Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា សោកស្តាយ និង​ហួសចិត្ត ក្រោយ​ឃើញ​ឈុត​សម្តែង​បទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ដោយ​ដៀល​សុទ្ធតែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​» ឃើញថា​បាន​ទទួលរង​ការរិះគន់​ពី​មហាជន​ជាខ្លាំង ចំពោះ​ឈុត​មួយ​នៃ​បទ​ចម្រៀង​នេះ បង្ហាញ​បុរស​ជា​ឪពុក​ម្នាក់​ចូល​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្លួន តែ​បែរជា​ត្រូវ​ម្តាយ​ខាង​ស្រី​បាន​បដិសេធ និង​បណ្តេញ​ចុះ​ពី​ភ្លាមៗ ក្រោយពី​បានដឹងថា​ឪពុក​និង​កូនប្រុស​នោះ​ជា​អ្នក​ខេត្តព្រៃវែង ដោយ​ម្តាយ​ខាង​ស្រី​បាន​លើក​ហេតុផល​ឡើង​ថា​សុទ្ធតែជា​ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ និង​សុំទាន​ជាដើម​។ នេះ​ជា​ឈុត​មួយ​ហាក់បីដូច​បង្ហាញ​ពី​ការរើសអើង និង​មាក់ងាយ​ដល់​អ្នក​ព្រៃវែង​ជាខ្លាំង ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ល្អ​យ៉ាងច្រើន​។​

​ទាក់ទង​នឹង​ឈុត​សម្តែង​ដ៏​ហួសចិត្ត​នេះ​ផងដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចេញ​ទស្សនៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖ “​តើ​អ្នក​ព្រៃវែង​ខុស​អី​? ក្នុងនាម​យុវជន​ម្នាក់​ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ និង​ហួសចិត្ត​ពេល​បានឃើញ​និង​ស្ដាប់​អត្ថន័យ​បទ​ចម្រៀង​នេះ​។ មិន​ខុសពី​ការរិះគន់​របស់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ខ្លឹមសារ​នេះ​មាន​ចរិត​រើសអើង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដីថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន​”​។​

​ឯកឧត្តម បាន​ថ្លែងថា “​ខ្ញុំ​យល់ថា អ្នកគ្រប់គ្រង​ការផលិត អ្នកដឹកនាំ​សម្ដែង ផលិតករ អ្នកនិពន្ធ គួរ​ពិ​ចារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បំផុត​ជុំវិញ​ផលប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល មុននឹង​ផលិត​ចេញ​ជា​សាធារណៈ​។ ចំណែក​អ្នកចម្រៀង អ្នក​សម្ដែង ក៏​គួរ​ពិចារណា​ដោយ​ជួយ​កេះ​គ្នា​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផងដែរ​”​។​

​ធាតុពិត​អ្នកព្រៃ​វែង​ពុំមាន​ចរិតលក្ខណៈ​ដូច​អត្ថន័យ​សម្ដែង​ក្នុង​បទ​នេះ​ទេ​។ អ្នក​ព្រៃវែង​ស្លូតបូត ឧស្សាហ៍​ព្យាយាម​ប្រកប​របរការ​ងារ​ផ្សេងៗ​។ ទោះ​ជាមាន​ចំណុច​អវិជ្ជមាន​ខ្លះ តែ​នោះ​ជា​ឥរិយាបថ​បុគ្គល ហើយ​មិនមែន​តែ​អ្នក​ព្រៃវែង និង​មិនមែន​មានតែ​ស្រុក​ខ្មែរ​ដែរ​។ សូមកុំ​យក​ទស្សនៈ (​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់​)​មក​អនុវត្ត​។ ជា​សំណូមពរ ខ្ញុំ​គិតថា ក្រុមការងារ​ផលិត​គប្បី​ចេញមុខ​សុំទោស​ជា​សាធារណៈ និង​ដកចេញ​គ្រប់​ប្រព័ន្ធ​នៃ​ការផ្សព្វផ្សាយ​ទាំងអស់​។​

​ជាថ្មី​ម្ដងទៀត ក្រុមការងារ​ផលិត​មុននឹង​ផលិត ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ការទទួលខុសត្រូវ​សង្គម និង​ការ​ប្រឈម​ផ្លូវច្បាប់​។ ក្នុងករណីនេះ អាច​ចាត់​ថា​ជាការ​ញុះញុង​ឱ្យមាន​ការរើសអើង ការជេរប្រមាថ​…​ដែល​សុទ្ធតែជា​បទល្មើស​ព្រហ្មទណ្ឌ​។ តែ​ទោះយ៉ាងណា យើង​គាំទ្រ​និង​លើកទឹកចិត្ត​រាល់​ការផលិត​ស្នាដៃ​នានា ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​របស់​យើង ឈរលើ​វិជ្ជាជីវៈ​ត្រឹមត្រូវ​៕ ដោយ​៖ លឹម ហុង​


spot_img
×