Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤-​ផ្លូវជាតិ​លេខ​១) សម្រេចបាន​៣៩,៧៦% ហើយ​

spot_img

​ភ្នំពេញ​៖ នៅ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ជំនាញ និង​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ និង​ពិនិត្យថា​តើ​ក្រុមហ៊ុន​សាងសង់​កំពុង​អនុវត្ត​ការងារ​នីមួយៗ​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ឬ​កិច្ចសន្យា​ដែរ ឬទេ ដើម្បី​ធានា​គុណភាព​ផ្លូវថ្នល់​រឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​សូមបញ្ជាក់ថា​៖ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ (​ផ្លូវជាតិ​លេ​៤-​ផ្លូវជាតិ​លេខ​១) នេះ​មាន​ប្រវែង សរុប​៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង​៤៧.៦០៨​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង ស៊ីម៉ង់ត៍​សរសៃដែក ទទឹង​២២​ម៉ែត្រ និង​កម្រាស់​២២​សង់ទីម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង​៥,៣៧៥​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​(AC)​។

​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​នេះ​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ លេខ​២១ ផ្លូវជាតិ​លេខ​២១A និង​ផ្លូវ​លេខ​១១០ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+១៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត​ភ្ជាប់​ទៅកាន់​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ស្ថិតនៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ជាពិសេស​កំណាត់​ផ្លូវ​នេះ​ត​ភ្ជាប់​ផ្លូវ អាស៊ាន​ហាយ​វេ AH1​និង​AH11 និង​ផ្លូវ​ដែលជា​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ឆ្លើយតប​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ ឯក​ឧត្ដ​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​៖ ការ សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ធ្វើឡើង​តាម​ផែនការមេ និង​ចក្ខុវិស័យ​របស់​ក្រសួង ក៏ដូចជា​រាជ​រដ្ឋា ភិ​បាល ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ផលិតផល​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​សក្ដានុពល ជាពិសេស​រួមចំណែក​ដល់​ការរំដោះ​ការកកស្ទះ​ចរាចរណ៍​នៃ​យានយន្ត ដឹកជញ្ជូន ទំនិញ​ធំៗ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ផងដែរ​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​រដ្ឋលេខាធិកា​របា​ន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​សុខសន្តិភាព និង ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព និង នាំមក​ជាមួយ​នូវ​កំណើន​យានយន្ត​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាហេតុ​ធ្វើឱ្យមាន​ការកកស្ទះ ចរាចរណ៍​នៅក្នុង​ក្រុង​ជាប្រចាំ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​អំពី​ការសិក្សា​លទ្ធភាព​លើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​៤ ដែលជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥១ និង​លេខ​៤១ អាច​សម្រួល​ដល់ ការធ្វើដំណើរ​ឱ្យ​កាន់តែ​ងាយស្រួល រហ័ស​ទាន់​ចិត្ត ចំណេញ​ពេលវេលា និង​ចំណាយ​តិច​ផងដែរ​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នេះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ តាម​កិច្ចសន្យា ឬ​សៀវភៅ​បន្ទុក ពោលគឺ​គុណភាព​នៃ​ការសាងសង់​អាច​ទទួល​យកបាន ហើយ​គិត​ត្រឹម ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ កំណាត់​ផ្លូវ​នេះ​សម្រេច​ការសាងសង់​បាន​ចំនួន​៣៩,៧៦% និង​គ្រោង​បញ្ចប់​ការសាងសង់​នៅត្រឹម​ឆ្នាំ​២០២១​ខាងមុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×