Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់​ក្រុមហ៊ុនអេ​ម៉ារី​អូ ខេត្ត​ព្រះសីហនុ បន្ត​លើក​បដា​សំណូមពរ សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​បើ​កលុយ ដែល​ថៅកែ​មិន​បើក​ជូន ៣​ខែ​

spot_img

ខេត្ត​ព្រះសីហនុ ៖ ក្រុម​កម្មករ​សំណង់ របស់​ក្រុមហ៊ុនអេ​ម៉ារី​អូ (EMARIO) មាន​ទីតាំង​នៅ​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨ បាន​បន្ត​លើក​បដា​តវ៉ា និង​យក​គ្រឿងចក្រ បិទ​ផ្លូវ​ចេញ​ចូល​ក្នុង​បរិវេណ​ក្រុមហ៊ុន ដើម្បី​ទាមទា​អោយ​ថៅកែ​ក្រុមហ៊ុន​នេះ បើក​លុយ​ជា​កម្លាំង​ញើស​ឈាម របស់​ពួកគេ ដែល​ថៅកែ មិន​បាន​បើក​ជូន​អស់​រយៈពេល ៣​ខែ​កន្លង​មក​ហើយ​។​

​ការដ្ឋាន​សំណង់ សណ្ឋាគារ និង​ភោជនីយ៍ដ្ឋាន អេ​ម៉ារី​អូ មាន​ទីតាំង​នៅមុខ​ព្រះរាជដំណាក់ ស្ថិតនៅ​ក្រុម ៣០ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ -​ខេត្ត​ព្រះសីហនុ​។

​ក្រុមហ៊ុន​នេះ មាន​កម្មករ​សំណង់​ចំនួន ៤៥៧​នាក់ បំរើ​ការងារ នៅក្នុង​ការដ្ឋាន​នេះ ហើយ​ត្រូវ​ថៅកែ​មិន​បើក​ប្រាក់ខែ​ជូន​ចំនួន ៣​ខែ​កន្លងមក​។​

​ក្រុម​កម្មករ​ទាំងនោះ បាន​បន្ត​ប្រមូលផ្តុំ​គ្នា ទាមទារ​បើក​ប្រាក់ខែ បាន​ចូល​ដល់​ថ្ងៃទី​2 ហើយ ដោយ​បាន​លើក​បដា​តវ៉ា​ផ្សេងៗ និង​មាន​រូបថត របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង រូបថត សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​លី ផងដែរ​។​

​រហូតមក​ដល់​ពេក​នេះ ក្រុមកម្មករ បាន​បើក​គ្រឿងចក្រ​យកមក​ដាក់​បាំង​មាត់​ផ្លូវ​ក្លោងទ្វារ ចូល​សណ្ឋាគារ និង រមណីយដ្ឋាន អេ​ម៉ារី​អូ ដោយ​មាន​បិត​បដា​ផ្សេងៗ​។

​សមត្ថកិច្ច ដែល​ឃ្លាំមើល​ការប្រមូលផ្តុំ របស់​ក្រុម​កម្មករសំណង់​ទាំង​នៅះ បានអោយដឹងថា ការតវ៉ា​នេះ ដោយសារ​ខាង​ម្ចាស់​ការដ្ឋាន​សំណង់​សណ្ឋាគារ និង​រមណីយដ្ឋាន​ខាង​លើ មិន​បាន​បើក​ប្រាក់ខែ​អោយ​កម្មករ​សំណង់​ទាំង​នោះ​ចំនួន 3​ខែ​កន្លង​មក​ហើយ គឺ​ចាប់ពី ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ខែមករា ឆ្នាំ​២០១៨​។​

​ក្រុមកម្មករ បាន​សំណូមពរ​ដល់​សម្តេច ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយ​អន្តរាគមន៍ លោកស្រី ជូ តារា​រ៉េត ហៅ ធា​វី ជនជាតិខ្មែរ ដែល​ជា​ថៅកែ​ក្រុមហ៊ុនអេ​ម៉ារី​អូ អោយ​មក​បើក​ប្រាក់ខែ​ជូន​ពួកគេ​អោយបាន​ឆាប់ ព្រោះ ពេលនេះ ពួកគាត់​ដាច់បាយ​ហើយ​។​

​អ្នកមើលការខុសត្រូវ ការដ្ឋាន​សំណង់ របស់​ក្រុមហ៊ុនអេ​ម៉ារី​អូ បានឲ្យ​ដឹង​ដែរថា ការ​ដែល​ក្រុមហ៊ុន​នេះ មិន​បើក​លុយ​អោយ​កម្មករ​អស់​រយៈពេល ៣​ខែ កន្លងមកនេះ ដោយសារ​ប្តី​ប្រពន្ធ​ម្ចាស់​ក្រុមហ៊ុន​នេះ​មានរឿង​ផ្ទៃក្នុង​គ្រួសារ​ឈ្លោះទាស់ទែង​គ្នា ឬ កំពុង​មាន​រឿង​ក្តី​នៅ​តុលាការ​។​

​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​នេះ បាន​ចុះ​សម្របសម្រួល ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ និង ស្នើសុំ​អោយ​កម្មករ​សំណង់​មាន​ការយោគយល់ ហើយ​ស្នើសុំ​អោយ​កម្មករ​នាំ​យក​គ្រឿងចក្រ​ចេញពី​ផ្លូវ​។​

​កម្មករ បានឲ្យដឹងថា បើ​ថៅកែ មិន​ព្រម​បើក​លុយ​អោយ​ពួកគេ​ទេ ពួកគាត់​នឹង​មិន​បញ្ឈប់​ការតវ៉ា​ទេ​។​

​ទាក់ទិន​វិវាទ​នេះ ក្រុមការងារ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក អ៊ី ធា​រិន អនុប្រធាន​អន្តរ​វិស័យ​សាលាខេត្ត តំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​មក​សម្របសម្រួល​ជាមួយ​ក្រុម​កម្មករ នៅក្នុង​ការដ្ឋាន​សំណង់ សណ្ឋាគារ និង រមណីយដ្ឋាន អេ​ម៉ារី​អូ ស្ថិតនៅ​ក្រុម​៣០ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ -​ខេត្ត​ព្រះសីហនុ ។​

​ជា​លទ្ធផល ក្រុមការងារ​សាលាខេត្ត បាន​ណែនាំ​ឲ្យ​តំណាង​កម្មករ​ធ្វើ​បញ្ជី​ឈ្មោះ​កម្មករ​ដែល​មិនទាន់​បាន​ទទួល​ប្រាក់ខែ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​បញ្ជី​ឈ្មោះ​កម្មករ​ទាំង ៤៥៧ នាក់ ដែល​ក្រុមហ៊ុន​ផ្ញើ​ពី​ភ្នំពេញ មក​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​។​

​ក្រោយពី​មាន​ការសម្របសម្រួល កម្មករ​បាន​ឯកភាព ដក​គ្រឿងចក្រ​ចេញពី​ច្រក​ផ្លូវ​ចូល​ជា​បណ្តោះអាសន្ន និង​រំសាយ ទៅ​តាម​បន្ទប់​ស្នាក់​នៅ​រៀងៗ​ខ្លួន នៅវេលា​ម៉ោង ១១ និង​២០​នាទី ថ្ងៃទី​៣១ ខែ​មករា ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត ដោះស្រាយ​ជូន ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​៕ ដែន សីមា​

spot_img
×