាបជូន ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ ថា តាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អំពី​ករណី លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ បានបង្ហាញ​ថា ទោះបីជា​មាន​ការណែនាំ​ជា​បន្ត​បន្ទាប់ឲ្យ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ គោរព​តាម​បទបញ្ជាផ្ទៃក្នុង របស់​អង្គភាព​យ៉ាងណាក៏ដោយ លោក លិ គឹម​ហ៊ួ​រ នៅតែ​មិន​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ ដោយ​បាន​ត្រឹម​តែ​មក​ចុះហត្ថលេខា លើ​បញ្ជី​វត្ត​មាន​ការងារ ហើយ​វិលត្រឡប់​ទៅវិញ ដោយ​មិន​បាន​គោរព​តាម​ការណែនាំ​នោះទេ​។

​ករណីនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​ធ្លាប់​បាន​ដាក់​លិខិត​ជូន ឯកឧត្តម​អភិបាល ខេត្ត​ព្រះសីហនុ ឲ្យ​ពិនិត្យចា​ត់​វិធានការ​ខាង​វិន័យ ចំពោះ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ តាម​នីតិវិធី​តាម​ការ​គួរ ប៉ុន្តែ​តាម​ការពិនិត្យ​ជាក់ស្តែង ដូចជា​មិន​ទាន់​ឃើញ​រដ្ឋបាល​ខេត្ត​នេះ ចាត់វិធានការ​ខាង​វិន័យ លោក លិ គឹម​ហ៊ួ​រ នោះ​ទេ​ពេល​កន្លងមក​។

​ចំណែក​ងាក​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ក៏​បាន​ដាក់​លិខិត​ឆ្លើយតប ជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដែល​បាន​ដាក់ពាក្យ​ប្តឹង​ស្នើ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ ជួយ​ពិនិត្យ និង​ដោះស្រាយ​ករណី​ភាព​អសកម្ម របស់ លោក លិ គឹម​ហ៊ួ​រ លោក ស៊ិក ប៊ុណ្ណា និង​លោក ញ៉ុក ម៉េត ជា​មន្ត្រីរាជការ​បំរើកា​រងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​លិខិត​មាន​ចុះហត្ថលេខា និង​បោះត្រា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឆ្លើយតប ឯកឧត្តម ម៉ម ប៊ុនហេង ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​អវត្តមាន​ក្នុង​ម៉ោង​ការងារ របស់ លោក លិ គឹម​ហ៊ួ​រ គ្រូពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ផ្នែក​សង្គ្រោះបន្ទាន់​។ លោក ស៊ិក ប៉ុណ្ណា អនុប្រធាន​មន្ទីរពេទ្យ ទទួលបន្ទុក ផ្នែក​បច្ចេកទេស សល្យា​គារ និង​សង្គ្រោះ​បន្ទាន់ ព្រមទាំង​លោក ញ៉ុក ម៉េត វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដែល​មិន​មក​បំពេញ​ការងារ ដោយ​គ្រាន់តែ​មក​ចុះហត្ថលេខា​លើ​បញ្ជី​វត្តមាន​រួច​ហើយ​ត្រឡប់​ទៅផ្ទះ​វិញ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់​ក្នុង​លិខិត​ដដែល​ថា ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​អសកម្ម​ការងារ​ន្មា​ន​នាក់​ខាងលើនេះ កន្លង​មក​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​ធ្លាប់បាន​ធ្វើ​របាយការណ៍​មក អ​.​ប​.​ព​. តាមរយៈ​លិខិត​លេខ​១៤៩ សខល ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ ដោយ​បាន​ស្នើឲ្យ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ចាត់វិធានកា​រខាង​វិន័យ​ចំពោះ​នីតិវិធី​ចំពោះ លោក លិ គឹម​ហ៊ួ​រ ប៉ុន្តែ​មក​ដល់ពេលនេះ​ពុំទាន់​មាន​វិធានការ​ណាមួយ​នៅឡើយ​។

