Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល ចំណាយ​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​ហើយ ក្នុងការ​អនុវត្ត​កម្មវិធី​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​និតិ​សម្បទា បាន​មាន​ប្រសា​ស​ន៏​ថា ការអនុវត្ត​កម្មវិធី​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ប័ណ្ណ​សមធម៌​សម្រេចបាន ៩៣% មានគ្រួសារ​ទទួលផល​ជាង​៥២​ម៉ឺន​គ្រួសារ លើ​ទិន្នន័យ​សរុប​ជាង​៦៥​ម៉ឺន​គ្រួសារ មាន​សមាជិក​ជិត ២​លាន ៣​សែន​នាក់ និង​ចំណាយ​ថវិកា​ប្រមាណ​ជាង​២៥​លាន​ដុល្លារ ដែល​អត្រា​នៃ​ការអនុវត្ត​នេះ បង្ហាញអោយឃើញ​យ៉ាងច្បាស់​ថា ជាការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម​គាំទ្រ គ្រប់ភាគី​ពាក់ព័ន្ធ និង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ជំរុញ​ទាំង​ការកំណត់​អត្តសញ្ញាណ​ជនក្រីក្រ ទាំង​ការបើកប្រាក់​ដល់​អ្នកទទួល​ផល ការផ្សព្វផ្សាយ​កម្មវិធី និង​ការចុះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតឡើង​អំឡុង​ជុំ​ទី​១​នៃ​ការផ្តល់​សាច់ប្រាក់​នេះ​។​

​ឯកឧត្តម វង សូត លើកឡើង​ដូចនេះ ក្នុង​សិក្ខាសាលា​ស្តីពី និតិ​វិធី និង​ដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​កូ​វីត​១៩ ជូន​អភិបាលក្រុង ស្រុក ខណ្ឌ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច​។

​ឯកឧត្តម វង សូត បាន​បន្តថា កម្មវិធី​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ប័ណ្ណ​សមធម៌ គឺ​កម្មវិធី​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល ក្នុងដំណាក់កាល​នៃ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្រាប់​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌ កម្រិត​ក្រីក្រ ប្រភេទ​១ និង ប្រភេទ​២ ហើយ​ការអនុវត្ត​មាន​លក្ខណៈ​ជា​អន្តរ​វិស័យ ពិសេស​ការផ្តល់​តួនាទី​ដល់​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្នុងការ​ផ្ទៀងផ្ទាត់ និង​ធានា​នូវ​និរន្តរភាព​នៃ​ការផ្តល់សេវា​ប្រចាំថ្ងៃ ដោយ​ប្រើប្រាស់​យន្តការ ដែលមាន​ស្រាប់ រួមជាមួយ​ការអនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​មាន​អាយុ​ក្រោម​២​ឆ្នាំ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការចំណាយ ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ឯកឧត្តម បាន​បន្តទៀតថា សិក្ខាសាលា​នៅពេលនេះ ពិតជា​សារសំខាន់​ក្នុងការ​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ក្នុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល សម្រួល​ដល់​ការលំបាក​របស់​ជនក្រីក្រ ជាពិសេស​ស្មារតី​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​មិន​ទុក​ឲ្យ​ប្រជា​ជនណាម្នាក់​ត្រូវ​បោះបង់ចោល​ដោយ​មិន​បានដឹង​នោះទេ ហើយ​ពេលនេះ​ក៏​ជាការ​ពង្រឹងសមត្ថភាព​បន្ថែម​របស់ អភិបាល គ្រប់​ស្រុក ខណ្ឌ ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ការអនុវត្ត​តួនាទី​ជន​បង្គោល​នៅតាម​ឃុំ សង្កាត់ សំដៅ​ធានា​ការផ្តល់​អត្ថប្រយោជន៍ និង​ដោះស្រាយ​បណ្តឹង​នានា​របស់​អ្នកទទួលផល នៅ​ថ្នាក់ក្រោម​ជាតិ ។ ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​នេះ នៅ​ជុំ​ទី​២​និង​ជុំ​បន្តបន្ទាប់​ទៀត តប​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ៕
​ដោយ​៖CEN

spot_img
×