Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកស្រាវជ្រាវ​នៅ​កម្ពុជា ទទួល​រង្វាន់​សម្រាប់​វិធីសាស្ត្រ បែប​នវានុវត្តន៍​ក្នុង​ការជួយ​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​ខាង​យេនឌ័រ​

spot_img

​ភ្នំពេញ​៖​អ្នកស្រាវជ្រាវ​មួយក្រុម​មកពី មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​ប្រជាជន​អង្គការ​ខា​ណា​(KHANA Center for Population Health Research) មានជោគ​ជ័យ​ទទួល​រង្វាន់​មូលនិធិ​សម្រាប់​យកទៅដាក់​ឱ្យ​ប្រតិបត្តិការ​នូវ​បណ្តាញ​ឈែ​ត​លើ​អាប់ WhatsApp មួយ សម្រាប់​ត្រៀម​ឆ្លើយតប​ពេញ​មួយថ្ងៃ​២៤​ម៉ោង ទៅនឹង​អំពើហិង្សា​ខាង​យេនឌ័រ និង​ជួយ​ដល់​និ​យោ​ជិ​ក​នារី​ដែល​ធ្វើការ​នៅតាម​ឧស្សាហកម្ម​កម្សាន្ត​។

​ក្រុម​ធនាគារពិភពលោក និង​អង្គការ​ស្រាវជ្រាវ​អំពើហិង្សា​ខាង​ផ្លូវភេទ (Sexual Violence Research Initiative/SVRI) ប្រកាស​រួមគ្នា​អំពី​រង្វាន់​នេះ នៅថ្ងៃនេះ​។

​រង្វាន់​របស់​កម្មវិធី​ដែលមាន​ឈ្មោះថា ទីផ្សារ​អភិវឌ្ឍន៍​ឆ្នាំ​២០២០៖ ន​វា​នុ​វត្ត​ភាព​សម្រាប់​ឆ្លើយតប​អំពើហិង្សា​ទាក់ទង​យេនឌ័រ (The 2020 Development Marketplace: Innovations to Address Gender-Based Violence award) នឹង​ជួយ​បង្ក​លទ្ធភាព​ឱ្យ​អ្នកស្រាវជ្រាវ​នៅ​អង្គការ​ខា​ណា​ធ្វើតេស្ត​បណ្តាញ​ឈែ​ត​មួយ​ឈ្មោះថា ‘SMARTgirl Chatline’ ដែល​ផ្តល់​សេវា​គាំទ្រ ២៤​ម៉ោង​តាមរយៈ​អាប់ WhatsApp ដល់​ស្ត្រី​ធ្វើការ​នៅតាម​ឧស្សាហកម្ម​កម្សាន្ត ដែល​ប្រឈម​នឹង​ហានិភ័យ ឬ​ដែល​រស់រាន​ឆ្លង​ផុតពី​អំពើហិង្សា​ទាក់ទង​យេនឌ័រ​។

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖ «​សមភាព​យេនឌ័រ គឺជា​អាទិភាព​ខ្ពស់​មួយ សម្រាប់​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា ហើយ​វា​ត្រូវបាន​ឆ្លុះបញ្ចាំង​ជា​ប្រធានបទ​រឹងមាំ​មួយ នៅក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។ គម្រោង​របស់​អង្គការ​ខា​ណា គឺជា​កិច្ចខិតខំ​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​រក មធ្យោបាយ​ជួយ​ឱ្យ​នារី​និ​យោ​ជិ​ក​ទាំងនោះ​មាន​សុវត្ថិភាព ជាពិសេស អ្នក​ទាំងឡាយ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​មែនទែន​។​»

​កម្មវិធី​រង្វាន់ Development Marketplace ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក​និង​អង្គការ SVRI គឺជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ជា​លក្ខណៈ​សាកល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បែប​នវានុវត្តន៍ សម្រាប់​ជួយ​បុគ្គល សហគមន៍ និង​ប្រជាជាតិ​ក្នុងការ​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​ទាក់ទង​យេនឌ័រ​។
​នៅក្នុង​អំឡុងពេល​មានការ​រាលដាល​ជំងឺ​កូ​វីដ​១៩​ទូទាំង​សកលលោក មាន​ភស្តុតាង​លេចឡើង​បង្ហាញថា​អំពើហិង្សា​ទៅលើ​ស្ត្រី​និង​ក្មេងស្រី ជាពិសេស​អំពើហិង្សា​ក្នុង​គ្រួសារ បាន​កើនឡើង​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ដោយសារតែ​ការ​ឃាំង​ខ្លួន​ក្នុងផ្ទះ​ដើម្បី​បង្ការ​ការឆ្លង​មេរោគ និង​ដោយសារ​ការខ្វះ​លទ្ធភាព​ទទួលបាន​សេវា​នានា​ក្នុង​ពេលនេះ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា នារី ១ នាក់ ក្នុងចំណោម ៣​នាក់ បាន​រង​អំពី​ហិង្សា​ខាង​ផ្លូវភេទ​ពី​សំណាក់​ដៃគូ ឬ​មិនមែន​ដៃគូ នៅក្នុង​មួយជីវិត​របស់​ពួកគេ​។
​អ្នកស្រាវជ្រាវ​ច្រើន​នាក់​ទៀត​បាន​រកឃើញថា ទំនៀមទម្លាប់​យេនឌ័រ​ច្រើនតែ​ជា​ឫសគល់​នៃ​អំពី​ហិង្សា​ខាង​យេនឌ័រ ហើយ​ការធ្វើឱ្យ​ឥរិយាបថ​សហគមន៍ ផ្លាស់ប្តូរ​ជា​កិច្ចការ​មួយ​សំខាន់​ណាស់ ដើម្បី​ជួយ​ទប់ស្កាត់​អំពើហិង្សា​ទៅលើ​ស្ត្រី និង​ក្មេងស្រី​។

