Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​ដី​រដ្ឋ​ពី​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ និង​មាន​តួនាទី​ទទួលខុសត្រូវ​លើ​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

spot_img

​ស្ទឹងត្រែង​៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​សង្កត់ធ្ងន់ថា​អាជ្ញាធរ​មូលដ្ឋាន​មាន​កាតព្វកិច្ច​ចូលរួម​ការ​ពារ​​ដី​រដ្ឋ​ពី​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ និង​មាន​តួនាទី​ទទួលខុសត្រូវ​លើ​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។​

ឯកឧត្តម សាយ សំ​អាល់ លើកឡើង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​នៅ​សាលាខេត្ត​ស្ទឹងត្រែង​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត​ស្រុក​ឃុំ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ខេត្តស្ទឹងត្រែង និង​សមាជិក​គណៈកម្មាធិការ​ទី​៣ របស់​ព្រឹទ្ធសភា និង​រដ្ឋសភា​ចូលរួម​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​គូសបញ្ជាក់ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ និង​គោលការណ៍​ច្បាស់លាស់​ពី​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ ហើយ​អាជ្ញាធរ​ឃុំ​ស្រុក​នេះហើយ​ដែលជា​អ្នកអនុវត្ត​ច្បាប់​ដោយ​មិនចាំបាច់​រង់ចាំ​ក្រសួង​ស្ថាប័ន​ណាមួយ​ឡើយ ហើយ​សូមកុំ​គិតថា​បទល្មើស​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ជា​សមត្ថកិច្ច​ដោយឡែករ​បស់​ក្រសួង​ស្ថ​ប័ន​ណាមួយ តែ​ជាការ​ទទួលខុសត្រូវរ​បស់​អាជ្ញាធរ​ផ្ទាល់ និង​ការពារ​អភិរក្ស​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​យើង​។

​ជាមួយ​ការថ្លែងអំណរគុណ​ចំពោះ​គ្រប់​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​សហការគ្នា​បាន​យ៉ាង​ល្អ​នាពេល​កន្លងមក​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដូចជា​ការកាប់​ឈើ ការ​បរបាញ់​សត្វ ការកាប់​រាន ដុត ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ ឯកឧត្តម សាយ សំ​អាល់ បាន​ជំរុញ​អាជ្ញាធរ​ឃុំ​ស្រុក​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ ក្រុម​ជនខិលខូច​ដែល​បន្ត​ប្រព្រឹត្ត​បទល្មើស និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​លើ​បទល្មើស​ដែល​កើតមាន​ជាពិសេស​បទល្មើស​កាប់​រា​ន ដុត​ឆ្ការ ទ​ន្ទ្រា​កាន់កាប់​ដី​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ខេត្តស្ទឹងត្រែង​។ ឯកឧត្តម​បាន​ថ្លែងថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការ​ពរ​និង​អភិរក្ស​ធនធានធម្មជាតិ​បានល្អ​ប្រសើរ រហូតមកទល់​ពេលនេះ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​លែងមានទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​បន្ត​សហ​ការគ្នាម​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​និរន្តរភាព​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ទាំង ៦ កន្លែង​ជាពិសេស​ការកាប់​ទន្ទ្រាន​រាន​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ឧទ្យាន​ជាតិ​សៀម​ប៉ាង វើ​ន​សៃ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន​។ យោងតាម​មន្ត្រី​ជំនាញ​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​នៅក្នុង​ស្រុក​ឋា​ឡា​បរិ​វ៉ា​ត់​មានការ​កើតឡើង ច្រើន និង​រហូតដល់​មានការ​យក​ដី​រដ្ឋ​ពុះ​ជា​ឡូ​តិ៍លក់ ហើយ​តាម​ការស្រាវជ្រាវ​បង្ហាញថា​អាជ្ញាធរ​មូលដ្ឋាន​មាន​ទាំង​មេភូមិ​និង​មេឃុំ​មានការ​ពាក់ព័ន្ធ​លើ​ការចុះហត្ថលេខា​ទទួលស្គាល់​ដី​ទន្ទ្រាន​កាន់កាប់​ខុសច្បាប់​ថែមទៀត​ផង​។ ទង្វើ​នេះ​ជាការ​ផ្ទុយ​នឹង​ច្បាប់​ដែល​អ្នកពាក់ព័ន្ធ​នានា​បាននិងកំពុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​នៅ​ចំពោះមុខ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែងថា​សូម​អាជ្ញាធរ​ឃុំ​ស្រុក​ត្រូវ​ញែក​ឱ្យដាច់​រវាង​ការ​ឆ្វៀល​ដី​ភូមិដ្ឋាន​ចាស់​ដែល​ពលរដ្ឋ​រស់នៅ​ស្របតាម​គោលការណ៍​ស្បែក​ខ្លា និង​ការស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បានមកពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បាន​ព្រមាន​ទុកជាមុន​ថា ករណី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ដែល​បានមកពី​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ជា​ទង្វើ​ខុសច្បាប់ ហើយ​ត្រូវ​ប្រឈមមុខ​ច្បាប់​»​។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ ក៏បានផ្តល់​ជា​គំនិត​ដល់​អាជ្ញាធរ​ក្នុងការ​គិ​រ​គូរ​ជាមួយ​ប្រជា​សហគមន៍ បង្កើត​ជម្រើស​មុខរបរ​ថ្មី​ដូច​ជាការ​ចិញ្ចឹមសត្វ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ក្រៅពី​មុខរបរ​ប្រពៃណី​ដកហូត​អនុផល​ព្រៃឈើ ការទន្ទ្រាន​ដី​ធ្វើ​ចម្ការ​ពនេចរ ហើយ​ក្រសួងបរិស្ថាន​ត្រៀមខ្លួន​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង ស្រូវ​ត្រ​យ៉ង​ដែល​អនុវត្ត​ដោយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុងទិសដៅ​ផ្សាភ្ជាប់​រវាង​ការអភិរក្ស​និង​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ដោយ​បញឈប់​មុខរបរ​បរបាញ់​សត្វព្រៃ កាប់​ឈើ និង​ការទន្ទ្រាន​ដីព្រៃ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។

