Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមូល​ចំណូល​ពន្ធដារ នៅ​ឆមាស​ទី​១ ឆ្នាំនេះ មាន​កំណើន​ជាង ១២%

spot_img

​ភ្នំពេញ​៖ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ សម្រាប់​ថវិកាជាតិ​ចំនួន​៦ ៨២០.៤៨​ប៊ី​លាន​រៀល (​ប្រមាណ ១ ៦៨៤.០៧​លាន​ដុល្លារ​) ស្មើនឹង​៥៩.០៩% នៃ​ផែនការ​ប្រចាំឆ្នាំ​។​
​ចំណូល​នេះ បើ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៩ កើនឡើង​ចំនួន ៧៣៥,៨២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៨១.៦៨ លាន​ដុល្លារ​អាមេរិក​) គឹ​ស្មើនឹង​កំណើន​ជាង​១២ ភាគរយ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមិថុនា និង​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ចំណូល​ពី ប្រភេទ​ពន្ធ ២ នៅ​រក្សា​កំណើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ អាករ​លើ​តម្លៃបន្ថែម​ជាង​១ ៣៨៥​ប៊ី​លាន​រៀល ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ កើនឡើង ៦៣.៧៩ ប៊ី​លាន​រៀល ប្រមាណ​៤.៨៣ ភាគរយ និង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ២ ៧១០.១៨​ប៊ី​លាន​រៀល ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ កើនឡើង​៥០៧.២៦ ប៊ី​លាន​រៀល ប្រមាណ​២៣,០៣​ភាគរយ​។​

​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹង ថា សម្រាប់​ឆ្នាំ​២០២០​នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត ការប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់ ចំនួន​ប្រមាណ​១១ ៥៤៣.៣១ ប៊ី​លាន​រៀល (​ប្រមាណ ២ ៨៨៥,៨៣ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។​

​កាលពីពេល ថ្មីៗ​នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិកា​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ចំពោះ​ការប្រមូល​ចំណូល នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ចំណូល​ពន្ធដារ នឹង​មិនមាន​សន្ទុះ​កំណើន ខ្លាំង​ដូច​មុន​ទៀត​ទេ ដោយសារតែ​អាជីវកម្ម​ជាច្រើន រង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩​។ ប៉ុន្ដែ សម្រាប់​ចំណូល​ពន្ធគយ​វិញ អាច​នឹងមាន​ងើបឡើង​គួរ​ឲ្យ​កត់ សម្គាល់ ដោយសារតែ សកម្មភាព សេដ្ឋកិច្ច ស្ទុះ​ងើបឡើង​វិញ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ ចំណូល​ពន្ធដារ ប្រមូលបាន ជាង ២.៨១៩ លាន ដុល្លារ កើនឡើង លើស​ផែនការ ប្រចាំឆ្នាំ​២០១៩ ចំនួន ២៣,២០% ។ បើ​បូកសរុប​ចំណូល ទាំង​ពន្ធគយ និង​ពន្ធដារ កាលពី​ឆ្នាំទៅ ចំណូល​ពន្ធ ដែល​ប្រមូលបាន​ដោយ​ស្ថាប័ន​ជាតិ​ទាំងពីរ​នេះ មាន​ដល់​ទៅ ជាង ៦ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ពន្ធគយ ប្រមូលបាន ជាង ៣.២១៥ លាន ដុល្លារ មាន​កំណើន ៣០% ៕
​ដោយ​៖CEN


spot_img
×