Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ប្រកាស​គាំទ្រ​ប្រទេស​ទាំងអស់ ដែល​ត្រូវ​ចិន​រំលោភ​អធិបតេយ្យភាព នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​សហរដ្ឋ​អា​មេ​រិច​នឹងធ្វើ​ការគាំទ្រ​ដល់​ប្រទេស​ទាំងអស់​ដែល​ពួកគេ​ជឿជាក់ថា ចិន​រំលោភ​អធិបតេយ្យភាព​របស់​ពួកគេ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​។​

​លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ពួកយើង​នឹង​ប្រើប្រាស​អ្វី​ទាំងអស់​ដែល​ពួកយើង​មាន និង​គាំទ្រ​ដល់​ប្រទេស​ទូទាំង​ពិភពលោក ដែល​បានដឹងថា ចិន​រំលោភ​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​ពួកគេ ឬ​រំលោភ​ដែនទឹក​ផងដែរ​”​។​

​លោក​បន្តទៀតថា “​ពួកយើង​នឹង​ផ្តល់ជំនួយ​ដល់​ប្រទេស​ទាំងនោះ តាមតែ​ពួកយើង​អាចធ្វើ​បាន​មិន​ថា​ក្នុង​ស្ថាប័ន​ពហុភាគី មិន​ថា​ក្នុង​អាស៊ាន (ASEAN) មិន​ថា​តាមរយៈ​ការឆ្លើយតប​ផ្លូវច្បាប់​ក៏ដោយ ពួកយើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ពួកយើង​អាច​”​។ លោក​ចង់​សំដៅ​ទៅដល់​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ដដែល​បញ្ជាក់ថា អា​មេ​រិច​នឹង​ចាត់ទុក​ការស្វែងរក​ធនធានធម្មជាតិ​របស់​ចិន នៅក្នុង​ដែនទឹក​មាន​ជម្លោះ​ថា​ជា​រឿង​ខុសច្បាប់​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​អា​មេ​រិច​ប្រចាំ​តំបន់​អាស៊ី​ខាងកើត បាន​ព្រមាន​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ នឹង​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា ជាការ​បង្ខិតបង្ខំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ថ្ងៃ​ពុធ ចិន​ឆ្លើយតប​វិញ​ថា ខ្លួន​មិន​ខ្លាច​រាល់​ទណ្ឌកម្ម​របស់​អា​មេ​រិច​ឡើយ ជុំវិញ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ទីក្រុង​ប៉េកាំង​ក៏បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​បង្កបញ្ហា និង​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​នៅក្នុង​តំបន់​។​

​សូមបញ្ជាក់ថា មហា​យក្ស​ចិន ទាមទារ​គ្រប់គ្រង​ដែនទឹក ៩០​ភាគរយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ប្រ៊ុយណេ ម៉ាឡេស៊ី ភី​លី​ពី​ន តៃវ៉ាន់ និង​វៀតណាម​ក៏​ទាមទារ​គ្រប់គ្រង​ចំណែក​ខ្លះ​នៅក្នុង​ដែនទឹក​ដែល​សម្បូរ​ទៅ​ធន់​ធាន​ធម្មជាតិ​នោះដែរ​។​

​ប៉េកាំង​ក៏បាន​ធ្វើ​ការកសាង​មូលដ្ឋានគ្រឹះ​ជាច្រើន​ក្នុង​តំបន់ ប៉ុន្តែ​ចិន​ថា ចេតនា​របស់ខ្លួន​គឺ​សន្តិភាព​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA


spot_img
×