Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ជឿជាក់ថា កម្ពុជា​នៅតែ​ជា​គោលដៅ​វិនិយោគ និង​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​ខ្ពស់​

spot_img

​ភ្នំពេញ​៖ សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា (JBAC) ដែលមាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ២៧០​ក្រុមហ៊ុន​ស្ថិតក្នុង​ដៃ​នោះ កំពុងតែ​សម្លឹង​រកមើល​ទីតាំង​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដោយ​ពួកគេ​ជឿជាក់ថា កម្ពុជា​នៅតែ​ជា​គោលដៅ​វិនិយោគ និង​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​ខ្ពស់​។​

​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​វិនិយោគិន​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក ខាន់​ដា យ៉ូ​ហ្គោ (KANDA Yogo) ប្រធាន​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​សាជីវកម្ម​មី​ត​ស៊ុយ​ប៊ី​ស្សី (Mitsubishi Corporation) នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ពី​សភាពការណ៍​ថ្មីៗ ក៏ដូចជា​ការវិវត្ត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា នា​កំលុងពេល​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ កម្ពុជា​ទទួលបាន​កំណើន​ទេសចរ​ក្នុងស្រុក​ច្រើនឡើងៗ ខណៈ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​មុខព្រួញ​នៃ​ប្រតិបត្តិការ​ទេសចរ​ណ៍ ក៏​កំពុង​យកចិត្តទុកដាក់​ខ្ពស់​នៅ​ទូទាំងប្រទេស ពិសេស​នៅតាម​មូលដ្ឋាន​អាជីវកម្ម​សំខាន់ៗ​ចំនួន ៦ រួមមាន​៖ រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក មូលដ្ឋាន​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក មូលដ្ឋាន​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ មូលដ្ឋាន​សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​ប្រតិភូ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា​ផងដែរ អំពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ខេត្តមណ្ឌលគិរី​នៃ​ភូមិភាគ​ឦសាន និង​ខេត្ត​កែប និង​ការអភិវឌ្ឍន៍ គោលដៅ​សេស​ដ្ឋ​កិច្ច​ពហុ​បំណង​នៅ​ក្រុងព្រះសីហនុ នៃ​តំបន់​ឆ្នេរសមុទ្រ​ភូមិភាគ​និរតី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា តំបន់​សំខាន់​ទាំងបី​ខាងលើនេះ ចាំបាច់​ត្រូវការ​អ្នកវិនិយោគ​អន្តរជាតិ​ជាច្រើន​ក្នុងការ​បណ្ដាក់​ទុក​វិនិយោគ និង​ជួយ​អភិវឌ្ឍន៍​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ប្រកបដោយ​ភាព​ទាក់ទាញ​។ដូច្នេះ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សមាជិក​របស់​ស​មា​គម JBAC ដែរ ក្នុង​ការបង្កើន​ការវិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការពន្យល់​បង្ហាញ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ លោក ខាន់​ដា បាន​ថ្លែងថា តាមពិតទៅ​សមាគម JBAC របស់លោក​មាន​គម្រោង​បង្កើន​ការវិនិយោគ​បន្ថែម​នៅ​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ​ដោយ សារ​កំលុង​ពេលនេះ ពិភពលោក​ទាំងមូល​កំ​ពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​សមាជិក​ទាំងឡាយ​ផ្អាក​គម្រោង​របស់ខ្លួន​សិន ហើយ​កំពុង​រង់ចាំ​ស្ដាប់​ព័ត៌មាន​អំពី​ការវិវត្ត​ថ្មីៗ​បន្ថែម ប៉ុន្តែ​ទោះជា​យ៉ាងណា កម្ពុជា​នៅតែ​ស្ថិតក្នុង​គម្រោង​វិនិយោគ​បន្ថែម​របស់​ពួកគេ​ជានិច្ច​។​

​ប្រធាន JBAC រូបនេះ​បានបញ្ជាក់​ទៀតថា នៅពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផុតរលត់​ពី​ពិភពលោក​នេះ​ទៅ លោក​នឹង​ជំរុញ​ទាក់ទាញ​ឱ្យ​សមាជិក​របស់​សមាគម​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ពិសេស​គឺ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នេះ​តែម្ដង​។​

​ភាគី​កម្ពុជា​មានការ​សប្បាយរីករាយ​ខ្លាំងណាស់ នៅពេល​បាន​ស្ដាប់​ការបញ្ជាក់​ពី​ភាគី​ជប៉ុន​។ ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ឱ្យ​សមាគម JBAC ជួយ​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ឱ្យបាន​ច្រើន នៅពេល​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ ខណៈ​កម្ពុជា​កំពុង​រៀបចំ​ត្រៀមខ្លួន​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការទទួល​ស្វាគមន៍​ការ​ត្រលប់មក​ម្ដងទៀត​រប​ស់​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់ថា ម្ដងនេះ​កម្ពុជា​ទទួលបាន​មេរៀន​ជាច្រើន​ពី​វិបត្តិ​ជំងឺ​កូ​វីដ ហើយ​កម្ពុជា​បានចាត់ទុក​បញ្ហា​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ជា​រឿង​ចំ​បាច់​បំផុត​សម្រាប់​ពេល​តទៅ​មុខ ដែល​ការតាំង​ចិត្ត​ទាំងនេះ​នឹង​ធានាបាន​នូវ​សុវត្ថិភាព​ទេសចរណ៍​យ៉ាងរឹងមាំ​ដល់​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទូទៅ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យដល់​សមាគម JBAC ជួយ​រៀបចំ​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​បន្ថែម​ផងដែរ ពីព្រោះ​លោក​ជឿថា​ការងារ​ទាំងនេះ​មិនអាច​ពឹង​តែ​ទៅលើ​សមាគម​ឱ្យធ្វើ​តែម្នាក់ឯង​នោះឡើយ វា​ចាំបាច់​ត្រូវឱ្យ​កម្ពុជា​ខិតខំ​ជួយ​ធ្វើ​រួមគ្នា​ដែរ ដូច្នេះហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា JBAC នឹង​ជួយ​ក្នុង​កិច្ចការងារ​នេះ​។​

​មួយវិញទៀត ឯកឧត្តម​បណ្ឌិត ថោង ខុន បានស្នើ​ដល់​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា​បន្ត​គាំទ្រ​យុទ្ធនាការ «​កម្ពុជា​ស្អាត​» ដែល​ក្រសួងទេសចរណ៍​បាននិងកំពុង​ធ្វើ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​សុី​ហ្គេម ២០២៣ ពីព្រោះ JBAC ក៏​ធ្លាប់បាន​ជួយ​ក្រសួងទេសចរណ៍ និង​មាន​គម្រោង​ក្នុង​កិច្ចការ​នេះដែរ​។​

​លោក ខាន់​ដា សន្យាថា​នឹង​ពង្រឹង​កិច្ចសហការ​ក៏​ល្អ​នេះ​ជាមួយ​កម្ពុជា​បន្តទៅ​មុខ​ទៀត ដើម្បី​ជំរុញ​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​នៃ​ប្រទេស​មិត្ត​ទាំងពីរ ដោយ​អ្វីៗ​ទាំងអស់​ខាងលើនេះ សុទ្ធតែ​សង្ឃឹមទុក​នៅពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ រលាយ​រលត់​ចេញ​ផុតពី​ភពផែនដី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×