Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី បរិស្ថាន​៖ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​គឺជា​ទង្វើ​ខុសច្បាប់ និង​ជាការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា​

spot_img

​ភ្នំពេញ​៖ «​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​គឺជា​ទង្វើ​ខុសច្បាប់ និង​ជាការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា​»​។ នេះ​គឺជា​គូសបញ្ជាក់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ​នៅ​សាលាខេត្ត​រតនគិរី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​រតនគិរី និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមមាន​អភិបាលក្រុង​ស្រុក​និង​មេឃុំ ចៅសង្កាត់​ក្រោម​ចំណុះ​រដ្ឋបាល​ខេត្តរតនគិរី​ជាច្រើនរូប​។

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ព្រមាន​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​តួនាទី​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ មិនត្រូវ​បើកដៃ​ឱ្យមាន​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឱ្យ​ក្រុម​ជនខិលខូច​ឡើយ នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា នៅ​ខេត្តរតនគិរី មានការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​កើតមានឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​មាន​ការជាប់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដូចជា​មេភូមិ​មេឃុំ​ជាដើម​ដែល​នៅ​បន្ត​បំពាន​ច្បាប់​ចុះហត្ថលេខា​លើ​លិខិត​ទិញ​និង​លក់​ដី និង​ការចុះហត្ថលេខា​បញ្ជាក់​ពី​ការកាន់កាប់​ដី ដោយ​ខុសច្បាប់ ទោះបីជា​មានការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសា​រួចមក​ហើយពី​សំណាក់ មន្ត្រី​ជំនាញ​យ៉ាងណាក៏ដោយ​។ ការណ៍​នេះ ចាំបាច់​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​តឹងរឹង​ប្រឆាំងនឹង​ការរំលោភ បំពាន​នេះ​។​

ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍ថា ជន​ដែល​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​តែងតែ​ត្រូវបាន​ប្រឈមមុខ​ច្បាប់ ហើយ​បាន​សង្កត់ធ្ងន់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងបរិស្ថាន​ពិតជា​សប្បាយរីករាយ​ក្រៃលែង​នៅពេល​ឃើញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ស្របតាម​ច្បាប់​»​។

​សូមបញ្ជាក់ថា ខេត្តរតនគិរី​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦ ដែលមាន​ផ្ទៃដី ៨៩៣ ៥៩៤ ហិកតា​ក្នុងនោះ​មានដូចជា​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​វើ​ន​សៃ​។ ជាមួយគ្នានេះ មានការ​រៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១០ ដែលមាន​ផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយ​បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​និង​អាជ្ញាធរខេត្ត​បាននិងកំពុង​ពង្រឹង​បន្ថែម​តួនាទី​របស់​សហគមន៍​ក្នុងការ​ចូលរួម​ការពា​រ​និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជាមួយ មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន​។ បច្ចុប្បន្ននេះ ខេត្តរតនគិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៦០៥៥៧​នាក់ និង​មាន​ជនជាតិភាគតិច​ចំនួន ៦០%​នៃ​ចំនួន​ពលរដ្ឋ​សរុប ហើយ​មាន​ជនជាតិភាគតិច​ចំនួន ៨​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែងតែ​ផ្តល់​មតិ​ណែនាំ​ដល់​យើងខ្ញុំ​ថា​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ជួយ​លើកតម្កើង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​និរន្តរភាព​បរិស្ថាន​និង​ធនធានធម្មជាតិ​»​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បានប្រកាសថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ដី​ពិតប្រាកដ​សូម​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ប្រសិនបើ​មាន​កំណើនប្រជាជន​ក្នុង​ឃុំ​ស្រុក ឬ​មានបំណង​ចង់​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាពលរដ្ឋ អាជ្ញាធរ​អាច​លើក​ជា​គម្រោង​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​។​

ឯកឧត្តម​បាន​ថ្លែងថា​ត្រូវ​ញែក​ឱ្យដាច់​រវាង​ការ​ឆ្វៀល​ដី​ភូមិដ្ឋាន​ចាស់​ដែល​ពលរដ្ឋ​រស់នៅ​ស្របតាម​គោលការណ៍​ស្បែក​ខ្លា និង​ស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បានមកពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បាន​ព្រមាន​ទុកជាមុន​ថា ករណី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បានមកពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ជា​ទង្វើ​ខុសច្បាប់ ហើយ​ត្រូវ​ប្រឈមមុខ​ច្បាប់​»​។

​ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ ក៏បានផ្តល់​ជា​គំនិត​ដល់​អាជ្ញាធរ​ក្នុងការ​គិ​រ​គូរ​ជាមួយ​ប្រជា​សហគមន៍ បង្កើត​ជម្រើស​មុខរបរ​ថ្មី​ដូច​ជាការ​ចិញ្ចឹមសត្វ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ក្រៅពី​មុខរបរ​ប្រពៃណី​ដកហូត​អនុ​ផល​​ព្រៃឈើ ការទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ពនេចរ ហើយ​ក្រសួងបរិស្ថាន​ត្រៀមខ្លួន​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា។​

​ចក្ខុវិស័យ​និង​ការចូលរួម​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​នេះ​ត្រូវបាន​ចែករំលែក​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ដោយ​ឯកឧត្តម​បាន​ថ្លែងថា​៖«​យើងខ្ញុំ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​យើងខ្ញុំ​ពឹង​អាស្រ័យ​មុខរបរ​លើ​ធនធានធម្មជាតិ​ទេ គឺមាន​មុខរបរ​ផ្សេង​ក្រៅពី​ការប្រមូល​អនុផល​ព្រៃឈើ ដើម្បី​ទុកឱ្យ​ធនធានធម្មជាតិ​មាន​ការរីក​ធំធាត់ និង​ធ្វើឱ្យ​ខេត្តរតនគិរី​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​សម្បូណ៌​ដោយ​ធនធានធម្មជាតិ​ដើម្បី​ផលប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។ ខ្ញុំ​សូម​ស្នើ​សុំឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​សហការគ្នា​ឱ្យបាន​ល្អ ចូលរួម​ការ​
​ពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​»​។

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​នោះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​បើក​វេទិកា​សំណួរចម្លើយ ដោយ​ក្នុងនោះ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រុង​នានា​ខេត្តរតនគិរី​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់​សំរាម ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​បញ្ហា​មួយចំនួនទៀត​៕ ដោយ​៖​កូ​ឡាប

spot_img
×