Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​បញ្ហា​ប្រឈម​របស់ SMEs ត្រូវការ​ការសម្របសម្រួលជាប្រព័ន្ធ និង​ស្មារតី​ចូលរួមចំណែករស់​រវើក​ជា​លក្ខណៈ​អន្ដរក្រសួង​-​ស្ថាប័ន

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្នុង​ការជួយ​គាំទ្រ SMEs និង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់ SMEs ត្រូវការ​ការសម្របសម្រួល និង​ការដោះស្រាយ​ជា ប្រព័ន្ធ និង​ស្មារតី​ចូលរួមចំណែក រស់​រវើក​ជា​លក្ខណៈ​អន្ដរក្រសួង​-​ស្ថាប័ន ដើម្បីឱ្យ SMEs អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ចូលរួម​វិភាគទាន​ដល់​កំណើនសេដ្ឋកិច្ច​, បង្កើត​ការងារ និង​ចំណូល​ជាក់ស្តែង​ដល់ ប្រជាពលរដ្ឋ​, បំពេញតម្រូវការ​ក្នុង ស្រុក ក៏ដូចជា​លើកកម្ពស់​សក្ដានុពល​សេដ្ឋកិច្ច​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (​គ​.​ស​.​ស​.) បាន​ដឹកនាំ “​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម លើក​ទី ១” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក​នៃ​គណៈកម្មាធិការ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សំណើ​វិធានការ​ដើម្បី​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (Small and Medium Enterprises – SMEs) សម្រាប់​រយៈ ពេល​បន្ទាន់​, ខ្លី និង​មធ្យម​, នា​ព្រឹក​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​លទ្ធផល​ស្រាវជ្រាវ ដោយ​គូស​រំលេច បញ្ហា​ប្រឈម​ដែលមាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី ពិសេស ពាក់ព័ន្ធ​នឹង​៖ ១. បន្ទុក​អនុលោមភាព​, ការ​អនុវត្ដ​បទ​ប្ប​ញ្ញ​ត្ដិ​ដែល​នៅ​មិនទាន់​ស៊ីចង្វាក់​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាព​នៅមានកម្រិត​ក្នុង​ការផ្ដល់សេវា​គាំទ្រ​ធុរកិច្ច​, ២. សមត្ថភាព SMEs ក្នុងការ​គ្រប់គ្រង​បច្ចេកទេស ផលិតកម្ម​, ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅមានកម្រិត​ទាប និង ៣. ការទទួលបាន​ហិរញ្ញវត្ថុ​នៅមាន​គម្លាត​ធំ ។​

​អង្គ​ប្រជុំបាន​ពិភាក្សា និង​ឯកភាព​ជាគោលការណ៍​លើ​វិធានការ​លើកស្ទួយ SMEs ដោយ​គួររៀបចំ​ជា​ពីរ​ដំណាក់កាល​៖ ទី​១. វិធានការ​រយៈពេល​ប​ន្ទា​ន់​ផ្ដោតលើ​៖ ក​. ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​, ។ ខ​. ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច​, សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់​, ការចុះបញ្ជី​, គណនេយ្យ​, ទីផ្សារ និង​បច្ចេកទេស និង គ​.​ជំរុញ​ការគាំទ្រ ការផ្ដល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​។ ទី​២. វិធានការ​រយៈពេល​ខ្លី និង​មធ្យម ផ្តោតលើ​៖ ការគាំទ្រ​ជា​ប្រព័ន្ធ​អេកូឡូស៊ី រួមមាន ការបន្ដ​កំណែទម្រង់​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ការ​អនុវត្ដ​, ការលើកកម្ពស់ សេវា​គាំទ្រ​ធុរកិច្ច​, ការគាំទ្រ​ហិរញ្ញវត្ថុ​, ការលើកកម្ពស់​ទីផ្សារ សម្រាប់ SMEs, ជំរុញ និង​លើកកម្ពស់​ធនធានមនុស្ស និង R&D, និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព ។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​គូសបញ្ជាក់​ជារួម​ថា ក្នុង​ការជួយ​គាំទ្រ SMEs និង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់ SMEs ត្រូវការ​ការសម្របសម្រួល និង​ការដោះស្រាយ​ជា ប្រព័ន្ធ និង​ស្មារតី​ចូលរួមចំណែក រស់​រវើក​ជា​លក្ខណៈ​អន្ដរក្រសួង​-​ស្ថាប័ន ដើម្បីឱ្យ SMEs អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ចូលរួម​វិភាគទាន​ដល់​កំណើនសេដ្ឋកិច្ច​, បង្កើត​ការងារ និង​ចំណូល​ជាក់ស្តែង​ដល់ ប្រជាពលរដ្ឋ​, បំពេញតម្រូវការ​ក្នុង ស្រុក ក៏ដូចជា​លើកកម្ពស់​សក្ដានុពល​សេដ្ឋកិច្ច​។​
​ដើម្បី​ធានាបាន​ប្រសិទ្ធភាព​អនុវត្តន៍​, ជា​កិច្ច​ការបន្ត ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​ជាក់លាក់ តាមរយៈ ការកំណត់​នូវ​និយមន័យ​, វិសាលភាព (Scope) ក៏ដូចជា ផលរបរ​នៃ SMEs, លទ្ធភាព ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​, រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ​ដែល​ប្រទាក់ក្រឡា ក៏ដូចជា រៀបចំ​នូវ​សូចនាករ​វាស់វែង និង​ការ តាមដាន​ការអនុវត្តន៍​ជា​អន្តរ​វិស័យ និង​ស្ថាប័ន ។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម លោក ជំទាវ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ ដល់​ក្រុម ការងារ ដែល​បាន​ខិតខំ​បំពេញការងារ ផ្ដល់ ធាតុ​ចូល​បន្ថែម និង​មាន​ឆន្ទៈ​មុតមាំ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​លើកស្ទួយ SMEs នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×