Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ជំរុញ​ការនាំចេញ ផលិតផល​កសិកម្ម និង ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​ដ៏​ធំ​របស់​ចិន

spot_img

​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដំបូងបង្អស់​ដ៏​មាន​សារ សំខាន់​របស់​កម្ពុជា ។ នៅពេល​ចូល​ជា​ធរមាន​, កិច្ចព្រមព្រៀង​នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​នៅក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ និង​ជំរុញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា ជាពិសេស ផលិតផល​កសិកម្ម និង ក​សិ​-​ឧស្សាហកម្ម ទៅកាន់​ទីផ្សារ​ដ៏​ធំ​របស់​ចិន តាមរយៈ​ការឯកភាព​លើ​ការបើក​ទីផ្សា​ទំនិញ​បន្ថែម​នេះ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដោយមាន​ការអញ្ជើញ​ចូល រួម​ពី​ឯកឧត្តម​-​លោកជំទាវ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​សមាជិក​ក្រុមការងារ​ចរចា​របស់ កម្ពុជា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នា​ព្រឹក​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​របស់​កម្ពុជា បាន​រាយការណ៍ ជូន​អង្គប្រជុំ ស្តីពី​លទ្ធផល​នៃ​ការចរចា​របស់​អនុ​ក្រុមការងារ​នីមួយៗ លើ​បណ្តា​ជំពូក​នានា នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដោយ​ក្នុងនោះ ទីផ្សារ​ទំនិញ​ត្រូវបាន​បើក​បន្ថែម​ពីលើ​យន្តការ​ដែលមាន​ស្រាប់​, ច្រកចូល​ទីផ្សារ​ផ្នែក​សេវាកម្ម ក៏ត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​, កិច្ចសហប្រតិបត្តិការ​វិនិយោគ ត្រូវបាន​យកចិត្តទុកដាក់​លើស​ស​រ​ស្តម្ភ នៃ​ការជំរុញ និង​សម្រួល​វិនិយោគ​, វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ក៏ដូចជា​យន្តការ​អនាម័យ និង​ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម ក៏ត្រូវ​បានរៀបចំ​ឡើង​ដោយមាន​ភាពច្បាស់លាស់ និង​អនុគ្រោះ​, វិស័យ​ពាក់ព័ន្ធ​នានា ត្រូវ​បានកំណត់​នៅក្នុង​កិច្ចសហប្រតិបត្តិការ សំដៅ​លើកកម្ពស់ និង​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​, និង​ផ្តល់​លទ្ធភាព​ដល់​ភាគី​ទាំងពីរ អាច​ពិគ្រោះ​យោបល់ និង​ឯកភាពគ្នា​លើ​ការជ្រើសរើស​វេទិកា និង​នីតិវិធី​ដោះស្រាយ​វិវាទ​។​

​លោក​ក៏បាន​គូសបញ្ជាក់​អំពី​ការប្រកាន់​ភ្ជាប់​របស់ អនុ​ក្រុមការងារ​ចរចា​របស់​កម្ពុជា នូវ​អាណត្តិ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​គណៈ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​កិច្ចប្រជុំ​នា​ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ចរចា​កិច្ចព្រមព្រៀង​នេះ​។​

​បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការធ្វើ​សមារ​ហណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​តំបន់ និង​សកលលោក តាមរយៈ​ការពង្រឹង​ការ ចូលរួម​របស់​កម្ពុជា​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​សកលលោក ក៏ដូចជា​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​សក្តានុពល ទាក់ទាញ​វិនិយោគ​ធ្វើជា​មូលដ្ឋាន​ផលិតកម្ម សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ។​

​កិច្ចព្រមព្រៀង​នេះ គឺជា​សមិទ្ធផល និង​ផ្លែផ្កា​ដែល​កើតចេញ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន និង​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ប្តេជ្ញា​បន្ត​រឹតចំណង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតល្មួត និង​រឹងមាំ​លើ​គ្រប់​វិស័យ សំដៅ​ចូលរួម ចំណែក​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ បាន​ឯកភាព​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នេះ នាពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ក្រុមការងារ​ចរចា​របស់​កម្ពុជា ដែល​បាន​ខិតខំ និង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដោយបាន​បញ្ចប់​ការចរចា តាម​កាលបរិច្ឆេទ​ដូច​បាន​គ្រោងទុក​៕
​ដោយ​៖​កូ​ឡាប​

spot_img
×