​លិខិត​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបង្ហាញ​ថា យោង​តាម​បញ្ជី​វត្តមាន របស់​មន្ត្រីរាជការ​បំរើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា លោក លិ គឹម​ហ៊ួ​រ លោក ស៊ិក ប៉ុណ្ណា និង​លោក ញ៉ុក ម៉េត អវត្តមាន​ច្រើនជាងគេ​បំផុត​ក្នុង​ម៉ោង​ធ្វើ​ការងារ ប្រជុំ និង​យាម​ផងដែរ​។ ជាក់ស្តែង​ក្នុង​អំឡុង កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ក្រុមការងារ របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​ក្រុម បាន​ធ្វើ​ការចុះ​ឃ្លាំមើល​ដោយផ្ទាល់​អំពី​សកម្មភាព​បុគ្គល​ទាំង​បី​នាក់​ខាងលើ ដោយ​ពិនិត្យឃើញ​ថា មន្ត្រី​ដែល​មានឈ្មោះ​ខាងលើនេះ ពិតជា​មិន​បាន​មក​បំពេញ​ការងា​រ ឲ្យបាន​ជាប់លាប់​ក្នុង​ម៉ោង​ការងារ របស់​រដ្ឋ បាន​ដាក់ជូន ពិតប្រាកដ​មែន​។

​ករណីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​ស្នើឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឲ្យ​ពិនិត្យ​ដោះស្រាយ​ករណី​នេះ ជាមួយ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ រួច​ផ្តល់​លទ្ធផល នៃ​ការដោះស្រាយ​នោះ​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ ឲ្យបាន​ឆាប់​តាម​ការ​គួរ​។​

​ទោះជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ពេល​នេះ​បែរជា​មាន​ព័ត៌មាន​មក​ថា នឹង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការជួយ​ទំនុ​កបំ​រ៉ុង ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​សុខាភិបាល​ទៅវិញ​។​

​បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ ពិសេស មន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​មន្ត្រី​សុខាភិបាល និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មាន​ការភ្ញាក់ផ្អើល និង​បង្ហាញ​ការហួសចិត្ត ចំពោះ​គំនិត​ផ្តួចផ្តើម របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បែរ​ជា​ទៅ​លើកទឹកចិត្ត​មន្ត្រី​អសកម្ម​ការងារ ឈ្មោះ លិ គឹម​ហ៊ួ​រ បច្ចុប្បន្ន​ជា​គ្រូពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សេតេ ឲ្យ​បន្តឡើង​តួនាទី ឬ​ឋានៈ​បុណ្យស័ក្តិ​ជា​បន្តបន្ទាប់​បែបនេះ​នោះ​ទេ​។

​មន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន ក៏​បាន​រិះគន់​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​បាន​ជួយ​ជ្រោមជ្រែង​ចំពោះ​មន្ត្រី​ខិតខំ​គោរព​ពេល​ម៉ោង​ការងារ និង​ខំប្រឹងប្រែង​ធ្វើ​ការជាក់ស្តែង នៅ​មន្ទីរ​សុខាភិបាល និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ ដែល​ពួកគេ​គ្មាន​ខ្នងបង្អែក ពិសេស​គ្មាន​លុយកាក់​សម្រាប់​សូកប៉ាន់ ដើម្បី​បាន​តម្លើង​តួនាទី​ដូច​អ្នក​មាន​លុយ​ផ្តល់​សំណូក បែរជា​មិន​ត្រូវបាន​ជួយ​លើកទឹកចិត្ត​ទៅវិញ​។​

​ត្រង់​ចំណុច​នេះ មន្ត្រីរាជការ​មន្ទីរ​សុខាភិបាល និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​មួយចំនួន ក៏​បាន​ស្នើ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ជាពិសេស ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យជួយ​ពិនិត្យ និង​ពិចារណា​ទៅលើ​គម្រោង​តែងតាំង លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ឲ្យមាន​តួនាទី​ជា​អនុប្រធានម​ន្ទី​រ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ជាថ្មី​ឡើងវិញ ដើម្បី​ជៀសវាង​មតិ​រិះគន់​ផ្សេងៗ ពី​សាធារណៈជន​។​

​ពិសេស​ជាង​នេះ​ទៀត មន្ត្រីរាជការ​មួយចំនួន នៃ​មន្ទីរ​សុខាភិបាល និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ទប់ស្កាត់ ចំពោះ​សកម្មភាព​រត់ការ​តម្លើង​តួនាទី ផ្តើម​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន រួមមាន​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​សុខាភិបាល​ជាដើម ដើម្បី​ជួយ​ជ្រោមជ្រែង​ឲ្យ​មន្ត្រីអ​សកម្ម​ក្នុង​ការងារ គឺ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ពី​គ្រូពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ តម្លើង​តួនាទី​ឲ្យក្លាយ​ទៅ​ជា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ដែល​កន្លងមក បុគ្គល​រូបនេះ មិន​បាន​ទៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ធ្វើ​ការងារ​រដ្ឋ​ផង​នោះ​៕ ដែន សីមា

 

 

spot_img
×