Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ សែន ណែនាំ​ឲ្យ​ក្រសួង ឬ​មន្ទីរ​កសិកម្ម បណ្តុះបណ្តាល​ជំនាញ​បន្ថែម ដល់​ប្រជាកសិករ នូវ​បច្ចេកទេស​ចិញ្ចឹមសត្វ ក្នុង​វិបត្តិ​កូ​វីដ​១៩ នេះ​

spot_img

​ព្រៃវែង​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ក្រសួង ឬ​មន្ទីរ​កសិកម្ម​បន្ត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដូចជា​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ប្រជាកសិករ នូវ​បច្ចេកទេស​ចិញ្ចឹមសត្វ និង​ការផ្តល់​សម្ភារ​បច្ចេកទេស និង​ឲ្យ​ក្រសួងកសិកម្ម​គិតគូ​ក្នុងការ​រៀបចំ​ដី​បង្កើតជា​ស្រះ​សម្រាប់​ជួយ​ផ្គត់​ផ្គត់​ទឹក​ជូន​ប្រជាកសិករ​។ កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិ​កូ​វីដ​១៩ នេះ ឲ្យ​ទៅជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​។

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី​និង​កង្កែប​ជាក់ស្តែង​នៅ​ប​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​តាម​របាយការណ៍​រប​ស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ មាន​តួនាទី និង​សកម្មភាព​សំខាន់ៗ​លើ​ការងារ​ស្រាវជ្រាវ ការងារ​ផលិត​ពូជ​ត្រី ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វារីវប្បកម្ម​ជាដើម​។ មជ្ឈមណ្ឌល​នេះ បាន​ផលិត​ពូជ​ត្រី​រាប់លាន​កូន​ជា​រៀងរាល់ឆ្នាំ ដូចជា​ត្រី​ឆ្ពិន ត្រី​ប្រា ត្រី​អណ្តែង ត្រី​ទី​ឡា​ព្យ៉ា កង្កែប បង្កង និង​ប្រភេទ​ត្រី​កាប​មួយចំនួនទៀត សម្រាប់​ចែក​ដល់​កសិករ​យកទៅ​ចិញ្ចឹម​ទូទាំងប្រទេស និង​លែង​ចូលក្នុង​ដែនទឹក​សាធារណៈ ស្រះ​ជម្រក​ត្រី​សហគមន៍ ដើម្បី​បង្កើន​ផល​ត្រី​គ្រប់​ប្រភេទ និង​បរិ​មាណពូជ​ត្រី​ក្នុងស្រុក​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សួរនាំ​ប្រជាកសិករ​ដែល​ប្រកបរ​ចិញ្ចឹម​ត្រី និង​របរ​ចិញ្ចឹម​កង្កែប ដើម្បី​បានដឹង​ពី​ភាពងាយស្រួល និង​ការលំបាក​នៃ​ការ​ចិ​ញ្ជឹ​ម​ត្រី និង​កង្កែប​នាពេល​បច្ចុប្បន្ន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាកសិករ​យើង​។ ចំពោះ​ប្រជាកសិករ​ដែល​ចិញ្ចឹម​ត្រី​បានបង្ហាញ​ពី​ភាពងាយស្រួល ក្នុងពេល​បច្ចុប្បន្ន ព្រោះ​ចិញ្ចឹម​តាម​បច្ចេកទេស​ទំនើប មាន​ឧបករណ៍ សម្ភារ ចំណី សន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស​ជាដើម គឺ​បង្កលក្ខណៈ​ងាយស្រួល​។ ចំពោះ​ការលំបាក​វិញ ដូច​ជាមាន​បញ្ហា​ការខ្វះ​ទុន បញ្ហា​ទីផ្សារ បញ្ហា​កង្វះ​ទឹក បញ្ហា​ខ្វះ​បច្ចេកទេស​ព្យាបាល​ត្រី​ឈឺ​ជាដើម​។
