Monday, December 6, 2021

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​គាំទ្រ​ចំពោះ​ប្រព័ន្ធ​តាមដាន និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ តំណាង​ក្រុមហ៊ុន EZECOM បានធ្វើ​បទ​បង្ហាញ​ពី​សារសំខាន់ នៃ​ប្រព័ន្ធ​តាមដាន និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ , ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​ប្រព័ន្ធ​នេះ ហើយ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​សិទ្ធិ​ត្រឹមតែ​ធ្វើលិខិត​ទៅ​អន្តរក្រសួង​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានចេញ​ប្រកាស​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តាប់​បទ​បង្ហាញ​របស់​ក្រុមហ៊ុន EZECOM ស្តីអំពី​ប្រព័ន្ធ​តាមដាន និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​បទ​បង្ហាញ​របស់​ក្រុមហ៊ុន EZECOM នាពេលនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម តំណាង​ក្រុមហ៊ុន EZECOM បានធ្វើ​បទ​បង្ហាញ​ពី​សារសំខាន់ នៃ​ប្រព័ន្ធ​តាមដាន និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ​ថា ប្រព័ន្ធ​នេះ​អាច​ឲ្យ​ដឹង​ពី ប្រជាពលរដ្ឋ និង​ជនបរទេស ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា និង​តាម​បណ្តា​ទីកន្លែង​នានា អាច​ឲ្យ​ដឹង​មុខ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​។​

​បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​ប្រព័ន្ធ​នេះ ហើយ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​សិទ្ធិ​ត្រឹមតែ​ធ្វើលិខិត​ទៅ​អន្តរក្រសួង​៕​

ដោយ៖សម្ផស្ស