Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ខែ ឆ្នាំ​២០២០ វិស័យ​កាត់ដេរ​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាម៉េរិក​មួយចំនួន បាន​ផ្អាក​ការបញ្ជាទិញ​សិន ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សន្និសីទ​សារព័ត៌មាន ស្តីពី​វិធានការ​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​កន្លងមក ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​១៩»​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នា​សាលប្រជុំ​ធំ​អគារ “​ឃ​” នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជាការ​ផ្សព្វផ្សាយ ពន្យល់​បន្ថែម និង​ឆ្លើយតប​ទៅនឹង​សំណួរ​ពាក់ព័ន្ធ​លើ​វិធាន​ការដែល​បានដាក់​ចេញ​ដោយ រាជរដ្ឋាភិបាល​កន្លង​មក ជូន​ដល់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សាធារណជន​ទូទៅ អំពី​ការដាក់ចេញ​របស់​រាជ​រដ្ឋាភិបាល ក្នុង​រយៈកាល​កន្លងមក​នូវ​វិធាន​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ​-​និយោជិត វិធានការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ចំនួន​៤​ជុំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ឯកឧត្តម វ​ង្សី វិស្សុត បានលើកឡើង​អំពី​វិស័យ​កសិកម្ម​កម្ពុជា ដែល​មិនបាន​រង​ការប៉ះពាល់​ពី​កូ​វីដ​១៩ ហើយ​ថែមទាំង​ផ្តល់នូវ​សក្តានុពល​ជួយ​ទៅដល់​សេដ្ឋកិច្ចជាតិ​មួយកម្រិត​ទៀតផង​ដែរ ជាក់ស្តែង វិស័យ​កសិកម្ម​មាន​ចំណែក ២៥% នៃ​កំណើន​ផលទុនជាតិ​សរុប (GDP) ហើយ​គ្របដណ្តប់ ៤០% នៃ​កម្លាំង​ពលកម្ម​សរុប​ផងដែរ​។ ជាងនេះទៅទៀត ឯកឧត្តម បាន​រំលេច​អំពី ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្បៀងអាហារ​ពិ​ព​លោក ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​។ ជារួម ឯកឧត្តម​មានប្រសាសន៍​ថា “​កសិកម្ម​ជា​ចំណុចខ្លាំង​របស់​កម្ពុជា ដែល​អាចជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​បន្ត​ទៅមុខទៀត​បាន​”​។

​ឯកឧត្តម វ​ង្សី វិស្សុត​បាន​អះអាងថា ទោះបីជា​វិបត្តិ​កូ​វីដ​-១៩ បាន វាយប្រហារ​មកលើ​សេដ្ឋកិច្ចកម្ពុជា​ខ្លាំង​យ៉ាងណាក៏ដោយ តែ​ក្នុង​រយៈពេល​៥​ខែ​ដំបូង ក្នុង ឆ្នាំ​២០២០​នេះ ការនាំចេញ​របស់​កម្ពុ​ជា នៅមាន​ភាព​វិជ្ជមាន​នៅឡើយ​។​

ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ វិស័យ​កាត់ដេរ​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាម៉េរិក​មួយចំនួន បាន​ផ្អាក​ការបញ្ជាទិញ​សិន ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩​។ ឯកឧត្ដម​បានបញ្ជាក់​ថា ប៉ុន្តែ​បើ​យើង​មើល​វត្ថុ​ផ្សេងទៀត​ដែល​យើង​នាំចេញ យើង​អត់​ទាន់​ធ្លាក់​នៅឡើយ​ទេ ឧទាហរណ៍ ទំនិញ​កសិកម្ម ទំនិញ​មិនមែន​កាត់ដេរ​ដូចជា​កង់ អេឡិចត្រូនិក គឺ​វា​កើន​។ ក្នុង​រយៈពេល​៥​ខែ ដំបូង​នេះ ការនាំចេញ របស់​យើង​ធៀប​នឹង​ឆ្នាំទៅ មិនទាន់​អវិជ្ជមាន​នោះទេ នៅ​បូក​នៅឡើយ​។​ឯកឧត្ដម​បានលើកឡើង​ថា ក្នុង​រដូវ​កាល​កូ​វីដ​-១៩​នេះ រាជរដ្ឋាភិបាល ត្រៀម​ថវិកាជាតិ ប្រមាណ​ជាង​១.០០០​លាន​ដុល្លារ​អាម៉េរិក​។ ឯកឧត្ដម​បាន​ថ្លែងថា “​ចំណាយ​ទៅលើ​កូ​វីដ ចង់​សរុប​ថា មួយ​ចុងក្រោយ​សរុបទៅ​នេះ យើង​ត្រៀម​លុយ​ចំណាយ​ទៅលើ​កូ​វីដ​-១៩ ទាំង​ជំងឺ ទាំង​ផលប៉ះពាល់​សង្គម និង​ជួយ​ដល់​វិស័យ​ឯកជន​ជា​លុយ​ថវិកាជាតិ មាន​ចំនួន​១.១៦៤​លាន​ដុល្លារ​”​។​

​ឯកឧត្ដម​បាន​បន្ដថា សម្រាប់​ជំនួយ​សង្គម រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​វិបត្ដិ​កូ​វីដ​-១៩​នេះ​។ ទន្ទឹមនេះ ក្នុង​ខែសីហា ឆ្នាំ​២០២០​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នឹង​កើន​ចំនួន​២​ម៉ឺន​គ្រួសារ​បន្ថែមទៀត ហើយ​រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា​ទុក​រួចរាល់​ហើយ​ផងដែរ ដើម្បី​ចំណាយ​ទៅលើ​ពួកគេ​។ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ​បានបញ្ជាក់​បន្ថែម​ថា មូលនិធិ​កូ​វីដ​-១៩​ដែល​បានមកពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នានា ចូលរួម​បរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន​នោះ ដែល​រហូតមក​ដល់ពេលនេះ កើនឡើង​ដល់​២០​លាន​ដុល្លារ​ហើយ​។

ឯកឧត្ដម វ​ង្សី វិស្សុត បានឱ្យដឹងថា កម្ពុជា​នៅ​ខ្ចីលុយ​ពី​បរទេស​តិច​នៅឡើយ​។ ដោយសារ​យើង​នៅ​ជំពាក់​បំណុល​គេ​នៅ​តិច យើង​សព្វថ្ងៃ​គ្រាន់តែ​នៅ​ខ្ចី​គេ​ទេ យើង​មិនទាន់​អី​ទេ អា​រឿង​ខ្ចីលុយ ខ្ចី​គេ​មិនទាន់​ខ្ចី​អស់​ផង គេ​មក​អង្វរ​ឱ្យ​ខ្ចី យើង​មិនទាន់​ប្រើ​អស់​ផង បំណុល​យើង​នៅ​ទាប ដូច្នេះ​យើង​នៅមាន​ផ្លូវ​សម្រាប់​ខ្ចី​ប៉ុន្តែ​ការខ្ចី​លុយ​គេ​ច្រើន​លើសលុប មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ដែល​តម្រូវឱ្យ​មានការ​ចាយ​ឱ្យចំ​មុខ និង​ការចាយ​ទៅតាម​នីតិវិធី​មួយ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ការប្រើ​ប្រាក់កម្ចី និង​ធនធាន​សាធារណៈ​ទាំងអស់​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×