​លោកស្រី កា​រ៉ិ​ន ហ្គ្រោ​ន នាយក​ផ្នែក​យេនឌ័រ​សាកលលោក នៃ​ក្រុម​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ផល​ប៉ះទង្គិច​របស់​អ​ពើ​ហិង្សា​ខាង​យេនឌ័រ មិន​មែនមាន​ត្រឹមតែ​ពេល​មានការ​វាយដំ​ទៅលើ​ជនរងគ្រោះ​ភ្លាមៗ​នោះទេ តែ​វា​នៅ​ដិតដាម​ជាមួយ​ពួកគេ​យូរ​តទៅទៀត ក្នុងនោះ​មានការ​ប៉ះទង្គិច​ផ្នែក​សុខភាព ការ​អវត្តមាន​ញឹកញាប់ ការបាត់បង់​ផលិតភាព​នៅ​កន្លែងធ្វើការ ការបាត់បង់​ចំណូល​សម្រាប់​គ្រួសារ និង​ឥទ្ធិពល​មិនល្អ​វែងឆ្ងាយ​ទៀត​ទៅលើ​មនុស្ស​ជំនាន់​ក្រោយ​»​។

​លោកស្រី​ថ្លែង​បន្ថែមទៀតថា​៖ «​តាមរយៈ​រង្វាន់​នៃ​កម្មវិធី Development Marketplace នេះ អ្នកស្រាវជ្រាវ​ច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក បាននិងកំពុង​ជួយ​បង្កើនល្បឿន​នៃ​ការខិតខំ​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​ខាង​យេនឌ័រ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​»

​លោកស្រី អេ​លីហ្សា​បិត ដា​ត​ណា​ល់ នាយក​ប្រតិបត្តិ​នៃ​អង្គការ Sexual Violence Research Initiative ថ្លែងថា​៖ «​ការស្រាវជ្រាវ និង​សកម្មភាព​នានា​ដែល​ចេញពី​លទ្ធផល​នៃ​ការស្រាវជ្រាវ មាន​សារៈសំខាន់​សម្រាប់​ការស្វែងយល់​អំពី​កត្តា​នានា នៅ​ពីក្រោយ​អំពើហិង្សា​និង​បរិបទ​នៅ​ជុំវិញ​ដែល​ចេះតែធ្វើ​ឱ្យមាន​កត្តា​ទាំងនោះ ដើម្បី​ឈានទៅរក​ឱ្យឃើញ​នូវ​វិធី​សម្រាប់​យើង​ប្រើ​ក្នុងការ​នាំមក​នូវ​ការប្រែប្រួល​បន្តិច​ម្តងៗ​នៅក្នុង​ឥរិយាបថ​សង្គម ដើម្បី​ឈានទៅ​បញ្ចប់​អំពើហិង្សា​ទៅលើ​ស្ត្រី និង​កុមារ​។​»

​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​ធនាគារពិភពលោក និង​អង្គការ SVRI បានប្រគល់​រង្វាន់​គិត​ជា​ទឹកប្រាក់ ៥​លាន​ដុល្លារ​អាមេរិក​ដល់​គម្រោង​ស្រាវជ្រាវ​ចំនួន ៥០​គម្រោង នៅតាម​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​ជាង ៣២​ប្រទេស​។
​កម្មវិធី​រង្វាន់ Development Marketplace ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ជាការ​ចងចាំ ដល់​ជនរងគ្រោះ​ទាំង​អស់ពី​អំពើហិង្សា​ខាង​យេនឌ័រ រាប់ទាំង​នាង ហា​ណ្ណា ហ្គ្រា​ម ផង ដែលជា​កូនស្រី​របស់​បុគ្គលិក​យូរ​ឆ្នាំ​មួយរូប​នៃ​ក្រុម​ធនាគារពិភពលោក​។
​ឆ្នាំនេះ រង្វាន់ Development Marketplace នឹង​ជួយ​គាំទ្រ​ដល់​អ្នកស្រាវជ្រាវ​នៅ​ប្រទេស បូ​លី​វី​, ប្រេ​ស៊ី​ល​, កម្ពុជា​, ឥណ្ឌា​, ហ្ស​ក​ដង់​, ស៊ែរ​ប៊ី​, អា​ហ្វ្រ៊ិ​ក​ខាងត្បូង​, វៀតណាម និង​ក្រុម​មួយទៀត​ដែល​នឹងធ្វើ​ការស្រាវជ្រាវ​លំដាប់​សកល​៕
​ដោយ​៖CEN


spot_img
×