Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌី​ន ៖ ក្រុមគ្រូពេទ្យ កំពុងសិក្សា​និង​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់ លើ​ពលរដ្ឋ​ក្តៅខ្លួន​ឡើង​កំដៅ ចេញ​ស្នាម​កន្ទួល​រមាស់ ឈឺសន្លាក់​ដៃជើង ឈឺ​ក

spot_img

​បន្ទាយមានជ័យ ៖ ពាក់ព័ន្ធ​នឹង​ករណី​មាន​ពលរដ្ឋ​ក្នុងភូមិ​ចំនួន​២​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​បញ្ហា​សុខភាព​ដូចជា ក្តៅខ្លួន​ឡើង​កំដៅ​លើសពី​៣៨​អង្សា ចេញ​ស្នាម​កន្ទួល​រមាស់ ឈឺសន្លាក់​ដៃជើង ឈឺ ក ជាដើម ត្រូវបាន​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​អ្នកសារព័ត៌មាន តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា “​ក្រុមការងារ​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កំពុងតែធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ សិក្សា​និង​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់ នូវ​ហេតុការណ៍​នៃ​ការកើតឡើង​បញ្ហា​សុខភាព​របស់​បងប្អូន​យើង​នៅ​ទីនោះ​”​។

​លោកជំទាវ បាន​បន្ថែមថា “​ចាំ​ច្បាស់លាស់ ហើយ​ទុកពេល​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​សិន ហើយ​បើ​មាន​ព័ត៌មាន​យ៉ាងម៉េច​ទៀត ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ពិស្តា​បន្ថែមទៀត​”​។

​សូមបញ្ជាក់ថា លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​ថា ៖ ករណី​ពលរដ្ឋ​អ្នកមាន​បញ្ហា​សុខភាព​នៅ​ភូមិ​ក្បាលកោះ និង​ភូមិ​ប៉ោយប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ដែល​ផ្ទុះ​ជំងឺ​មួយ កាលពី​ថ្ងៃទី​១៩​ខែកក្កដា គឺ​ក្រុមការងារ​គ្រូពេទ្យ​ចុះ​ពិនិត្យ​សុខភាព​ដល់ទី​តាំង និង​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត នៅត្រឹម​ថ្ងៃទី​២០​ខែកក្កដា មាន​ចំនួន​សរុប​៦០​នាក់ ស្រី​៣៣​នាក់ និង​ក្មេង​ផងដែរ ហើយ​បាន​បញ្ជូនមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ចំនួន​៧​នាក់ (​មនុស្ស​ធំ ម្នាក់ និង​ក្មេង​៦​នាក់​)​។​

​លោក​បាន​បន្តថា ៖ ” យើង​មិនទាន់​កំណត់​បាន​ថា ជា​ជំងឺ​អ្វី​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ គឺ​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​ឈាម​សិន គឺ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ និង​កម្មវិធី​ជាតិ នឹង​បន្ត​ចុះ​តាមដាន និង​បូម​ឈាម​យក ពី​កុមារ​ម្នាក់ និង​មនុស្ស​ចាស់​ម្នាក់​ដែលមាន​បញ្ហា​ទាំង​៦​នាក់ យកទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ជាតិ ក្រសួងសុខាភិបាល​រាជធានី​ភ្នំពេញ ” ។​

​យោងតាម​ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ ប្រធាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព បាន​ចុះ​ត្រួតពិនិត្យ​ដល់​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ផ្ទាល់ ដែលមាន​បញ្ហា​សុខភាព​ថា នៅក្នុង​ភូមិ​ក្បាលកោះ និង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៩ ខែកក្កដា ពលរដ្ឋ​ក្នុងភូមិ​មាន​បញ្ហា​សុខភាព​ដូចជា ក្តៅខ្លួន​ឡើង​កំដៅ​លើសពី​៣៨​អង្សា ចេញ​ស្នាម​កន្ទួល​រមាស់ ឈឺសន្លាក់​ដៃជើង ឈឺ ក ជាដើម ។​

​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត រួម​ដំណើរ​ដោយ​លោក​ង៉ោ ម៉េង​ជ្រូ​ន លោក អភិបាលក្រុង ចៅសង្កាត់ និង លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ព្រមទាំង​សមាសភាព​សុខាភិបាល និង​គ្រូពេទ្យ​ដូចខាងលើ បាន​ចុះទៅពិនិត្យ​ស្ថានភាព នៃ​ការផ្ទុះ​ជំងឺ​ម្យ៉ាង​នោះ ។​

​ជាការ​កត់សម្គាល់ បរិស្ថាន​នៃ​ការរស់នៅ​ជុំវិញ មិនមាន​អនាម័យ​ល្អ នៃ​តំបន់​ពលរដ្ឋ​រស់នៅ​សំណង់​មិន​រៀបរយ (​ចំណុច​អូរ​ព្រំដែន និង​ក្បែរ​ស្ថានីយ​រថភ្លើង​) កង្វះ​អនាម័យ​រស់នៅ និង​ហូបចុក​។​

​ជា​អនុសាសន៍​ណែនាំ របស់លោក​អ៊ុំ រាត្រី អភិបាលខេត្ត​ថា ៖ មន្ត្រី​និង​ក្រុមការងារ បន្ត​ចុះ​អប់រំ​សុខភាព​អំពី​ការរស់នៅ​ស្អាត អនាម័យ​ខ្លួនប្រាណ ការហូបចុក ធ្វើ​អនាម័យ​ជុំវិញ​ផ្ទះសម្បែង ត្រូវ​គេង​ក្នុង​មុង​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ ព្យាបាល​ជាមួយ​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​។​

​ចំពោះ​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​បន្ត​ការតាមដាន និង​ស្រាវជ្រាវ កំណត់​ប្រភេទ​ជំងឺ​ឲ្យ​បាន​ឆាប់រ​ហ័យ ។​
​ចុះ​ផ្តល់​សារ​អប់រំ​សុខភាព និង ដាក់​អា​បែ​ត​សម្លាប់​ដង្កូវទឹក ជា​ជម្រក​មូស​ខ្លា និង​ត្រូវ​សហការគ្នា​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ហើយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ដើម្បី​ថ​រក្សា​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ៕
​ដោយ ៖ កូ​ឡាប​

spot_img
×