Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​២០១៩ រដ្ឋាភិបាល ចំណាយ​ថវិកាជាតិ​សម្រេចបាន ៩៩,០៥​ភាគរយ ស្មើ​២៣៤៦៨​ប៊ី​លាន​រៀល​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​, នា​ព្រឹក​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៩:០០​នាទី​ព្រឹក​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​មានប្រសាសន៍ថា ការអនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រចាំ​ឆ្នា​២០១៩ សម្រេចបាន​វឌ្ឍនភាព​ល្អប្រសើរ លើ​គ្រប់ផ្នែក​នៃ​ក្របខ័ណ្ឌ ផែនការ​សកម្មភាព​រួម ដំណាក់កាល​ទី​៣ ក្នុងនោះ ១) ភាពជឿ​ទុកចិត្ត​នៃ​ថវិកា គឺ​នៅតែ​អាច​រក្សា​បានជា​សារវន្ត ដោយសារ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​ប្រមូល​ចំណូល​សម្រេចបាន ១៣១​ភាគរយ នៃ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ ឬ​ស្មើ​២៧៧៤០​ប៊ី​លាន​រៀល និង​ចំណាយ​ថវិកាជាតិ​សម្រេចបាន ៩៩,០៥​ភាគរយ ឬ​ស្មើ​២៣៤៦៨​ប៊ី​លាន​រៀល​។ ២) ប្រព័ន្ធ​គណនេយ្យភាព​ហិរញ្ញវត្ថុ គឺ​ត្រូវ​បាននិងកំពុង​កសាង​តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជា​ផ្លូវការ នៅ​គ្រប់​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ , រតនាគារ​ទាំង​២៥​រាជធានី​ខេត្ត មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទាំង​២៥​រាជធានី​ខេត្ត និង​ក្រសួង ស្ថាប័ន​ចំនួន​៣៧​។ ៣)​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ គឺ​បាននិងកំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថវិកា​កម្ពុជា តាមរយៈ​ការពង្រឹង​និង​ពង្រីក​ការអនុវត្ត​ថវិកា​កម្មវិធី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់ ក្រសួង ស្ថាប័ន ប្រើប្រាស់​ថវិកា​ជា​ឧបករណ៍​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តាម​វិស័យ ។ គិត​ត្រឹម​ឆ្នាំ​២០១៩ ថវិកា​កម្មវិធី​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​គ្រប់​ក្រសួង ស្ថាប័ន​និង​រដ្ឋបាលខេត្ត​ចំនួន​១៨​។ រដ្ឋបាល​រាជធានី ខេត្ត​ផ្សេងទៀត នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​២០២១​។​

​ឯកឧត្តម បាន​ថ្លែងថា សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​បានធ្វើ​វិចារណ​កម្ម​ថវិកា ដោយ​ផ្តោត​អាទិភាព​ពិសេស លើ​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ចជាតិ​។ ការធ្វើ​វិចារណ​កម្ម​ចំណាយ និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​នេះ គឺ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ចំណាយ​បន្ទុក​បុគ្គលិក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​អនុវត្ត​គោលការណ៍​រើស​ថ្មី ត្រឹម​ស្មើនឹង​ចំនួន​ចូលនិវត្តន៍ ពោលគឺ រក្សា​ចំនួន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល យោធា និង​នគរបាល ដូច​នៅក្នុង​ឆ្នាំ​២០១៩ និង​ធ្វើ​វិចារណ​កម្ម​ចំណាយ​លើ​មុខសញ្ញា​ចំនួន ដែល​មិនទាន់​ចាំបាច់ ឬ​មិនទាន់​ចាំបាច់​ខ្លាំង មិនសូវ​ប៉ះពាល់​សកម្មភាព​ការងារ និង​មាន​សមាសធាតុ​នាំចូល​ខ្ពស់ ឬ​ទាំងស្រុង ដើម្បី​យកទៅ​បំពេញមុខ​ចំណាយ​ចាំបាច់​ថ្មីៗ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ណែនាំ​សមាជិក​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅតាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បណ្តា​ក្រសួង​ស្ថាប័ន ឲ្យ​បន្ត​ពង្រឹង​ការអនុវត្ត​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​បាន​ស្វាគមន៍ ក៏ដូចជា​វាយតម្លៃ​ខ្ពស់​ចំពោះ​តំណាង​ដៃគូ​អភិវឌ្ឍន៍ ដែលជា​និច្ចកាល​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ រួមទាំង ផ្តល់​ជា​ជំ​នួន​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​ស្ថាប័ន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​ខិតខំ​បំពេញ​មុខងារ​របស់ខ្លួន​ជា​សេនាធិការ​ជូន គ​.​ហ​.​ស ទាំង​ការងារ​ដឹកនាំ សម្របសម្រួល គាំទ្រ និង​ត្រួតពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​កម្មវិធី​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ទាំង​ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ ប្រកបដោយ​ភាព​គ្រប់​ជ្រុង​ជ្រោង និង​ឆ្លុះបញ្ចាំង​ទាំង​ទិដ្ឋភាព​ការងារ​កែទម្រង់ និង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំងមូល​។​

​អង្គប្រជុំ​ពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា មាន​ភាពរឹងមាំ​ក្នុង​ការបង្ការ​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កើតចេញពី​កត្តា​ខាងក្រៅ​។ ជាក់ស្តែង ចំពោះ​មុខការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​ក​១៩ ។ ឯកឧត្តម បាន​គូសបញ្ជាក់ថា គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​យន្តការ​ឆ្លើយតប ដោយ​បង្កើត​នូវក្រោម​ការងារ​ចំពោះ​កិច្ច​ចំនួន​៤ ដើម្បី ១)​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញវត្ថុ និង​ជំនួយ​សង្គម ២) គ្រប់គ្រង​ការផ្គត់ផ្គង់ និង​តម្លៃ​ទំនិញ​យុទ្ធសាស្ត្រ ៣) រៀបចំ​និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម និង​៤)​រៀបចំ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ​ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​ផលប៉ះពាល់​៕​ដោយ៖កូឡាប

 

 

spot_img
×