Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ផ្ទះ​សសរ​១០០ ត្រូវបានធ្វើ​ការរុះរើ ហើយ​យកទៅ​សាងសង់​ឡើងវិញ នៅ​វត្ត​រកា​កណ្តាល​

spot_img

​ក្រចេះ​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា លោក​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ និង​លោក​ប្រធាន​មន្ទីរ បាន​អញ្ជើញ​ពិនិត្យ​ដំណើរការ​រុះរើ ផ្ទះ​បុរាណ​សសរ​១០០ ស្ថិតក្នុង​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ផ្ទះ​សសរ​១០០ ត្រូវបាន​គេ​ដឹងថា​ជា​ផ្ទះ​បុរាណ​ខ្មែរ​កសាង ប្រក់​ក្បឿង​ស្រកា​រលេញ និង មាន​អាយុកាល​រហូតដល់​ជាង​១០០​ឆ្នាំ​មកហើយ​។​
​ការរុះរើ​ផ្ទះ​បុរាណ​មួយ​នេះ ក្នុង​គោលបំណង​យក​ដី​សង់ផ្ទះ​ថ្មី​ដោយហេតុថា​ផ្ទះ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​យកទៅ​សាងសង់​ឡើងវិញ​។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាពិសេស​លោកជំទាវរ​ដ្ឋ​មន្ត្រី លើ​ការងារ​អភិរក្ស​សំណង់​បុរាណ ផ្ទះ​នេះ​ត្រូវបាន​រុះរើ និង​សាងសង់​ឡើងវិញ ក្នុង​ទីតាំង​បរិវេណ​វិហារ​បុរាណ​វត្ត​រកា​កណ្តាល​ស្ថិតក្នុង​ក្រុង​ក្រចេះ ទុក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា​។​

​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sokmean Alexandra បាន​លើកឡើងថា ផ្ទះ​សសរ​១០០ អាយុកាល​ជាង​១០០​ឆ្នាំ ត្រូវបាន​រុះរើ​ចេញពី​ទីតាំង​ដើម ស្ថិតនៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្តក្រចេះ នៅថ្ងៃនេះ​ហើយ​។ ប្រវត្តិ​ផ្ទះ​សសរ​១០០​គឺ​
“​ផ្ទះ​សសរ​១០០” ជា​ផ្ទះ​រោង​ឌឿ​ង​របស់​ថៅកែ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ឆ្លូង រស់នៅ​ត​គ្នាច្រើន​ជំនាន់​មកហើយ​ជាង​មួយ​សតវត្សរ៍​។ កាលពីដើម ផ្ទះ​នេះ​មាន​សសរឈើ​ប្រណិត​ចំនួន​១០០​ដើម តែ​ប៉ុលពត​បាន​រុះ​ល្វែង​មុខ​និង​ល្វែង​ក្រោយ​អស់​សសរ​ខ្លះ​ទៅហើយ ដោយ​ពួកវា​យក​ផ្ទះ​នេះ​ធ្វើជា​កន្លែង​ស្នាក់នៅ​របស់​កម្មាភិបាល​ខ្មែរក្រហម​។ សព្វថ្ងៃ​ផ្ទះ​នេះ​នៅ​រឹងមាំ​ល្អ​នៅ​ឡើ​យ‌ ទោះ​នៅសល់​សសរ​ត្រឹម​៤០​ដើម​ក៏ដោយ​។​

​ផ្ទះ​នេះ សាងសង់​តាម រចនាបថ​បែប​ខ្មែរ​សុទ្ធសាធ​ដែលមាន​សសរឈើ​ល្អៗ​មាន​ខ្លឹម​រឹងមាំ​ចំនួន ១០០ ជា​របស់​ថៅកែ​ឈើ​ដ៏​ធំ​មានទ្រព្យ​ស្តុកស្តម្ភ​ម្នា​ក់នៅ​ស្រុក​ឆ្លូង​នេះ​កាលពី​សម័យមុនៗ​មក​។​

​បើតាម​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បង្ហើប​ឲ្យ​ដឹងថា ក្រសួង​មានការ​សោកស្តាយ និង​ចង់​អភិរក្ស​ផ្ទះ​នេះ​ទុកជា​សម្បត្តិ​វប្បធម៌​និង​ថែរក្សា​ស្នាដៃ​ខ្មែរ តែ​ម្ចាស់​មិន​ព្រម​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាពិសេស​លោកជំទាវរ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លើ​ការងារ​អភិរក្ស​សំណង់​បុរាណ ផ្ទះ​នេះ​ត្រូវបាន​រុះរើ និង​សាងសង់​ឡើងវិញ ក្នុង​ទីតាំង​បរិវេណ​វិហារ​បុរាណ​វត្ត​រកា​កណ្តាល​ស្ថិតក្នុង​ក្រុង​ក្រចេះ ទុក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា​។​

