Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​

spot_img

​ភ្នំពេញ​៖ ចំនួន​រថយន្ត​និង​ម៉ូតូ នៅក្នុង​ប្រទេស​កម្ពុជា កំពុង​កើនឡើង​យ៉ាង​លឿន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទោះជា​យ៉ាងណា ប្រព័ន្ធគ្រប់គ្រង​ការចុះបញ្ជី​រថយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ ដែល​ជា​ហេតុ បង្ក​ឱ្យមាន​បញ្ហា​ទាក់ទង នឹង​សុវត្ថិភាព​ចរាចរណ៍​និង​បរិស្ថាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្តីពី គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​របស់ អង្គការ JICA ដែល​មានឈ្មោះ​ថា “​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​” បាន​ធ្វើ​កិច្ចប្រជុំ​គណៈកម្មការ​​សម្របសម្រួល​រួម​លើក​ទី​៣ (3rd JCC) នៅ សណ្ឋាគារ​ភ្នំពេញ ក្រោម​អ​ធីបតីដ៏​ខ្ពង់ខ្ពស់​របស់ លោក​តូច ចាន់ កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង លោក តា​ណា​កា កូតា​រ៉ូ អនុប្រធាន​តំណាង​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​សម​ភាគី​ដែល​ជា​សមាជិក​របស់​គម្រោង និង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​អន្តរក្រសួង​មកពី អគ្គនាយកដ្ឋាន​ពន្ធដា និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គស្នងការ​នគ​បាល​ជាតិ និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ និង​ក្រុម​អ្នកជំនាញការ​គម្រោង JICA ដឹកនាំ​ដោយ លោក អូ​តា ម៉ាសា​យ៉ា ប្រធាន​ទីប្រឹក្សា​គម្រោង ដែល​អ្នក​ចូលរួម​ប្រជុំ​សរុប​ទាំងអស់​ប្រមាណ ៥០​នាក់​។​

​ដោយ​ផ្អែក​លើ​ស្ថានភាព​នេះ គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ ដែល​បាន​ចាប់ផ្តើម​តាំងពី ខែកក្កដា ឆ្នាំ​២០១៦ ដោយ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​កម្ពុជា​។ ទាំងនេះ​ត្រូវបាន​រំពឹងទុក​ថា​គម្រោង​នេះ​បាន​រួមចំណែក​ដល់​ការ​សម្រាល​បន្ទុក​ជូន​ប្រជាជន ចំពោះ​ការ​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត តាម​ចំណុច​ដែល​មាន​ដូចខាងក្រោម ដើម្បី​ធានាបាន​នូវ​តម្លៃ​រថយន្ត​ជា​អចលនទ្រព្យ និង​រក្សាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍​៖ ដើម្បី​ផ្តល់​នូវ​នីតិវិធី​គ្រប់គ្រង​យានយន្ត​អោយបាន​ច្បាស់លាស់ ដើម្បី​ប្រមូល​នូវ​ពត៌មាន​យានយន្ត និង​ចែករំលែក​ព័ត៌មាន​នោះ​ជាមួយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ​​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការត្រួ​ត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។

​សកម្មភាព​នា​ពេល​ខាង​មុខ​របស់​គម្រោង ដែល​ទទួលបាន​ការអនុញ្ញាត​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​បី កាលពី​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លងទៅ មាន​ដូចខាងក្រោម​៖ ការចុះបញ្ជី​យានយន្ត ធ្វើឱ្យ​មាន​ភាពត្រឹមត្រូវ​លើ​ព័ត៌មាន​ចុះបញ្ជី​យានយន្ត គឺ​យុទ្ធនាការ​កែតម្រូវ​ព័ត៌មាន​យានយន្ត​ដែល​បាន​ចុះបញ្ជី​រួច ប្រព័ន្ធ​លុប​ពត៌មាន​យានយន្ត​ចេញពី​បញ្ជី និង ណែនាំ​ពី​ប្រកាស គោលការណ៍​ណែនាំ និង​តារាង​ត្រួតពិនិត្យ ។​ល​។​

​ជៀសវាង​ការលក់​រថយន្ត​បន្ត​មុន​ពេល​បញ្ចប់​កិច្ចសន្យា​បង់​ប្រាក់​កម្ចី​ទិញ​យានយន្ត គឺ​បញ្ចូល​បន្ថែម​នូវ​ព័ត៌មាន​កម្ចី និង​ឈ្មោះ​អ្នកប្រើប្រាស់​ចូលក្នុង​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​។ ការចែករំលែក​ពត៌មាន​ចុះបញ្ជី​យានយន្ត​គឺ ចាប់ផ្តើម​ធ្វើការ​ចែករំលែក​ព័ត៌មាន​ជា​មួយ​ក្រសួង​ដែល​ពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គស្នងការ​នគរបាល​ជាតិ និង អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ​។​

​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ពោល​គឺ​កំណត់​ស្ដង់ដារ​បច្ចេកទេស​ទៅ​លើ​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​ស្តង់ដារ​សម្រាប់​អ្នកត្រួតពិនិត្យ​បច្ចេកទេស ណែនាំ​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ណែនាំ​អំពី​ប្រកាស គោលការណ៍​ណែនាំ និង តារាង​ត្រួតពិនិត្យ ។​ល​។ ណែនាំ​អំពី​តារាង​ត្រួតពិនិត្យ សម្រាប់​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដែល​មាន​អទិភាព​។ ប្រព័ន្ធ​ពត៌មាន​វិទ្យា IT System កំណត់​នូវ​ចំណុច​ប្រទាក់ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ធ្វើ​ការចែករំលែក​ព័ត៌មាន អនុវត្ត​ការវិភាគ​វិនិច្ឆ័យ​លើ​ប្រព័ន្ធ​សុវត្ថិភាព (Security Diagnosis) ណែនាំ​អំពី​ច្បាប់​ប្រតិបត្តិការ​សម្រាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ណែនាំ​អំពី​តម្រូវការ​សម្រាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ជូន​នូវ​ឧបករណ៍​ព័ត៌មានវិទ្យា IT ដោយ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​​សំណើរ ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី (Data Center) អភិវឌ្ឍន៍​ការ​ដាក់​ពាក្យ​ស្នើសុំ និង​កសាង​សមត្ថភាព​សម្រាប់​បុគ្គលិក​ព័ត៌មានវិទ្យា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×