Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដល់ពេលនេះ ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ ដោយបាន​ធ្វើឱ្យ​ផលិតកម្ម​កសិកម្ម​ងើបឡើង​វិញ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ ដោយបាន​ធ្វើឱ្យ​ផលិតកម្ម​កសិកម្ម​ងើបឡើង​វិញ និង​សកម្មភាព​សេដ្ឋកិច្ច​នានា​មាន​សកម្មភាព​ឡើងវិញ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ឈរលើ​មូលដ្ឋាន​អនាម័យ និង​វិធានការ​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​គ្រប់​ទីកន្លែង​។ សម្ដេច​បានចាត់ទុក​ល​ទ្ធ​ផល​នេះ​ថា​ជា​ស្នាដៃ​កើតចេញពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ការចូលរួម​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ប្រជាពលរដ្ឋ បណ្ដា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ក្នុងនោះ​ក៏មាន​ភ្នាក់ងារ​អង្គការ​សហ​ប្រជា​តិ​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា​ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ស្ដីពី​កម្មវិធី​រួមគ្នា ដើម្បី​គាំទ្រ​ជន​ទេសន្តរប្រវេសន៍​ដែល​វិលត្រឡប់​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ និង​ផលប៉ះពាល់ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​បានរៀបចំ​ឡើង​ក្នុង​បរិការណ៍​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ហើយ​ថា​ដើម្បី​ប្រយុទ្ធ និង​ដោះស្រាយ​ផលប៉ះពាល់​បណ្ដ​ល​មកពី​វិបត្តិ​នេះ រាជរដ្ឋាភិបាល បាន​បង្កើត​យន្តការ និង​ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​នៅថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​បន្ត​កិច្ចប្រជុំ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​រួមគ្នា​ជួយ​ពលរដ្ឋ​ជា​ជន​ទេសន្តរប្រវេសន៍​ក្នុងស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បានអនុម័ត​គម្រោង​ថវិកា​ចំនួន​១​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​កម្មវិធី​រួមគ្នា​មួយ​រវាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ជួយ​ការពារ​ពលករ​ទេសន្តរប្រវេសន៍ ដែល​ធ្វើ​មាតុភូមិនិវត្តន៍ និង​ការពារ​ការចម្លង​ជំងឺ​ដល់​សហគមន៍​។ សម្ដេច​សង្ឃឹមថា​ភាគី​ទាំងពីរ​នឹងចូលរួម​មតិយោបល់​ល្អៗ ដើម្បី​ជួយ​ឱ្យ​ការអនុវត្ត​គម្រោង​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​

​គួរ​កត់សម្គាល់ថា ក្នុង​រយៈពេល​ជាង​៣​ខែ ដែល​ប្រទេស​ថៃ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ជា​ពលករ​ទេសន្តរប្រវេសន៍ បាន​វិលត្រឡប់​ប្រមាណ​ជាជាង​១០​ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី​ប្រមាណ​៥០​ភាគរយ និង​កុមារ​៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់លោក​ជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង នឹង​អំពើ​ជួញដូរ​មនុស្ស ដែល​បាន​ថ្លែង​ជូន​សម្ដេច និង​អង្គប្រជុំ​។​

​នាឱកាស​នោះដែរ លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស ប្រធាន​សម្របសម្រួល​អ​ង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងមហាផ្ទៃ សម្រាប់​ការប្ដេជ្ញាចិត្ត និង​ការដឹកនាំ​ក្នុងការ​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ជ​ន​ទេសន្តរប្រវេសន៍​មាតុភូមិនិវត្តន៍ ក្នុងនាម​ជា​ក្រុម​ងាយ​រងគ្រោះ​មួយ​ដ៏​សំខាន់ ដែល​រង​ផលប៉ះពាល់​ពី​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងនាម​តំណាង​អង្គការសហប្រជាជាតិ លោកស្រី រួមទាំង​បណ្ដា​តំណាង​អង្គការ​អន្តរជាតិ​នានា​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​ការពេញចិត្ត​ក្នុង​ការបន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ពលរដ្ឋ​ជា​ពលករ​ទេសន្តរប្រវេសន៍ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​។​

