Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួប​១២​ឆ្នាំ ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

spot_img

​ភ្នំពេញ ​៖ ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០នេះ ជា​ខួប​១២​ឆ្នាំ​ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​ពិភពលោក​។

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។​

​ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។​

​សូមបញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​បានសម្រេច​ជា​ឯកច្ឆន្ទ​ទៅលើ​ពីរ​ចំណុច​៖

​ទីមួយ តុលាការ​យល់ឃើញថា កម្ពុជា និង​ថៃ​ពិតជា​មានការ​យល់ឃើញ​ខុសគ្នា ទៅលើ​អត្ថន័យ និង​វិសាលភាព​នៃ​សាលា​ក្រម​ឆ្នាំ​១៩៦២​ពិតមែន ដូច្នេះ តុលាការ​សម្រេច​ថា​ខ្លួន​មាន​សមត្ថកិច្ច​ដើម្បី​បកស្រាយ​សាលក្រម​នេះ ទៅតាម​បណ្តឹង​របស់​កម្ពុជា​។​

​ទី​ពីរ តុលាការ​បាន​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​សម្រេច​ថា កម្ពុជា​ត្រូវមាន​អធិបតេយ្យភាព​ទៅលើ​ព្រះវិហារ និង​តំបន់​ជុំវិញ​ព្រះវិហារ ហើយ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​នេះ​ត្រូវ​លាតសន្ធឹង​ទៅខាង​ជើង រហូតដល់​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី​១ ហើយ​ទៅខាង​ជើង​ឈៀង​ខាងលិច ទៅដល់​ជើងភ្នំ​ទ្រព្យ​។​

ភ្នំ​ទ្រព្យ​មិន​ស្ថិតក្នុង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​

ក៏ប៉ុន្តែ តុលាការ​បានបញ្ជាក់​ច្បាស់​ថា ភ្នំ​ទ្រព្យ​មិន​ស្ថិតក្នុង​តំបន់​ជុំវិញ​ព្រះវិហារ ដូចដែល​បានចែង​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ មិនមែន​មានន័យថា ភ្នំ​ទ្រព្យ​នេះ​ស្ថិតនៅក្នុង​ដី​ថៃ​នោះទេ គឺ​មានន័យថា តុលាការ​មិនបាន​សម្រេច​អំពី​តំបន់​នេះ ពោលគឺ តុលាការ​មិនបាន​សម្រេច​ថា​ភ្នំ​ទ្រព្យ​ស្ថិតក្នុង​ដី​ខ្មែរ ក៏ប៉ុន្តែ ក៏​មិនបាន​សម្រេច​ថា​វា​ស្ថិតនៅក្នុង​ដី​ថៃ​ដែរ​។ វា​គឺជា​តំបន់​ជម្លោះ ដែល​ភាគី​ត្រូវធ្វើ​ការដោះស្រាយ​ដោយ​សន្តិវិធី ទៅតាម​ធម្មនុញ្ញ​របស់​អ​.​ស​.​ប​។​

​បើ​និយាយ​ជារួម នៅក្នុង​សេចក្តីសម្រេច​នេះ តុលាការ​បាន​បញ្ជា​ក់ឡើ​ង​វិញ​ថា នៅក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​មិនបាន​ធ្វើកា​រស​ម្រេច​លើ​ខ្សែបន្ទាត់​ព្រំដែន នៅក្នុង​ផែនទី ឧបសម្ព័ន្ធ​ទាំងមូល​ទេ គឺ​ធ្វើការ​សម្រេច​តែ​នៅក្នុង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​តែប៉ុណ្ណោះ​។​

​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​?

