Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំ​រុញឱ្យ​ក្រុមហ៊ុន​Sichuan Road & Bridge សាងសង់​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១ ឱ្យមាន​គុណភាព​រឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ទទួលយក​អនុសាសន៍​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បី​សាងសង់​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១ ឱ្យមាន​គុណភាព​រឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ជាពិសេស​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បន្ថែម​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ធានា​ឱ្យ​ការសាងសង់​បញ្ចប់ ទៅតាម​កាលបរិច្ឆេទ​គ្រោងទុក ប្រកបដោយ​គុណភាព​រឹងមាំ​។​

​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Wang Xinhua តំណាង​ក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​សម្រេចបាន ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១ ដើម្បី​ធានា​ឱ្យ​សំណង់​មានគុណ​ភាពរឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់ បានយូរ​អង្វែង ក៏ដូចជា​ធានា​ឱ្យ​គម្រោង​បញ្ចប់​ទៅដោយ​រលូន​ស្របតាម​កិច្ចព្រមព្រៀង ឬ​សៀវភៅ​បន្ទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​ការពង្រឹង និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ​ឱ្យបាន​រឹងមាំ និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក​ឱ្យបាន​ជិតស្និទ្ធ ធ្វើយ៉ាងណា​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ឱ្យបាន​ខ្ជាប់ខ្ជួន​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បន្ថែម​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ធានា​ឱ្យ​ការសាងសង់​បញ្ចប់​ទៅតាម​កាលបរិច្ឆេទ​គ្រោងទុក ប្រកបដោយ​គុណភាព​រឹងមាំ​។​

​ជាការ​ឆ្លើយតប លោក Wang Xinhua បាន​ប្តេជ្ញា​អនុវត្ត និង​ទទួលយក​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីឱ្យ​គម្រោង​សាងសង់​ផ្លូវ​ទាំងនេះ​មានគុណ​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។
​លោក Wang Xinhua បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បីឱ្យ​គម្រោង​ទាំងនេះ​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕

ដោយ៖កូឡាប


spot_img
×