Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​អប់រំ ខេត្ត​រតនគិរី សម្រេច​បាន​អត្រា​សិស្ស​ចូលរៀន​នៅ​បឋមសិក្សា ៩៥,៦%​ ឆ្នាំ​សិក្សា​២០១៦-២០១៧

spot_img

​ខេត្ត​រតនគិរី​៖ វិស័យ​អប់រំ យុវជន និង​កីឡា​នៅក្នុង​ខេត្ត​រតនគិរី សម្រេច​បាន​អត្រា​សិស្ស​ចូលរៀន​នៅ​បឋមសិក្សា ៩៥,៦% ដែល​ចំនួន​នេះ មាន​កម្រិត​ប្រហាក់ប្រហែល​ទៅ​នឹង​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត​ផង​ដែរ​។

​យោងតាម​របាយការណ៍​របស់លោក ខាត់ សា​ម៉ាល់ ប្រធានស្តីទី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី បានឲ្យដឹងថា ឆ្នាំ​សិក្សា​២០១៦-២០១៧​កន្លងមក តាមរយៈ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ បាន​ធ្វើឲ្យ​វិស័យ​អប់រំ យុវជន និង​កីឡា​នៅក្នុង​ខេត្ត​រតនគិរី សម្រេច​បាន​អត្រា​សិស្ស​ចូលរៀន​នៅ​បឋមសិក្សា ៩៥,៦% ដែល​ចំនួន​នេះ មាន​កម្រិត​ប្រហាក់ប្រហែល​ទៅ​នឹង​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត ។

​លោក ខាត់ សា​ម៉ាល់ បានបញ្ជាក់​ថា តាមរយៈ​នៃ​យុទ្ធនាការ​ប្រមូល​កុមារ​គ្រប់​វ័យ​សិក្សា​ចូលរៀន ការសង់​អគារ ការផ្តល់ និង​ពង្រាយ​គ្រូបង្រៀន ការរៀបចំ​កម្មវិធី​ពហុ​ភាសា ការផ្តល់​ថវិកា​ដំណើកា​រ​សាលារៀន ការ​ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ក្រីក្រ និង​សិស្ស​ជនជាតិដើម​ភាគតិច​ជាដើម បាន​បង្ក​លក្ខណៈ​ឲ្យ​កុមារ​ទទួលបាន​សេវា​អប់រំ​កាន់តែ​ច្រើនឡើង ។ បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​មាន​សិស្សានុសិស្ស​សរុប ៥៧១០៤ នាក់ បុគ្គលិក​អប់រំ​ទូទាំង​ខេត្ត មាន​ចំនួន ១៤១២ នាក់ ។​

​នា​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៦-២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០១៧-២០១៨ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោក លន់ សុភាព អភិបាលរង​ខេត្ត មានប្រសាសន៍ថា សង្គម​ជាតិ​អាច​រីកចម្រើន​អភិវឌ្ឍន៍​បាន ត្រូវ​ពឹងផ្អែក​លើ​ការងារ​អប់រំ ពិសេស​ការកសាង​ធនធានមនុស្ស ។

​លោក​អភិបាលរង​ខេត្ត បាន​ថ្លែងបន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​អំពី​ស្ថានភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ដោយ​បើក​ទូលាយ​នូវ​ចរន្ត​ទីផ្សារសេរី និង​ការ​តម្លើង​ប្រាក់បៀវត្សរ៍​ជូន​កម្មករ មន្ត្រីរាជការ​ជា​បន្តបន្ទាប់ ។ យ៉ាងណាមិញ​ចំពោះ​បុគ្គលិក​សិក្សាអប់រំ​ឃើញថា បៀវត្សរ៍​អប្បបរមា ១​លាន ១​ម៉ឺន​រៀល និង​បន្ត​តម្លើង​នា​ខែ​មេសា​ខាង​មុខ​ទៀត ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​នូវ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ជូន​គ្រូបង្រៀន អតីត​គ្រូបង្រៀន និង​មន្ត្រីរាជការ​សាធារណៈ​ទាំងអស់​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក និង​ប៉ុស្តិ៍​សុខភាព​របស់​រដ្ឋ ។​

​សូមបញ្ជាក់​ថា អង្គសន្និបាត​ដែល​មាន​រយៈពេល​២​ថ្ងៃ នឹង​ធ្វើ​ការពិភាក្សា​នូវ​បញ្ហា​ចំនួន ១១ ចំណុច ដើម្បី​ឲ្យ​វិស័យ​អប់រំ​នៅក្នុង​ខេត្ត កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព និង​គុណភាព​បន្ថែមទៀត ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×