Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណុច​សំខាន់ៗ​ នៃ​កិច្ចពិភាក្សា​របស់សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៦ ស្ដីពី​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគ្គសម័យ​ឌីជីថល​

spot_img

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នៃ​កិច្ចប្រជុំ​កំ​ពូល​​​អាស៊ាន​លើក​ទី​៣៦ ស្ដីពី​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគ្គសម័យ​ឌីជីថល​។​

​ប្រធានបទ​ស្ដីពី «​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល​» ពិត​ជាមាន​សារៈសំខាន់ ស្រប​ពេលដែល​បច្ចេកវិទ្យា​ឌីជីថល ត្រូវបាន​ប្រើប្រាស់​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ​, ការលើកកម្ពស់​តួនាទី​ស្ត្រី គឺជា ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ (SDG 2030) ។

​ក្នុង​បរិការណ៍​បច្ចុប្បន្ន​, ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន លើ​ស្ត្រី​ច្រើនជាង​បុរស​, ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម​, ជាពិសេស​ស្ត្រី​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន មាន​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម និង វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​អាច​មិនបាន​ទទួល​នូវ​ការឧបត្ថម្ភ​ពី​កម្មវិធី​គាំពារ​សង្គម ដែលជា​ធម្មតា​គ្របដណ្ដប់​លើក​ម្មករ​-​និយោជិត សម្រាប់​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។

​ទោះយ៉ាងណា​ក៏ដោយ​, ការលើកកម្ពស់​តួនាទី​របស់​ស្ត្រី​នៅក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល (Digital Information) ត្រូវបាន​ចាត់ ទុក​ថា​ជា​កាលានុវត្តភាព និង កាតាលីករ​ថ្មី​មួយ សម្រាប់​ព​ន្លឿ​ន​ការសម្រេចបាន​នូវ​សមភាព​យេនឌ័រ និង ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​បរិ​យា​ប័ន្ន ។ ជាក់ស្តែង​, ការចូលរួមចំណែករ​ប​ស់ស្ត្រ​ក្នុងការ​- ជំរុញ​កំណើនសេដ្ឋកិច្ច គឺ​នៅមាន​សក្តានុពល​ច្រើន​។

​ហេតុនេះ​, រដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន និង ភាគី​ពាក់ព័ន្ធ​, ជាពិសេស វិស័យ​ឯកជន​, ត្រូវ​រួមគ្នា​បង្កើត​បរិយាកាស​មួយ​អំណោយផល​ដែល​អាចឱ្យ​ស្ត្រី​មាន​ភាពងាយស្រួល​ក្នុងការ​ចាប់យក​កាលានុវត្តភាព និង​សក្តានុពល​ថ្មី​ទាំងនេះ​។ ក្នុងន័យនេះ​, យើង​គួរ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល ដោយ​ផ្តោតលើ​ការងារ​ដូចខាងក្រោម ​៖

​ទី​១). បង្កើន​ការផ្តល់សេវា និង លើកកម្ពស់​ការទទួល​បាន​សេវា​របស់​ស្ត្រី និង​កុមារី ក្នុងការ​ប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែល​ស្ត្រី​អាច​ប្រើប្រាស់​សេវា ICT ដោយ​ងាយស្រួល និង​មាន​សុវត្ថិភាព និង​ការវិនិយោគ និង​ការរៀបចំ​គោលនយោបាយ ប្រកប ដោយ​បរិ​យា​ប័ន្ន សំដៅ​ផ្តល់​សេវា ICT ក្នុង​ថ្លៃ​សមរម្យ (affordable ICT service)​។

​ទី​២). ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអប់រំ​ផ្នែក STEAM ដែល​អាចឱ្យ​ស្ត្រី និង កុមារី​ទទួលបាន ចំណេះដឹង​ថ្មីៗ​ពាក់ព័ន្ធ​នឹង ICT ។

​ទី​៣). បន្ត​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ការបង្កើន​ការ​- យល់ដឹង​អំពី​ការអភិវឌ្ឍ​អាជីវកម្ម​សំខាន់ៗ ជាពិសេស សម្រាប់​សហគ្រាស​ធុន​តូច និង មធ្យម និង វិស័យ ICT, ពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​, និង រៀបចំ​ដាក់​វិធានការ​លើកស្ទួយ​តួនាទី​របស់​ស្ត្រី​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ទៅក្នុង​ក្របខណ្ឌ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ទី​៤). រៀបចំ​ប្រព័ន្ធ​បរិស្ថាន (Ecosystem) មួយ​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគ្រាស​កម្រិត តូច​និង មធ្យម និង​សហគ្រិន​ជា​ស្ត្រី ដោយ​យកចិត្តទុកដាក់​ដល់​ការបញ្ជ្រាប​ច្ចេក​វិទ្យា ឌីជីថល​, ការទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​, ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព ។​ល​។ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌីជីថល។

​ទី​៥). ពង្រឹង​ជំនាញ ដូចជា អក្ខរកម្ម​ឌីជីថល (Digital literacy) និង ការការពារ​អត្តសញ្ញាណ ដើម្បី ឱ្យ​ស្ត្រី​អាច​ទទួលបាន​ប្រយោជន៍​ពេញលេញ និង ប្រកបដោយ​សុវត្ថិភាព ពី​សេដ្ឋកិច្ច​ឌីជីថល​។

​ទី​៦). លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​នានា (Best practice) ពាក់ព័ន្ធ​នឹង​ការលើក​- ស្ទួយ​តួនាទី​ស្ត្រី​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×