Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​កូរ៉េ បានប្រកាស​ចាប់ផ្តើម​កា​រ​ចរចា​ជា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ជួបប្រជុំ​ទ្វេភាគី តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ជាមួយ​លោកជំទាវ យូ ម្យូ​ង​ហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ ដើម្បី​ប្រកាស​ការចាប់ផ្តើម​ការចរចា​ជា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​មុននឹង​ឈាន​មកដល់​ការប្រកាស​ជា​ផ្លូវការ ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​បាន​ជួបប្រជុំ​ជាច្រើនលើក​ច្រើនសារ តាមរយៈ​ប្រព័ន្ធ​វីដេអូ និង​បាន​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល រួមមាន ១) ការសិក្សា​រួម​ស្តីពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ២) ការរៀបចំ​គោលការណ៍​រួម​នៃ​ការចរចា និង ៣) ការស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

​ការសិក្សា​បានបង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​អាចជា​កាតាលីករ​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​ការវិនិយោគ បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ផ្តល់​ផលប្រយោជន៍ ដល់​អ្នកប្រើប្រាស់ ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ​។

​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១.០៣២ លាន​ដុល្លា​អាមេរិក មានការ​កើនឡើង ២៥៤% ធៀប​នឹង​ឆ្នាំ​២០០៩ ដែលមាន​ប្រមាណ ២៩១ លាន​ដុល្លា​អាមេរិក​។ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​មធ្យ​ម​ប្រមាណ ១៥% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញ​ជំហរ​សុទិដ្ឋិនិយម​និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ ដែល​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ពឹង​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ជាពិសេស​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ឱ្យបាន​ឆាប់រហ័ស​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​នៅក្នុង​នោះដែរ រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​និង​ការវិវត្ត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​បាន​បញ្ចេញ​ទស្សនៈ​រួម ស្តីពី​ការបន្ត​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រទេស​ជា​សមាជិក ទាំង​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា ផងដែរ​។​

​ជាមួយគ្នានេះដែរ ការងារ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ក្រសួងពាណិជ្ជកម្ម​បាននិងកំពុង​អនុវត្ត​នេះ ស្របតាម “​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​” និង “​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤” ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​នាំចេញ​របស់​កម្ពុជា​បន្ថែ​ម​ទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×