Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៥០០ ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​ពិចារណា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ ផ្អែកលើ​លទ្ធផល នៃ​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ទី​៣ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ កន្លងមក តំណាង អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៥០០ បានស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​ពិចារណា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្ដីប្រកាស​រួម​ស្ដីពី លទ្ធផល​នៃ​កិច្ច ប្រជុំពិភាក្សា ពិគ្រោះ​យោបល់​លើ សំណើសុំ ធ្វើ​វិសោធន កម្ម​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នា​ទីស្តីការ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​ផ្អែកលើ​មូលដ្ឋាន​នេះ ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​សម្រប សម្រួល ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់ ជាមួយ​តំណាង អង្គការ​សង្គម​ស៊ីវិល ដើម្បី​ស្វែងយល់​ពី​គោលបំណង និង​ហេតុផល​ក្នុងការ​លើកសំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយបាន​ចាប់ផ្ដើម​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ដែលជា​កិច្ចប្រជុំ​លើក​ទី​៦ និង​ជា លើក ចុងក្រោយ​ផងដែរ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កន្លងមក ក៏ដូចជា​នា​ថ្ងៃនេះ ក្រុមការងារ​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ មាត្រា​ចំនួន​១៧ រូ​ម​មាន​៖ មាត្រា​១ ,​មាត្រា​៣ ,​មាត្រា​៤ ,​មាត្រា​៧ ,​មាត្រា​៨, មាត្រា​៩ ,​មាត្រា​១០ ,​មាត្រា​១១ ,​មាត្រា​២០ ,​មាត្រា​២៤ ,​មាត្រា​២៥ ,​មាត្រា​២៦ ,​មាត្រា​២៧ ,​មាត្រា​៣០ ,​មាត្រា​៣១ ,​មាត្រា​៣២ និង​មាត្រា​៣៥​។​

​ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ក៏​ដូច​ក្រសួងមហាផ្ទៃ ក៏បាន​ប្ដេជ្ញា​ថា នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​បន្ដទៀត ជាមួយ​តំណាង អង្គការ​សង្គម​ស៊ីវិល ក្នុង​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពង្រឹងពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បាន​បន្ត​កិច្ចប្រជុំ​លើក​ទី​៦ ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​សំណើ និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ដោយមាន​ការចូលរួម​ពី​សមាជិក ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «​ថ្ងៃនេះ​ជា​កិច្ចប្រជុំ​លើក​ទី​៦ ហើយ​យើង​បាន​ជួប​ពិភាក្សាគ្នា ពិគ្រោះ​យោបល់​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ខកខាន​មិនបាន​ជួបពិភាក្សា​គ្នា អស់​រយៈពេល​៣​ខែ គឺ​យើង​បាន​ជួបគ្នា​ជា​ចុងក្រោយ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០»​។​

​ឯកឧត្តម​សង្ឃឹមថា កិច្ចប្រជុំ​នាពេល​ព្រឹក​នេះ​នឹង​ចប់​រួចរាល់​ចំពោះ​មាត្រា​ដែល​នៅសល់ ដែល​ក្នុង​កិច្ច​កន្លងមក​យើង​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយគ្នា​បាន​ចំនួន​១៣​មាត្រា ក្នុងចំណោម​១៧​មាត្រា ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ​នៅសល់តែ​៤​មាត្រា​ទៀត​តែប៉ុណ្ណោះ​។ ឯកឧត្តម​បន្ដថា ការជួបប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុមការងារ​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើឡើង​ក្នុង​គោលដៅ​ស្វែងយល់​អំពី សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មាន​ចំនួន​១៧​មាត្រា​។

​ឯកឧត្តម​ពន្យល់ថា ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល មិនមែនជា​អ្នកសម្រេច ហើយក៏​មិនមែនជា​អ្នក​បដិសេធ​លើ​មាត្រា​ទាំងអស់នេះ​ទេ ហើយក៏​មិនអាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងស្រុង​តាម​ការលើកឡើង​បានឡើយ ប៉ុន្ដែ​អ្វីដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​ជួប​ពិគ្រោះ​យោបល់​នាពេលនេះ​គឺ​ស្វែងយល់​គ្នា​ឲ្យ​បានច្បាស់លាស់ និង​បញ្ជាក់ជូន​អង្គការ​សង្គម​ស៊ីវិល​អំពី​ខ្លឹមសា​ច្បាប់​នេះ ហើយ​ស្វែងយល់​អំពី​គោលបំណង​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​នឹងមាន​មូលដ្ឋាន​ជាក់លាក់​ដើម្បី​រៀបចំ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​។​

​សូមជម្រាបថា ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​៩​ជំពូក និង​៣៩​មាត្រា ហើយ​ច្បាប់​នេះ​គោលបំណង​ធានា​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ​។ ជាងនេះទៅទៀត ច្បាប់​នេះ​មាន​គោលដៅ​កំណត់​បែបបទ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា​។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​មានប​ទប្ប​ញ្ញត្តិ​ច្បាប់​ដោយឡែក​ដែល​ចែង​ផ្សេង​ពីនេះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×