Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា៖ បងប្អូនអតីតយុទ្ធកម្ពុជា ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហាន ឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ

spot_img

កណ្តាល ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បងប្អូនអតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហាន ឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ បើទោះបីបច្ចុប្បន្ននេះ បងប្អូនបានក្លាយជាអតីតយុទ្ធជន ក៏ត្រូវបន្តរក្សាស្មារតីវីរភាព ជាប្រពៃណីថ្លៃថ្លានេះ ឱ្យបានខ្ជាប់ខ្ជូន ដើម្បីធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ ដែលត្រូវបន្តវេននៅក្នុងសង្គមជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាកម្ពុជា នឹងខិតខំធ្វើយ៉ាងណាលើកកម្ពស់ជីវភាព និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឲ្យស្របទៅតាមគុណបំណាច់របស់ពួកគាត់ ដែលបានខិតខំបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមកនោះ។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅស្នាក់ការកណ្តាលអតីតយុទ្ធជនកម្ពុជា ស្ថិតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលមិនអាចបំភ្លេចនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនបាននោះទេ ហើយរាជរដ្ឋាភិបាលក៏នឹងខិតខំស្វែងរកពួកគាត់ឲ្យមកទទួលនូវអត្ថប្រយោជន៍ផ្សេងៗ ដែលជាគម្រោងរបស់រដ្ឋ និងរាជរដ្ឋាភិបាល ឲ្យបានគ្រប់ៗគ្នាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា អរគុណសន្តិភាព ហើយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះក៏ដោយសារតែមានការរួមចំណែកយ៉ាងធំធេង របស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានលះបង់ និងពលីគ្រប់យ៉ាងក៏ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូលផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់បំផុតដល់បងប្អូនអតីតយុទ្ធជន ដោយក្នុងនោះបានចែកដី ផ្ទះ និងផ្តល់នូវមធ្យោបាយផ្សេងៗទៀតជូនដល់ពួកគាត់ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគាត់សមប្រកបជាមួយនឹងប្រទេសជាតិដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដើម្បីឱ្យស័ក្តិសមជាអតីតយុទ្ធជនអង់អាចក្លាហានសម្រាប់ជាតិ ទាមទារឱ្យអតីតយុទ្ធត្រូវបន្ត ចូលរួមអនុវត្តចលនាប្រឡងប្រណាំងពូកែបី របស់អតីតយុទ្ធជនរួមមានទី១៖ ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២៖ ការជួយគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣៖ ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែនៅគ្រប់ថ្នាក់ ធ្វើឱ្យក្លាយជាអតីតយុទ្ធជនដែលមានស្នាដៃលេចធ្លោ ទទួលបានការលើកសរសើរ និងផ្សព្វផ្សាយជូនរង្វាន់ជាគំរូ តាមគោលការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគិតគូរសាងសង់ផ្ទះចំនួន ២៤៦០ខ្នង។ បើប្រៀបធៀបការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនទូទាំងប្រទេស ទៅនឹងស្ថិតិនៃការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ក្នុងឆ្នាំ២០១៦ ដែលបានរកឃើញអតីតយុទ្ធជនសរុបចំនួន ៦១១៤គ្រួសារ (មានដីគ្មានផ្ទះ ឬមានផ្ទះស្នាក់នៅមិនសមរម្យ គ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ) គឺនៅសល់ចំនួន ៣៦៥៤គ្រួសារទៀត ដែលត្រូវបន្តសាងសង់ និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនបន្តទៀត។ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពសមាជិក ស.អ.ក តាមបណ្តារាជធានី-ខេត្ត សរុបចំនួន៩៧៩៣សព ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន បានផ្តល់បំពេញបន្ថែម សម្រាប់ផ្តល់ជូនគ្រួសារសមាជិកចំនួន ៣១២៧សព និងបំពេញថវិកាបន្ថែម ៣៥០០រៀល ជូនសមាជិកជាគ្រួសារជនពលី មរណៈរយៈ២៥ខែ (គិតត្រឹមការផ្ទេរថវិកាប្រចាំខែកក្កដា ឆ្នាំ២០២០) សរុបថវិកា ២ពាន់លានរៀល។
គិតត្រឹមខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិក ៧៦៩២៣នាក់ ដែលមាននៅក្នុងបន្ទុកប្រមាណ ១០៨៨៧១នាក់ កំពុងទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋជារៀងរាល់ខែ ក្នុងនោះ៖ មាននិវត្តជន ចំនួន ២៦៨៩២នាក់ ជនបាត់បង់សមត្ថភាពការងារ ចំនួន ១៤៤៤នាក់ និងជនពិការ ចំនួន ២៦៤៤៩នាក់៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×