​បើ​និយាយ​ពី​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ យើង​អាច​និយាយបានថា នៅក្នុង​សេចក្តីសម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ តុលា​ការ​បានសម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី ក៏ប៉ុន្តែ កម្ពុជា​ក៏​មិន​ទទួលបាន​ទាំងស្រុង​នូវ​អ្វីដែល​ខ្លួន​ទាមទារ​នោះដែរ។​

​កម្ពុជា​ឈ្នះ​ថៃ នៅត្រង់ចំណុច​ទីមួយ ពីព្រោះ កម្ពុជា​ទាមទារ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម ចំណែកឯ​ថៃ​វិញ​ទាមទារ​ឲ្យ​តុលាការ​ច្រានចោល​បណ្តឹង​របស់​កម្ពុជា ក្នុង​ហេតុផល​ថា មិនមាន​វិវាទ​ណាមួយ​ដែល​ចាំបាច់​ត្រូវ​បកស្រាយ​នោះទេ​។ នៅ​ចុងបញ្ចប់ តុលាការ​បានសម្រេច​ជា​ឯកច្ឆន្ទ​ថា មាន​វិវាទ​ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សាលក្រម​ពិតមែន ហើយ​តុលាការ​សម្រេច​ធ្វើការ​បកស្រាយ​ទៅតាម​ការទាមទារ​រប​ស់​កម្ពុជា​។​

​កម្ពុជា​ឈ្នះ​ថៃ ត្រង់ចំណុច​ទី​២ គឺ​នៅត្រង់ថា ថៃ​ទាមទារ​ថា តំបន់​ព្រំដែន​ជុំវិញ​ប្រាសាទព្រះវិហារ គឺ​ត្រូវយក​ទៅតាម​ខ្សែបន្ទាត់​ដែល​គណៈរដ្ឋមន្ត្រី​ថៃ​បាន​គូស គឺ​មានន័យថា នៅត្រឹម​ជើង​ជណ្តើរ​ប្រាសាទព្រះវិហារ (​ដោយ​កាត់​យក​ទាំង​ផ្សារ​នៅ​ជើង​ជណ្តើរ​ប្រាសាទ ហើយ​ដែល​ឆេះ​ក្នុងពេល​ប្រយុទ្ធ​គ្នា និង​ទាំង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​បញ្ចូល​ទៅក្នុង​ទឹកដី​ថៃ​)​។ នៅ​ទីបំផុត តុលាការ​ប្រកាស​ច្រានចោល​ខ្សែបន្ទាត់​ដែល​គូស​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​នេះ​ដោយបាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ដែល​ត្រូវ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា គឺ​ត្រូវ​លាតសន្ធឹង​រហូត​ទៅដល់​ខ្សែបន្ទាត់​ព្រំដែន​នៃ​ផែនទី​ឧបសម្ព័ន្ធ​ទី​១ ពោលគឺ ទៅ​ហួស​ខ្សែបន្ទាត់​គូស​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​។ នេះ​មានន័យថា ទាំង​ផ្សារ​ដែល​នៅ​នឹង​ជើង​ជណ្តើរ​ប្រាសាទព្រះវិហារ ទាំង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ត្រូវ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​។​

​កម្ពុជា​មិន​ទទួល​ជ័យជម្នះ ១០០% ដោយសារតែ​កម្ពុជា​បានទាមទារ​ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ដែល​ត្រូវ​ស្ថិតនៅក្រោម​អធិបតេយ្យភាព​កម្ពុជា ត្រូវ​លាតសន្ធឹង​ទៅ​ពាសពេញ ដែនដី​ជម្លោះ ដែល​គេ​ហៅថា តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា​។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​មិន​គ្របដណ្តប់​រហូតដល់​ពេញ​តំបន់ ៤,៦​ទាំងស្រុង​ទេ គឺ​ទៅដល់​ត្រឹមតែ​ជើងភ្នំ​ទ្រព្យ​ប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​ភ្នំ​ទ្រព្យ​នេះ​ផង​ទេ​។​