​លោកស្រី​វេជ្ជបណ្ឌិត លី អៃ​ឡាន ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​កោត​ស​សើរ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ត្រៀមលក្ខណៈ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​មាន សារសំខាន់​ខ្លាំងណាស់ ដើម្បី​ទទួលបាន​ជោគជ័យ​នាពេលខាងមុខ​។​

​លោកស្រី​វេជ្ជបណ្ឌិត លី អៃ​ឡាន មានប្រសាសន៍ថា «​កាលពី​សប្ដាហ៍​មុន ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប ជាមួយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ដើម្បី​ពិនិត្យមើល​ដោយផ្ទាល់​អំពី​របៀប​ដែល​ខេត្ត​នីមួយៗ បាននិងកំពុង​រៀបចំ​ត្រៀមលក្ខណៈ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ ឯកឧត្តម​អភិបាលខេត្ត​ទាំងបី ផងដែរ​»​។​

​លោកស្រី​បន្ដថា ការត្រៀម​លក្ខណៈ និង​ការឆ្លើយតប​ក្នុង​មូលដ្ឋាន​នេះ មាន​សារសំខាន់​ខ្លាំងណាស់ ដើម្បី​ទទួលបាន​ជោគជ័យ​។ លោកស្រី​បានឃើញ រួចមកហើយ​នូវ​វឌ្ឍនភាព​ដ៏​សម្បើម និង​តម្លៃ​នៃ​កិច្ចសហការ​ពហុ​វិស័យ ព្រោះ​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​វិនិយោគ ទៅលើ​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ប្រកបដោយ​ភាពជឿជាក់ រវាង​ដៃគូ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ឆ្លងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​កន្លងមក​ជាមួយ​តំណាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ កញ្ចប់​ជំនួយ​ថវិកា​១​លាន​ដុល្លារ​របស់​អង្គការសហប្រជាជាតិ​នាពេលនេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​ផ្អែកលើ​យន្តការ​រាជរដ្ឋាភិបាល​ដែលមាន​ស្រាប់​។ ជំនួយ​នេះ​នឹង​ផ្ដោតលើ​បណ្ដា​ក្រុង​ស្រុក​មួយចំនួន​នៃ​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ តាមរយៈ​ការពង្រឹង​សមត្ថភាព​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ការជួយ​ផ្ដល់ព័ត៌មាន​ដល់​ពលរដ្ឋ​ជា​ពលករ​ទេសន្តរប្រវេសន៍ ការពង្រឹង​ការព្យាបាល​ផ្នែក​ចិត្តសាស្ត្រ ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការផ្ដល់​កញ្ចប់​ជំនួយ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ជា​ពលករ​ទេសន្តរប្រវេសន៍​នៅតាម​មូលដ្ឋាន​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ផែនការ​សកម្មភាព​នេះ និង​បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ​ឱ្យបាន​ល្អ​។ សម្ដេច​ក៏បាន​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ជាន់ខ្ពស់​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​តំណាង​អង្គការ​សហ​ប្រជា​តិ និង​ត្រូវ​ប្រជុំ​ឱ្យបាន​ទៀងទាត់ ដើម្បី​តាមដាន​ការអនុវត្ត​គម្រោង​នេះ​។​

​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដោយបាន​បែងចែក​ក្រុមការងារ​ប្រតិបត្តិការ​ចំនួន​ពីរ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺឆ្លង​សាកល​នេះ គឺ​ទី​១ ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្គត់ផ្គង់ និង​ទី​២ ក្រុមការងារ​ប្រតិបត្តិ​ការអប់រំ​បណ្ដុះបណ្ដាល និង​អប់រំ​សាធារណៈ​៕​ដោយ​៖​កូ​ឡាប​

   

spot_img
×