Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៩​នាក់​ថែមទៀត​

spot_img

​ភ្នំពេញ​៖ ក្នុងពេលដែល​ក្រសួងសុខាភិបាល​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៩​នាក់​ថែមទៀត សម្តេច​តេ​ជោ​ហ៊ុន សែន បានស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ចៀសវាង​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា កម្ពុជា​ទោះបី​មិនសូវ​ទំនើប​ដូច​គេ ក៏ប៉ុន្តែ​យើង​បាន​ខិតខំ​ពង្រឹង​ការត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​និង​អ្នកធ្វើដំណើរ​ចេញចូល​ក្នុងប្រទេស​គ្រប់​ច្រក​ទាំងអស់ ទាំង​តាម​ដែន​គោក និង​តាម​ព្រលានយន្តហោះ ដែល​គ្រប់ៗ​គ្នា​ត្រូវតែ​ទទួលបាន​ការពិនិត្យ​សុខភាព (Health Screening) ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។​

​ចាប់តាំងពី​ថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជា​យើង​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ថ្មី​ចំនួន ៧​នាក់ ហើយ​នៅ​ថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺ​យើង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៩​នាក់​ថែមទៀត ដែល​ពួកគាត់​ទើបបាន​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។ ដូច្នេះ​សរុបមក​កម្ពុជា​យើង​គឺមាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ ទាំងអស់​សរុប​ចំនួន ១៣៩​នាក់ ហើយ​ព្យាបាល​ជាសះស្បើយ​បាន ១២៩​នាក់ នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សូ​វៀត​ចំនួន ១០​នាក់​។ ជំងឺ​កូ​វីដ​-១៩ នៅតែ​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត​ដែល​មិនទាន់មាន​ថ្នាំ​ព្យាបាល​នៅឡើយ​។ ថ្ងៃនេះ​តួលេខ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា​នៅក្នុង​ប្រទេស​ចំនួន ២១៦ គឺមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ បាន​កើនឡើង​រហូតដល់ 9,473,214 នាក់ និង​មាន​អ្នកស្លាប់ 484,249 នាក់​។​

​ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ជំងឺឆ្លង​ផ្សេងៗ សូម​បងប្អូន​រស់នៅ​មាន​អនាម័យ​ល្អ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ ហើយ​ត្រូវតែ​ពាក់​ម៉ាស​ជាប្រចាំ​។ កុំ​ធ្វេសប្រហែស ឬ​មើលស្រាល​ជំងឺឆ្លង​កូ​វីដ​-១៩​អោយសោះ​។ ចំពោះ​ទីកន្លែង​ដែលមាន​ចំនួន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូចជា​ទីផ្សារ ផ្សារ​ទំនើប ហាង​ទំនិញ​លក់ដូរ​តាមផ្លូវ​តូចធំ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេស​ក្លីនិក និង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន គឺ​ត្រូវតែមាន​ចឹ​ល ទឹក​អាល់កុល និង​ម៉ាស​ដើម្បីអោយ​ពលរដ្ឋ​និង​អតិថិជន​ប្រើប្រាស់​កុំអោយ​ឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​។ ព្រោះ​ជំងឺ​នេះ យើង​មើលមិនឃើញ​ទេ គឺ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​បាន​រីករាយ​ជួបជុំ​ក្រុមគ្រួសារ និង​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​ទៀត លើ​បងប្អូន​ខ្មែរ​៨​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រឡប់មក​កម្ពុជា កាលពី​ថ្មីៗ​នេះ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានប្រកាសថា ថ្ងៃនេះ​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​៩​នាក់​(​ខ្មែរ ៨​នាក់ និង​ឥណ្ឌូណេស៊ី ១​នាក់​) មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ជាសះស្បើយ​ម្នាក់ ។ រហូតដល់​ម៉ោង ៧​និង​៣០​ព្រឹក ថ្ងៃទី ២៧ មិថុនា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​៩​នាក់ (​ករណី​នាំចូល​ទាំងអស់​)​ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ ១៣៩​នាក់​ចំនួន​សម្រាក​នៅ​ពេទ្យ​ឡើងដល់​១០​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៩​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គរាម​កំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។ សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ យើង​បានធ្វើ​តេស្ត​ចំនួន 34316 ស្មើនឹង 2067 ក្នុង​១​លាន​នាក់​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នករក​ឃើញ​មាន​ជំងឺ​កូ​វីដ​ទាំង​៩​នាក់​ថ្មី​នេះ ក្នុងចំណោម​អ្នកដំណើរ​សរុប​ចំនួន​៤០​នាក់ ដែល​បាន ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មកពី​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។​អ្នកដំណើរ​ចំនួន​៣១​នាក់ ដែល​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​បន្ត​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​ច​ត្តា ឡី​ស័ក មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង និង​សណ្ឋាគារ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព និង​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​១៩ ។​

​នៅ​ថ្ងៃទី​២៧​ខែមិថុនា​នេះ មាន​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក និង​ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរ​ពេទ្យរុស្ស៊ី​។ អ្នកជា​សះស្បើយ​ជា​បុរស​ជនជាតិខ្មែរ សញ្ជាតិ​អាមេរិក​អាយុ​ជាង​៦០​ឆ្នាំ ដែល​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣៩​នាក់ ក្នុងនោះ ១២៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ ខណៈ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕
ដោយ​៖​កូ​ឡាប​

spot_img
×