«​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ក្រុមគ្រួសារ​ដែល​បាន​បញ្ឈប់​ការប្រកបមុខរបរ​ចូល​ព្រៃ​កាប់​ឈើ បរបាញ់​សត្វ និង​ការទន្ទ្រាន​ដីព្រៃ​ហើយ​ងាក​មក​ប្រក​បរបរ​ផលិត​ស្រូ​ង​សរីរាង្គ​ដែលមាន​ទីផ្សារ​និង​លក់​ក្នុងតម្លៃ​ខ្ពស់​។ នេះ​គឺជា​ការបញ្ជាក់​ពី​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ចំពោះ​បរិស្ថាន​និង​ធនធានធម្មជាតិ និង​បានឃើញ​ច្បាស់​ពី​ការប្រែប្រួល​ជីវភាព​កាន់តែ​រីកចម្រើន​។ នេះហើយ​ជា​អ្វីដែល​យើង​ត្រូវធ្វើ និង​បង្កើត​សកម្មភាព​ជួយ​ប្រជា​ស​​ហគ​មន៍​»​។ ឯកឧត្តម សាយ សំ​អាល់ ថ្លែង​យ៉ាង​ដូច្នេះ​មុននឹង​កត់សម្គាល់ថា​តាមរយៈ​ការអប់រំ​ផ្សព្វ​ផ្សាយ​ចំណេះដឹង និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ យើង​សង្កេតឃើញថា ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ក្លាយខ្លួនជា​អ្នក​បរិស្ថាន ស្រឡាញ់​ធនធានធម្មជាតិ និង​ចូលរួម​ការពារ​ធម្មជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រកបរ​បរកាប់​ឈើ​និង​បរបាញ់​សត្វ​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​និង​មាន​គម្រោង​ប្រែក្លាយ​ពួកគាត់​ពី​អ្នក​បំផ្លាញ​ធនធានធម្មជាតិ​មកជា​អ្នកចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​មន្ត្រី​ជំនាញ​វិញ​ដោយ​បង្កើត​មុខរបរ​និង​ផ្តល់​ចំណូល​ជូន​គាត់​៕ ដោយ​៖​កូ​ឡាប​

spot_img
×