Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បប់ នៅក្នុង​តំបន់ការពារធម្មជាតិ

spot_img

​ភ្នំពេញ ​៖ នៅ ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បានចេញ​សារលិខិត​ជម្រាបជូន​ដល់អភិបាល នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ស្តីពី​ការជំរុញ​ទប់ ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅតាម​បណ្តា​ខេត្ត​នានា​។​

​តាមរយៈ​សារលិខិត​បានបញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​នៃ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​អនុសាសន៍​ណែនាំ ឲ្យ​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែ នទី​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​ខេត្ត និង​ត្រូវ​បន្ថែម​ការត្រៀម​បម្រុង​ដី​១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍​។​

​ទន្ទឹមនេះ រដ្ឋបាល​ដ្នា​ក់​ក្រោម​ជាតិ​ត្រូវ​ទ ប់​ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មាន ការ​រុករាន​ទន្ទ្រាន​ដី ដោយ​ខុសច្បាប់​បន្ដទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​ក្លាយ ជា​សង្គ្រាម​ដីធ្លី​។ អនុវត្តតាម​គោលការណ៍ ណែនាំ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល ជាក់ស្ដែង​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ទទួល​ឲ្យ​បានល្អ​ប្រសើរ ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាលខេត្ត​ដូចខាងក្រោម ៖

​ទី​១-​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​នូវ​ទិន្នន័យ ស្ថិតិ​ប្រជាពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ដែល​ស្ថិត នៅក្នុង​ផែនទី​តំបន់ ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ នៅតាម​ខេត្ត​នានា ដើម្បី​ចាត់ចែង​ធ្វើការ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី ជូន​ពួកគាត់ ព្រមទាំង​ត្រៀម​រៀបចំ​បម្រុង​ដី​១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍​។​

​ទី​២-​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាព ការណ៍​វិវត្តន៍​ពាក់ព័ន្ធ​ការកាន់កាប់​ដីធ្លី របស់​ប្រជា ពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ ដើម្បី​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​មាន​និន្នាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្ថែមទៀត​។​

​ទី​៣-​ត្រូវខិតខំ​អប់រំ ណែនាំ និង​បកស្រាយ​បំភ្លឺ អំពី ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិនត្រូវ​ជឿ​តាម​ការ ញុះញង់ អូស ទាញ​របស់​មេខ្យល់ ឬ​ជនខិលខូច​មួយចំនួន ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍ ឬ​កេងចំណេញ​ពី​បញ្ហាដីធ្លី​នេះ​។​ករណីនេះ ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​មេខ្យល់ និង​ជនខិលខូច​ទាំងនោះ ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ទី​៤-​ចំពោះ​ទីតាំង​ដីធ្លី​មានទំនាស់ ត្រូវខិតខំ សម្រុះសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្រាវជ្រាវ ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​សាវតា​ដី​ទំនាស់ សាវតា​ប្រជាពលរដ្ឋ និង​ការទាមទារ តវ៉ា​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើជា​មូលដ្ឋាន​បង្អែក​សម្រាប់​ទាញហេតុផល​ក្នុងការ​សម្រុះសម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​

​ទី​៥-​ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​ធ្វើការ​បញ្ជាក់ ឬ​ចុះហត្ថលេខា​លើ​លិខិត ស្នាម ឬ ឯកសារ​នានា​ពាក់ព័ន្ធ​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ បែបបទ នីតិវិធី និង​គោលការណ៍ ណែនាំ​ជា​ធរមាន​។​

​និង​ទី​៥-​ក្នុងការ​ចាត់ចែង​អនុវត្ត​ការងារ​ខាងលើនេះ រដ្ឋបាលខេត្ត​ត្រូវ​រាយការណ៍ និង​ស្នើសុំ​យោបល់ ពី​ក្រសួង​រៀបចំ​ដែនដី ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម ឲ្យ​ស្របតាម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ​។​

​អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​រក្សា​ការពារ បរិស្ថាន​ធនធានធម្មជាតិ ការពារ​ដីធ្លី​សាធារណៈ ដី​សហគមន៍ និង​ចូលរួម​អនុវត្ត​ច្បាប់ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន់​កាន់កាប់​ដីព្រៃ ការរាន​ព្រៃ​ដើម្បី​កាន់កាប់​ដី ការចូល​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​សហគមន៍ និង​ដីឯកជន តាម​គ្រប់​រូបភាព​៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×