Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FBI ថា​ចិន​បង្ក​ការគំរាមកំហែង​ខ្លាំង​បំផុត ចំពោះ​អនាគត​របស់​អា​មេ​រិច​

spot_img

​នាយក​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI លោក Christopher Wray បាន​និយាយថា សកម្មភាព​ចារកម្ម និង​ការ​លួច​របស់​រដ្ឋាភិបាល​ចិន បង្ក​ការគំរាមកំហែង​ខ្លាំង​រយៈពេល​វែង ទៅដល់​អនាគត​របស់​អា​មេ​រិច​។​

​លោក​ថ្លែងថា ចិន​បានចាប់ផ្តើម​ដាក់​គោលដៅ​លើ​ជនជាតិ​ចិន ដែល​កំពុង​រស់នៅ​បរ​ទេ​ដោយ​បង្ខំ​ឲ្យ​ពួកគេ​ត្រឡប់មកវិញ ហើយ​ចិន​កំពុង​ធ្វើ​កិច្ចការ ដើម្បី​ធ្វើ​ឲ្យ​ខូច​ដល់​ការស្រាវជ្រាវ​វីរុស​កូ​រ៉ូ​ណា របស់​សហរដ្ឋ​អា​មេ​រិច​។​

“​ចិន​បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​រដ្ឋ​ទាំងមូល ដើម្បី​ក្លាយជា​មហាអំណាច​តែមួយគត់ របស់​ពិភពលោក តាមរយៈ​គ្រប់​មធ្យោបាយ​ចាំបាច់​”​។​

​នៅក្នុង​សន្ទរកថា​រយៈពេល​ជិត ១​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នាយក FBI បាន​គូសបញ្ជាក់​ពី​រូបភាព​នៃ​ការជ្រៀតជ្រែក​របស់​ចិន ដែលជា​យុទ្ធនាការ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ចារកម្ម​សេដ្ឋកិច្ច ការ​លួច​ប្រាក់ និង​ទិន្នន័យ និង​សកម្មភាព​នយោបាយ​ខុសច្បាប់ ដោយ​ការប្រើ​ការស៊ីសំណូក និង​ការគំរាមកំហែង​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​គោលនយោបាយ​អា​មេ​រិច​។​

​លោក​លើកឡើងថា “​ឥឡូវនេះ ពួកយើង​បានមក​ដល់​ចំណុច​មួយ​ដែល FBI កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​ប្រឆាំង ទាក់ទង​នឹង​ចិន​រៀងរាល់ ១០​ម៉ោង​។ ក្នុងចំណោម​ករណី​ស៊ើបអង្កេត​ប្រឆាំង ៥.០០០ ដែល​កំពុងដំណើរការ មាន​ជិត​ពាក់កណ្តាល​ទាក់ទង​នឹង​ចិន​”​។​

​ប្រធាន FBI ថ្លែង​ទៀតថា ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ដឹកនាំ​កម្មវិធី​មានឈ្មោះ​ថា ប្រមាញ់​ក​ញ្ច្រោ​ង (Fox Hunt) ដោយ​ផ្តោតទៅលើ​ជនជាតិ​ចិន​កំពុង​រស់នៅ​បរទេស ដែល​ត្រូវគេ​មើលឃើញថា​ផ្តល់​ការគំរាមកំហែង​ដល់​រដ្ឋាភិបាល​ចិន​។​

​លោក​លើកឡើង​ទៀតថា “​ពួកយើង​កំពុងតែ​និយាយ​ពី​គូប្រជែង​នយោបាយ អ្នកប្រឆាំង និង​អ្នក​រិះគន់​ដែល​ស្វែងរក​ការ​លាតត្រដាង ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​របស់​ចិន​។ រដ្ឋាភិបាល​ចិន​ចង់​បង្ខំ​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ចិន​វិញ ហើយ​កលល្បិច​របស់​ចិន​បានសម្រេច​បាន​នូវ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​”​។​

​លោក​បន្តថា “​នៅពេល​ពួកគេ (​ចិន​) មិនអាច​កំណត់​ពី​គោលដៅ​នរណាម្នាក់​បាន រដ្ឋាភិបាល​បញ្ជូន​អ្នកតំណាង ដើម្បី​ឲ្យ​ទៅលេង​គ្រួសារ​នៃ​ជន​ទាំងនោះ​នៅក្នុង​ទឹកដី​អា​មេ​រិច​។ សារ​ដែល​ពួកគេ​នឹង​និយាយ​បញ្ជូន​ទៅជា​អ្វី​? គោលដៅ​មាន​ជម្រើស​ពីរ​៖ ត្រឡប់​ទៅ​ចិន​វិញ​ភ្លាមៗ ឬ​ធ្វើអត្តឃាត​ខ្លួនឯង​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×