​ថៃ​ទទួលស្គាល់​​ថា​កម្ពុជា​ជា​អ្នកឈ្នះ​

​នៅក្រោយ​ការប្រកាស​សាលក្រម នៅ​ព្រឹក​មិញ​នេះ តំណាង​ភាគី​ថៃ នៅ​តុលាការ​ក្រុងឡាអេ មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ច្រើន​ភ្លាមៗ​ទេ ដោយ​គេ​នៅចាំ​កិច្ចប្រជុំ​បន្ទាន់ ដែល​លោកស្រី​យី​ង​ឡាក់​កោះប្រជុំ នៅ​ល្ងាច​នេះ​។ ក៏ប៉ុន្តែ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ក្រុងឡាអេ ដែលជា​តំណាង​ភាគី​ថៃ​បាន​មានប្រសាសន៍​ខ្លី​ថា “​កម្ពុជា​ឈ្នះ​បាន​ដី​តែមួយ​ចំណែក​តូច​តែប៉ុណ្ណោះ​”​។​

​ខាង​ភាគី​កម្ពុជា​វិញ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ក៏​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ច្រើន​ដែរ គឺ​គ្រាន់តែ​បាន​មានប្រសាសន៍​ខ្លី​ថា សេចក្តីសម្រេច​របស់​តុលាការ​នៅ​ព្រឹក​មិញ​នេះ ជា​សេចក្តីសម្រេច “​ល្អ​គួរសម​” សម្រាប់​កម្ពុជា​។

​ប្រាសាទព្រះវិហារ ត្រូវបាន​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ ហើយ​មាន​ទីតាំង​នៅលើ​គែម​តំបន់​ខ្ពង់រាប​ដែល​គ្រប់គ្រង​វាលរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រាសាទ​នេះ​កសាងឡើង​ដោយមាន​ព្រះវិហារ​ជា​ស៊េរី​ដែល​ភ្ជាប់​គ្នា​ដោយ ប្រព័ន្ធ​នៃ​កម្រាល​ថ្ម និង​ជណ្ដើរ​ដែលមាន​បណ្ដោយ​ចំណោត​ជាង​៨០០​ម៉ែត្រ និង​មាន​កាលបរិច្ឆេទ​នៅ​ពាក់កណ្ដាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ ។​

​ទោះបីជា​យ៉ាងណា សំណង់​ប្រវត្តិសាស្ត្រ​នេះ​អាចមាន​តាំងពី​សតវត្សរ៍​ទី​៩ នៅពេលដែល​អាស្រម​ត្រូវបាន​រកឃើញ​។ កន្លែង​នេះ​ត្រូវបាន​រក្សាទុក​ពិសេស​បំផុត ពិសេស​ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​ដាច់ស្រយាល​។ មាន​ភាពមិនធម្មតា​មួយ​សម្រាប់​គុណភាព​នៃ​ស្ថាបត្យកម្ម​របស់​វា ដែល​ប្រើប្រាស់​បរិស្ថាន​ធម្មជាតិ​និង​តួនាទី​សាសនា​របស់​ប្រាសាទ ក៏ដូចជា​គុណភាព​មិនធម្មតា​នៃ​ការតុបតែង​ដោយ​ចម្លាក់​ថ្ម​។​

​ស្ថាបត្យកម្ម​សំណង់​តែមួយគត់​នៃ​ស៊េរី របស់​ព្រះវិហារ ស៊េរី​ដែល​ភ្ជាប់​គ្នា​ដោយ​ប្រព័ន្ធ​នៃ​កម្រាល​ថ្ម និង​ជណ្ដើរ​ដែលមាន​បណ្ដោយ​ចំណោត​ជាង​៨០០​ម៉ែត្រ ប្រាសាទ​នេះ​ជា​ស្នាដៃឯក​ពិសេស​មួយ​របស់​ស្ថាបត្យកម្ម​ខ្មែរ​តាមរយៈ​ប្លង់ ការតុបតែង និង​ទំនាក់ទំនង​រវាង​បរិស្ថាន​ទស្សនីយភាព​ទេសភាព​។ ពិតជា​មាន​ភាព​បរិសុទ្ធ​ទាំង​ក្នុង​ប្លង់​និង​ភាព​លម្អិត​នៃ​ការតុបតែង​៕ ដោយ​៖​កូ​ឡាប​

spot_img
×