Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រដ្ឋាភិបាល បដិសេធ​ចំពោះ​សំណើ​របស់​ក្រុមហ៊ុន​មួយ ដែល​ចង់​នាំចូល​ជ្រូក​១​លាន​ក្បាល​ពី​ថៃ មក​កម្ពុជា​

spot_img

​ព្រៃវែង ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ម្សិលមិញ​មាន​ក្រុមហ៊ុន​មួយ ស្នើសុំ​ចង់​នាំចូល​ជ្រូក​១​លាន​ក្បាល​ពី​ប្រទេស​ថៃ មក​កម្ពុជា និង​ទៅ​វៀតណាម​ឆ្លងកាត់​កម្ពុជា ហើយ​សម្តេច​បាន​បដិសេធ ប៉ុន្តែ​គំនិត​របស់ខ្ញុំ គឺ​កុំ​នាំចូល​ពី​គេ​ហើយ​សម្លាប់​ការចិញ្ចឹម​សត្វ ក្នុងប្រទេស​របស់ខ្លួន ខ្ញុំ​មិន​យល់ស្រប​ទេ​។​

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នា​២០២០​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា “​ពិត​មែនហើយ​កាលពី​ម្សិលមិញ មាន​សំណើ​ក្រុមហ៊ុន​មួយ ដែល​បាន​បញ្ជូនមក​ខ្ញុំ ហើយ​ខ្ញុំ​ចារ​ត្រឡប់​ទៅ​ឲ្យ​ឯកឧត្តម វេ​ង សាខុន និង​ពិភាក្សា​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អំពី​ការស្នើសុំ​នាំចូល​ជ្រូក​រស់​ពី​ថៃ​១​លាន​ក្បាល ចូលក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​ផ្គត់ផ្គង់​ក្នុងប្រទេស​កម្ពុជា​ហើយ​នាំទៅ​វៀតណាម​។ ខ្ញុំ​គ្រាន់តែ​ចារ​ទៅ​ឲ្យ​អ្នកបច្ចេកទេស​សិក្សា​ទេ ប៉ុន្តែ​គំនិត​របស់ខ្ញុំ គឺ​កុំ​នាំចូល​ពី​គេ​ហើយ​សម្លាប់​ការចិញ្ចឹម​សត្វ​ក្នុងប្រទេស​របស់ខ្លួន ខ្ញុំ​មិន​យល់ស្រប​អាហ្នឹង​ទេ​។ ទីបំផុត​ការងារ​ធ្វើបាន​ទៅ​ប្រទេស​ថៃ ឬ​បាន​ទៅ​ប្រទេស​វៀតណាម ឯ​យើង គឺ​តែ​ប៉ុណ្ណឹង​ទេ​”​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា “​បើសិនជា​យើង​ត្រូវការ​នាំចូល យើង​នាំចូល​តែ​ចំនួន​ដែល​ខ្វះ​។ ឥឡូវ​យើង​ខ្វះ ១៨​ភាគយ បើ​យើង​ចិញ្ចឹម​ឲ្យ​គ្រប់ គឺ​យើង​មិនចាំបាច់​នាំចូល​ពី​គេ​ទៀត​ទេ ព្រោះ​បើ​ទីផ្សារ​យើង​គ្រប់​ហើយ យើង​ចាំបាច់​អី​នាំចូល​ទៀត​អី ប៉ុន្តែ​ខ្ញុំ​អត់​យល់ថា​កាលពី​ម្សិលមិញ មាន​ក្រុមហ៊ុន​មួយ​មានបំណង​នាំចូល​ជ្រូក​ពី​ថៃ​១​លាន​ក្បាល អ៊ីចឹង​បើ​ខ្ញុំ​ចារ​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នោះ​នាំចូល​ជ្រូក​១​លាន​ក្បាល ច្បាស់​ណាស់​ខ្ញុំ​សម្លាប់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ខ្មែរ​ខ្លួនឯង​ម្តង ក្នុងពេលដែល​ខ្លួន​ដើរ​ប្រកាស​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក ហើយ​បើ​យើង​នាំចូល​ក្នុង​កម្រិត​ណាមួយ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ប្រសិនបើ​យើង​ផ្គត់ផ្គង់​វា​មិន​គ្រប់ អ៊ីចឹង​បានជា​យើង​យក​ឱកាស​នេះ​ខិតខំ ចិញ្ចឹម​ផ្គត់ផ្គង់​ខ្លួនឯង​ឲ្យ​គ្រប់ រួចហើយ​មាន​តម្រូវការ​នាំចេញ គឺ​យើង​ចូលរួម​ការនាំចេញ​សម្រាប់ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នៅក្រៅ​ប្រទេស ពីព្រោះ​ទីផ្សារ​នៅក្រៅ​ប្រទេស ដូចជា​ហុងកុង សាំ​ហ្គា​ពួរ ត្រូវការ​នូវ​សាច់​សម្រាប់​ផ្គត់ផ្គង់ ពីព្រោះ​ពួកគាត់​អត់​មាន​កន្លែង​ចិញ្ចឹមសត្វ​ទេ ដូច្នេះ​ពួកគាត់​ត្រូវការ​សាច់ជ្រូក អ៊ីចឹង​ទេ​យើង​ជំរុញ​ការនាំចេញ​ត្រឡប់​ទៅវិញ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×