​ឆ្លើយតប​ទៅនឹង​កង្វល់​និង​ការរិះគន់​របស់​សាធារណជន មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ការរុះរើ​នេះ​ធ្វើឡើង​ដើម្បី​ជួយសង្គ្រោះ​ដល់​សំណង់ផ្ទះ​បុរាណ​មួយ​នេះ ឲ្យ​រួចផុត​អំពី​ការខូចខាត​ដោយ​ប្រការ​ណាមួយ ត្បិត​ម្ចាស់ផ្ទះ​ស្នើសុំ​អាជ្ញាធរខេត្ត​រុះរើ​ដើម្បី​យក​ដី​សង់ផ្ទះ​ថ្មី ចែកជូន​ដល់​កូនចៅ​របស់គាត់​។ ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម ក្រុមការងារ​ចម្រុះ​របស់​ខេត្ត ដឹកនាំ​ដោយ​លោ​ជំទាវ ខាំ សុភាព អភិបាលរង​ខេត្ត ចុះទៅ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ជាច្រើនលើក​ច្រើនសារ​រហូត​ដល់​ថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០២០ ទើប​ម្ចាស់ផ្ទះ​យល់ព្រម​ទទួល​សំណង​ជា​ថវិកា​អំពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ បន្ទាប់ពី​មានការ​ព្រមព្រៀង ក្រសួង​បាន​ខិតខំ​ស្វះ​ស្វែងរក​ថវិកា​ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ ដោយឡែក​ម្ចាស់ផ្ទះ​បាន​រំអុក​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​រុះរើ​ផ្ទះ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ គាត់​នឹង​ប្តូរ​ចិត្ត​លែង​ប្រគល់​ផ្ទះ​សសរ​១០០​នេះ​ជូន​ដល់​ក្រសួង​ថែរក្សា​បន្ត​ឡើយ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២០ ក្រសួង​វប្បធម៌ បាន​លើកឡើងថា ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រសួង​គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ការសម្រេចចិត្ត​ថា​នឹង​ផ្តល់​ថវិកា​ហើយ​ស្វះស្វែងរ​កជាង ដើម្បី​រុះរើ​ផ្ទះ​ជាបន្ទាន់ បើទោះជា​ដឹងថា​រុះរើ​នេះ​ចំពេល​រដូវវស្សា​ក៏ដោយ​។ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​សូមបញ្ជាក់ថា ការរុះរើ​នេះ​មិនមែនជា​ការបំផ្លាញ​ឡើយ ប៉ុន្តែ​ជាការ​រើ​មួយ​ដែលមាន​ការត្រួតពិនិត្យ​ហ្មត់ចត់ ហើយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​បុរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ​ជំនាញ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ គោលបំណង​ចម្បង​នៃ​ការរុះរើ គឺ​បញ្ជៀ​សការ​ខូ​ត​ខាត​គ្រឿង​ឈើ​ឲ្យ​បាន​តិចតួច​បំផុត ព្រោះ​ក្រសួង​មានបំណង​យក​សំណង់​នេះ ទៅ​សាងសង់​ឡើងវិញ​នៅក្នុង​បរិវេណ​វត្ត​រកា​កណ្តាល​នាទី​រួម​ខេត្តក្រចេះ ដែលជា​ទីតាំង​សំណង់​វត្ត​បុរាណ​ដ៏​ល្បីល្បាញ​មួយ​របស់​ខេត្ត​និង​ថ្នាក់ជាតិ ។ សំណង់ផ្ទះ​សសរ​១០០​នឹងមិន​បាត់បង់​ទៅណា​ឡើយ ត្បិត​ក្រោយ​ការសាងសង់ និង​ជួសជុល​ឡើងវិញ ផ្ទ​នេះ​នឹង​ក្លាយទៅជា​សារមន្ទីរ និង​ជាម​រតក​សំណង់​បុរាណ​ខ្មែរ​ដ៏​មានតម្លៃ សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ចូល​ទស្សនា​និង​សិក្សា​ស្រាវជ្រាវ​។​

​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ លោក ទេព វាសនា ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​២៤ មិថុនា​នេះ​ថា ក្រសួង​វប្បធម៌​និង​មន្ទីរ​បាន​សុំ​ទិញ​ផ្ទះ​នេះ ក្នុងតម្លៃ​៨​ពាន់​ដុល្លារ ដើម្បី​ឲ្យ​ក្រុម​ជំនាញ​ចុះ​រុះរើ​ដោយផ្ទាល់​និង​រៀប​ឡើងវិញ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​។ ការរៀប​ឡើងវិញ​នេះ ប្រើពេល​យ៉ាងយូរ​ចុងឆ្នាំ​២០២០​។ ខាង​ក្រសួង​បាន​បញ្ចុះបញ្ចូល​មិន​ឲ្យ​គាត់​រុះរើ​ដែរ ប៉ុន្តែ​គាត់​មិន​ព្រម ទើប​ស្នើសុំ​ទិញ​ក៏​គាត់​មិន​លក់ ប៉ុន្តែ​ចុងក្រោយ​ពី​មានការ​ពន្យល់​ណែនាំ គាត់​ក៏​ព្រម​លក់ ហើយ​ក្រសួង​បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​៨​ពាន់​ដុល្លារ​ក្នុង​ទិញ​ផ្ទះ​នេះ​។ ផ្ទះ​នេះ នឹង​សាងសង់ឡើង​តាម​ទម្រង់​ដើម​ទាំងស្រុង​និង​ជួសជុល​កន្លែង​បាក់បែក​ផងដែរ​»​។

​ដោយសារ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ប្រមាណ​២៨​គីឡូម៉ែត្រ ពី​ទីតាំង​ផ្ទះ​សសរ​១០០​ទៅ​វត្ត​រកា​កណ្ដាល ខណៈ​សភាព​ផ្ទះ​ចាស់​ទ្រុឌទ្រោម ដោយ​នៅសល់​សសរ​ត្រឹម​៥០​ផង​នោះ ទើប​ក្រុមការងារ​របស់​ក្រសួង​សម្រេច​រុះរើ​ទាំងស្រុង ហើយ​សាង់សង់​ឡើងវិញ​។ ក្រោយ​សាងសង់​ហើយ ផ្ទះ​នេះ នឹង​ក្លាយទៅជា​សារមន្ទីរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ជាមួយគ្នានេះ នៅ​វត្ត​រកា​កណ្ដាល ក៏មាន​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​១ បាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៨៣៨​ទៀតផង​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×