Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិមាណ​ផល​កៅស៊ូ ឆ្នាំ ២០១៨ សម្រេច​បាន​លើស​ពី​ឆ្នាំមុន​ជាង ៣០%

spot_img

​កាលពី​សប្តាហ៍​មុន​នេះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អំពី​ស្ថានភាព​នៃ​ផលិតកម្ម និង​តម្លៃ​កៅស៊ូ​។​

​តាម​របាយការណ៍​រប​ស់អគ្គ​នាយ​ប៉ុល សុ​ផា ចុះ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៨ បានឲ្យដឹងថា កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន ៤៣៦.៣៣៩ ហិកតា ដែល​ក្នុងនោះ ផ្ទៃ​ដី​ចៀរ​ជ័រ​មាន​ចំនួន ១៧០ ២៣០​ហិកតា ស្មើនឹង ៣៩.០១% និង​ផ្ទៃ​ដី​ថៃ​ទាំ​មាន​ចំនួន ២៦៦.១០៩ ហិកតា ស្មើនឹង ៦០.៩៨​ភាគរយ​។​

​របាយការណ៍​ខាងលើ បាន​ឲ្យដឹង​បន្ត​ថា បរិមាណ​ផលិតផល​សម្រេចបាន​ក្នុង​រយៈពេល ១២​ខែ មាន​ចំនួន ១៩៣,២៨៦​តោន បាន​កើនឡើង​ចំនួន ៤៨ ០៨៧ តោន ស្មើនឹង ៣៣​ភាគ​យ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បរិមាណ​បញ្ចេញ​លក់ ក្នុង​រយៈពេល ១២​ខែ មាន​ចំនួន ១៨៨,៨៣២​តោន បាន​កើនឡើង​ចំនួន ៤៣,៧៣២​តោន ស្មើនឹង ៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។​

​របាយការណ៍​ដដែល​បានឲ្យ​ដឹង​ពី​តម្លៃ​របស់​កៅស៊ូ​ផងដែរ​ថា ៖ “​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​រយៈពេល ១២​ខែ គឺ ១៥៨៦​ដុល្លារ ក្នុង​មួយ​តោន បាន​កើនឡើង ៣០៣​ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ២៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​”​។​

​យោង​តាម​ការប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ ដែល​ទទួល​បាន​ការឧត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​អភិវឌ្ឍន៍អ​ន្ត​រ​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា (USAID) បានឲ្យដឹងថា ៨០% នៃ​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​កសិកម្ម​។ ៦៥​ភាគរយ នៃ​មុខរបរ​របស់​ប្រជាជន គឺពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ហើយ​វិស័យ​នេះ​បាន​ចូលរួមចំណែក ៣២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅក្នុង​ឆ្នាំ ២០១៣​។ ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ប្រមាណ ៣,៧ លាន​ហិកតា សម្រាប់​ការងារ​ដាំ​ដុះ​។​

​ដូច្នេះ​ឯង​ទើប ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០១៨​នេះ សម្តេច​បាន​ស្នើ​ឲ្យ​ប្រទេសឥ​ណ្ឌា​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ឥណ្ឌា ក្នុង​ការពិនិត្យ​មើល​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​។ ពិត​ណាស់​ក្នុង​នោះ មាន​ដំណាំ​កៅស៊ូ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ៕ ពាយ័ព្យ​

spot_img
×