​រីឯ​ចំពោះ​ការចិញ្ចឹម​កង្កែប​វិញ គឺ​ងាយស្រួល​ទទួលផល​គឺអាច​ត្រឹមតែ​២​ទៅ​៣​ខែ អាច​ទទួលបាន​ផល​ហើយ​។ ងាយស្រួល​ក្នុងការ​ហុច​ផល ជាពិសេស​ក្នុង​រដូវ​កូ​វីដ​១៩​នេះ កូន​កង្កែប​មាន​ទីផ្សារ​ខ្លាំង​ដោយសារ​ប្រជាកសិករ​ត្រូវ​ការយកទៅ​ចិញ្ចឹម​ច្រើន​។ ចំពោះ​ផលវិបាក​វិញ ដូចជា​នៅ​ខ្វះ​បច្ចេកទេស​ខ្លះ និង​បញ្ហា​នៃ​ការខ្វះខាត​ទឹក​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ គឺជា​ប្រក្រតីភាព​នៃ​ជីវភាព​តាម​គន្លង​ថ្មី បន្ទាប់ពី​យើង​ជួប​នូវ​វិបត្តិ​កូ​វីដ​១៩ ។ ថ្វីត្បិតតែ​វិស័យ​មួយចំនួន​យើង​ជួប​បញ្ហា និង​ផ្អាក​ពិធី​សំខាន់ៗ តែ​ដំណើរការ​របស់​ប្រជាកសិករ​មិន​ផ្លាស់ប្តូរ ឬ​ផ្អាក​នោះទេ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វឌ្ឍនភាព និង​ភាព​រីកចម្រើន​វិស័យ​វារីវប្បកម្ម ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ពិតមែនតែ​យើង​ជួប​វិបត្តិ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​ឧ​ស្សហកម្ម និង​វិស័យ​សេវាកម្ម​ជាដើម ក៏ប៉ុន្តែ​វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដែល​នៅមាន​ភាពល្អប្រសើរ​បំផុត ពីព្រោះ​វិស័យនេះ​វា​បាន​ធានា​ដល់​បញ្ហា​ស្បៀងអាហារ​នៅក្នុង​ស្រុក និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ កម្ពុជា​សូម​ប្រកាស​ចូលរួម​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់ ក្នុងនោះ​ដូចជា​ដូចជា​ការផ្គត់ផ្គង់​ស្រូវ​អង្ករ និង​ត្រី​ជាដើម​។ កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិ​កូ​វីដ​១៩ នេះ ឲ្យ​ទៅជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​គ្រួសារ និង​ការនាំចេញ​។ ជាមួយគ្នា​នោះដែរ ក្នុង​ការងារ​វិស័យ​វារីវប្បកម្ម​នេះ សម្តេច​តេ​ជោ​បាន​ជំ​រុញអោយ​ក្រសួង​ខិតខំ​បន្ថែមទៀត ដែល​ចាប់ពីពេលនេះ​តទៅ យើង​មិនអាច​ពឹង​ការធ្វើ​វារីវប្បកម្ម​ដោយ​ត្រី​ធម្មជាតិ​ទៀត​នោះទេ គឺ​យើង​ត្រូវ​ជំរុញ​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ដោយ​ខ្លួនឯង តាមរយៈ​ការបណ្តុះបណ្តាល​ពី​ក្រសួងកសិកម្ម​។

​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់ ការពារ​ខ្លួន​ជា​បន្តទៀត​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​មុននឹង​បញ្ចប់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាកសិករ និង​មន្ត្រីជលផល​ដែលមាន​ជាង​១០០​នាក់ មក​ចូលរួម​ក្នុង​ពិធី​នេះ ដោយ​ទទួលបាន​នូវ​សម្ភារ​ប្រើប្រាស់​មួយចំនួន ជាពិសេស​សម្ភារ​ការពា​រ​កូ​វីដ​១៩ ស្រូវពូជ និង​កូន​ត្រី​អណ្តែង​សម្រាប់​យកទៅ​ចិញ្ចឹម ជាមួយនឹង​ថវិកា​មួយចំនួន​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×