Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បាន​ចែករំលែក​នូវ​ទស្សនៈ ៤​ចំណុច ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​ជំងឺឆ្លង​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី តាម​ប្រព័ន្ធ​វីដេអូ ស្តីពី​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។​

​នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អូស្ដ្រាលី ស្ដីពី​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី នាពេល​បច្ចុប្បន្ន និង​ប្រទេស​អូស្ដ្រាលី​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នេះ ប្រមុខ​ការទូត​កម្ពុជា បាន​ចែករំលែក​នូវ​ទស្សនៈ ៤​ចំណុច រួមមាន​៖

១)​អាស៊ាន​បានធ្វើការ​យ៉ាងសកម្ម ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ក្នុងការ​ឆ្លើយតប​ជា​សមូហភាព ដែល​មិន​ត្រឹមតែ​ធ្វើការ​ឆ្លើយតប​រវាង​បណ្តា​ប្រទេស​សមាជិក​
​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយ​ដៃគូ​ខាងក្រៅ​ទៀតផង​។ ដំណោះស្រាយ​ដែល​ប្រកបដោយ​បុ​រេ​សកម្ម​របស់​អាស៊ាន អាច​ផ្ញើ​សារ​យ៉ាងច្បាស់​មួយ​ថា នៅក្នុងពេល​មាន​វិបត្តិ សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​បង្កើន​ការសម្របសម្រួល និង​ការឆ្លើយតប​រួមគ្នា ក៏ដូចជា​សាមគ្គី​ភាពជា​អន្តរជាតិ​។​

២) អាស៊ាន និង​អូស្ត្រាលី ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការឆ្លង​រលក​ទី​ពីរ​នៃ​ជំងឺ​រាតត្បាត​នេះ ខណៈដែល​បណ្តា​ប្រទេស​ទាំងឡាយ​កំពុង​ចាប់ផ្តើម​រៀបចំ​ផែនទី​បង្ហាញផ្លូវ​រៀងៗ​ខ្លួន ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបណ្តឹង​ចំពោះ​ជំងឺ​កូ​វីដ​-១៩​។ យើងទាំងអស់គ្នា​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​កម្ចាត់​ជំងឺ​រាតត្បាត​នេះ​ជាមួយគ្នា​លើ​គ្រប់ផ្នែក​ទាំងអស់ ស្របតាម​ការប្តេជ្ញាចិត្ត​រួមគ្នា​នៅ​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៣​។​

៣) ជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ សកម្មភាព​ជាក់ស្តែង​អាច​ត្រូវបាន​សម្រេច តាមរយៈ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅពេល​វេលា​ដ៏​ឆាប់​ខាងមុខ​។​

៤) អាស៊ាន និង​អូស្ត្រាលី​គួរតែ​សហការគ្នា​នៅ​គ្រប់​កម្រិត ដើម្បី​អភិវឌ្ឍ ធ្វើតេស្ត និង​បង្កើន​ផលិតកម្ម​ឱសថ និង​វ៉ាក់សាំង​ការពារ សម្រាប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ ឱ្យបាន​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ ដោយ​ធានាថា ប្រជាពលរដ្ឋ​ដែលមាន​សេចក្តីត្រូវការ អាចមាន​ឱកាស​ទទួល​បាន​ទាន់ពេលវេលា​នូវ​ឱសថ និង​វ៉ាក់សាំង​ទាំងនេះ ដោយ​គ្មាន​ការរារាំង​៕​

ដោយ៖កូឡាប

spot_img
×