Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ឧបត្ថម្ភ ដល់​ពលរដ្ឋ​ជាង​៦​ម៉ឺន​គ្រួសារ រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ នៅ​បាត់ដំបង, តែងតាំងអភិបាលស្រុកគាស់ក្រឡស្តីទី​

spot_img

​បាត់ដំបង​៖​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឧបត្ថម្ភ​ជា​ថវិកា​ប្រចាំខែ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​កម្រិត​មួយ និង​កម្រិត​ពីរ​ប្រមាណ​ជាង ៦​ម៉ឺន​គ្រួសារ ដែល​រង​ការប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ញឹក សា​រ៉ែ​ម ជា​អភិបាល​ស្ដីទី​ស្រុក​គាស់ក្រឡ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា បញ្ហា កូ​វីដ​១៩ ពលរដ្ឋ​ខេត្តបាត់ដំបង​មួយចំនួន ក៏​មិន​ខុសពី​រាជធានី​ឬ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះទេ ដែល​រង​ការប៉ះពាល់​ជីវភាព ដោយ​ពលរដ្ឋ​ក្នុង​ខេត្ត​ខ្លះ​បាន​បាត់បង់​ការងារ​ធ្វើ ហើយ​អ្នក​ខ្លះទៀត ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង ក៏បាន​បាត់បង់​ការងារ​ធ្វើ​ផងដែរ​។ បញ្ហា​នេះហើយ រាជរដ្ឋាភិបាល​ចាប់​ផ្ដើ​
​ម​ស្រាវជ្រាវ​អត្តសញ្ញាណ​គ្រួសារ​ពលរដ្ឋ​រង​ការប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​ខេត្តបាត់ដំបង បាន​វាយតម្លៃ​រកឃើញ​ចំនួន​ជាង ៥០០០​គ្រួសារ ដោយ​រាប់ទាំង​ពលរដ្ឋ​ក្រីក្រ​ចាស់​ផង​សរុប​ជាង ៦​ម៉ឺន​គ្រួសារ ស្ថិតក្នុង​ពលរដ្ឋ​ក្រីក្រ​កម្រិត​មួយ និង​ក្រីក្រ​កម្រិត​ពីរ ហើយ​ខេត្ត​ក៏បាន​ផ្ទេរ​សាច់ប្រាក់​ជូន​ពួកគេ​បាន​ជាង ១៣០០​លាន​រៀល ស្មើនឹង​ជាង ៣០​ម៉ឺន​ដុល្លារ​។​

​បើតាម​លោក អ៊ីវ កុសល ប្រធាន​មន្ទីរ​ផែនការ បាន​ប្រាប់​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្តបាត់ដំបង ក៏បាន​ចែក​ប័ណ្ណ​សមធម៌ (​ហៅ ប័ណ្ណ​ក្រីក្រ​) ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ការប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ស្ទើរតែ​ចប់​រួចរាល់​អស់ហើយ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ងួន រតនៈ បាន​ណែនាំ​ដល់​អភិបាល​ស្ដីទី​ស្រុក​គាស់ក្រឡ ត្រូវខិតខំ​ធ្វើការ​ងារ​បម្រើ​ពលរដ្ឋ មាន​ទាំង​ផ្នែក​រដ្ឋបាល សេវាសាធារណៈ ការជួយ​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​ជាដើម ត្រូវ​ចុះសួរសុខទុក្ខ​អ្នក​រង​ការប៉ះពាល់ ដោយ​ជំងឺ​កូ​វីដ​១៩ ស្តីពី​ការងារ​ទទួលបាន​នូវ​ប័ណ្ណ​ក្រីក្រ របស់​រាជរដ្ឋាភិបាល​នេះ ហើយ​អាជ្ញាធរ​ក្រុង​និង​បណ្ដា​ស្រុក រួមទាំង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ ពី​បញ្ហា​អប់រំ​ការការពារ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ផុសផុល​ថែមទៀត ខណៈ​កម្ពុជា​នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី នាំចូល​ពី​ខាងក្រៅ​ប្រទេស​នោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ​។ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​លោក ញឹក សា​រ៉ែ​ន ប្រធាន​ផ្នែក​ច្បាប់​និង​ស៊ើបអង្កេត​នៃ​សាលាខេត្ត​បាត់ដំបង ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាល​ស្តីទី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ជំនួស​លោក ម៉ៅ សុខ​ចាន់ អភិបាលស្រុក​ចាស់ ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​សាលាខេត្ត​បាត់ដំបង​វិញ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×