Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ប្រកាសថា គ្មាន​បំណង​អង្គុយ​ចរចា​ជាមួយ​អា​មេ​រិច​ទៀតឡើយ​

spot_img

​មន្ត្រីការទូត​កូរ៉េខាងជើង​និយាយថា ប្រទេស​កូរ៉េខាងជើង​គ្មាន​បំណង​អង្គុយ​ចរចា​ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច​ទៀតឡើយ និង​បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង​បញ្ឈប់​ការជ្រៀតជ្រែក​។

​ការប្រកាស​របស់​កូរ៉េខាងជើង​កើតឡើង ខណៈដែល​បេសកជន​អា​មេ​រិច​គ្រោង នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេ​អ៊ូ​ល ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បន្ត​សាជាថ្មី​នូវ​កិច្ចពិភាក្សា​នុយក្លេអ៊ែរ ដែល​បាន​ជាប់គាំង ជាមួយនឹង​ក្រុង​ព្យុងយ៉ាង​។​

​លោក Kwon Jong Gun អង្គ​នាយក​ទទួលបន្ទុក​កិច្ចការ​អា​មេ​រិច នៃ​ក្រសួងការបរទេស​រប​ស់​កូរ៉េខាងជើង បានធ្វើការ​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា បាន​បកស្រាយ​ខុស​នូវ​សេចក្តីប្រកាស​របស់​អនុរដ្ឋមន្ត្រី​ការបរទេស Choe Son Hui ដែល​បានធ្វើ​ការច្រានចោល​ពាក្យ​ចចាមអារ៉ាម អំពី​កិច្ចប្រជុំ​កំពូល​មួយ​ផ្សេងទៀត​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​។​

​លោក Choe Son Hui បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កូរ៉េខាងជើង​មិនមាន​អារម្មណ៍​ត្រូវការ​កិច្ចប្រជុំ​កំពូល​ថ្មី​ឡើយ ដែល​ការប្រកាស​នោះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន​បានស្នើ​ឲ្យ​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​ជួបគ្នា​ម្តងទៀត មុនពេល​មានការ​បោះឆ្នោត​នៅ​អា​មេ​រិច នៅ​ខែ​វិ​ច្ឆ​ការ​ខាងមុខ​។​

​លោក Kwon Jong Gun និយាយ​ក្នុង​សេចក្តីប្រកាស​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថា​”​វា​គឺជា​ពេលវេលា​ដែល​ត្រូវ​បញ្ឈប់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​អ្នកដទៃ ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​វិធី ឬ​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​ទម្លាប់​អាក្រក់​ឡើយ​”​។

​លោក​ថ្លែង​ទៀតថា “​និយាយអោយចំ​តែម្តង​ទៀតថា យើង​គ្មាន​បំណង​អង្គុយ​ទល់មុខ​ជាមួយ​អា​មេ​រិច​ឡើយ​”​។​

​សូមបញ្ជាក់ថា មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​បានធ្វើការ​ជួបគ្នា​ចំនួន ២​ដង​នៅក្នុង​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​វៀតណាម ដោយ​កិច្ចប្រជុំ​កំពូល​លើក​ទី ២​ផ្តល់​ក្តីសង្ឃឹម​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​ទី ២​នៅក្នុង​ប្រទេស​វៀតណាម​បាន​បរាជ័យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×